ពន្ធនាគារ​ដ៏​ចាស់​ទ្រុឌទ្រោម​នៅក្នុង​ប្រទេស​ហ្វីលីពីន​ផ្ទុក​អ្នកទោស​យ៉ាង​ណែនណាន់​តាន់តាប់

អ្នកយាមគុកឃ្លាំមើលក្នុងពេលមានការនាំខ្លួន Andal Ampatuan Sr. មកតុលាការ។

អ្នកទោស​ឈ្មោះ Mario Dimaculangan ប្រើ​បន្ទប់ទឹក​មួយ​រួមគ្នា​ជាមួយ​អ្នកទោស ១៣០ នាក់​ផ្សេង​ទៀត នៅ​ក្នុង​ពន្ធនាគារ​ដ៏​ណែនណាន់​តាន់តាប់​មួយ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន។ ស្ថានការណ៍​នេះ​នឹង​កាន់តែ​លំបាក​ខ្លាំង​ថែម​ទៀត ដោយ​ហេតុ​ថា​ប៉ូលិស​បើក​យុទ្ធនាការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ផ្សេងៗ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

កងកម្លាំង​សន្តិសុខ​បាន​សម្លាប់​ឧក្រិដ្ឋជន​ជាច្រើន​រយ​នាក់ និង​បាន​ឃុំ​ខ្លួន​ឧក្រិដ្ឋជន​រាប់ពាន់​នាក់​ផ្សេង​ទៀត នៅ​ក្នុង​អំឡុង​ពេល​តែ​មួយ​ខែ​ប៉ុណ្ណោះ បន្ទាប់ពី​ពួកគេ​បាន​ធ្វើ​តាម​បញ្ជា​របស់​លោក​ប្រធានាធិបតី Rodrigo Duterte ដែល​បាន​និយាយ​ថា ភារកិច្ច​ជា​អាទិភាព​ចម្បង​បំផុត​របស់​លោក​នៅ​ក្នុង​ការ​ចាប់ផ្តើម​អាណត្តិ​រយៈពេល ៦ ឆ្នាំ របស់​លោក គឺ​ការ​លុប​បំបាត់​ចោល​គ្រឿង​ញៀន​នៅក្នុង​សង្គម។

អ្នកទោស​ទាំងអស់​ទំនងជា​មាន​វាសនា​មិន​ល្អ​ក្នុង​ការ​ជាប់​ឃុំ​ដ៏​យូរ​នៅក្នុង​ប្រព័ន្ធ​ព្រហ្មទណ្ឌ​ដែល​គ្មាន​ការ​ឧបត្ថម្ភ​មួយ។ ឧទាហរណ៍​ដូចជា​នៅ​ក្នុង​ពន្ធនាគារ​ក្នុង​ទីក្រុង Quezon ជាដើម អ្នកទោស Mario Dimaculangan ត្រូវ​បាន​ជាប់​ឃុំ​ត្រាំត្រែង​អស់​រយៈពេល ១៤ ឆ្នាំ​មកហើយ ដោយសារ​តែ​សាវនាការ​កាត់ទោស​អ្នកទោស​រូប​នេះ​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​មនុស្ស​ឃាត និង​បទ​ឧក្រិដ្ឋ​ចោរកម្ម​ត្រូវ​បាន​ពន្យាពេល​អូសបន្លាយ​យ៉ាង​យូរ។

អ្នកទោស​រូប​នេះ​បាន​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន AFP នៅ​ឯ​ផ្លូវ​ដើរ​ក្នុង​ពន្ធនាគារ​មួយ​ដែល​មាន​ភាព​ណែនណាន់​តាន់តាប់​និង​ធុំ​ក្លិន​ញើស​យ៉ាង​ដូច្នេះ​ថា៖ «អ្នកទោស​ភាគច្រើន​ចង់​ឆ្កួត​អស់​ហើយ។ ពួកគេ​មិន​អាច​គិត​អ្វី​ចេញ​ភ្លាមៗ​ឲ្យ​បាន​ច្បាស់​នោះទេ។ គុក​នេះ​ចង្អៀត​ខ្លាំង​ណាស់។ គ្រាន់​តែ​ងាក​ខ្លួន​បន្តិច យើង​ប៉ះ​គ្នា​ទៅហើយ»។

នៅក្នុង​ពន្ធនាគារ​នេះ មាន​អ្នកទោស​ចំនួន ៣ ពាន់ ៨ រយ​នាក់ ដែល​ធ្វើឲ្យ​អ្នកទោស​ម្នាក់ៗ​គ្មាន​កន្លែង​ទូលាយ​សម្រាប់​ខ្លួនឯង​នោះទេ គឺ​ប្រជ្រៀត​គ្នា​សឹង​តែ​រក​កន្លែង​ដើរ​គ្មាន។ កាលពី​ពន្ធនាគារ​នេះ​ត្រូវ​បាន​គេ​កសាង​ដំបូង​កាលពី​៦​ទសវត្សរ៍​មុន​ គេ​មាន​គោលបំណង​ដាក់​អ្នកទោស​ចំនួន​តែ ៨ រយ​នាក់​ប៉ុណ្ណោះ៕