ប្រទេសហ្វីលីពីនបានឲ្យដឹងថា ខ្លួនបានព្រមព្រៀងជាមួយប្រទេសចិននៅក្នុងការបន្តទំនាក់ទំនងទ្វេភាគីដែលត្រូវបានផ្អាកមួយរយៈ បន្ទាប់ពីប្រទេសទាំងពីរមិនសូវមានទំនាក់ទំនងគ្នាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែការទាមទារនៅសមុទ្រចិនខាងត្បូង។ សេចក្ដីប្រកាសនេះត្រូវបានធ្វើឡើងប៉ុន្មានថ្ងៃមុនកិច្ចប្រជុំកំពូលមេដឹកនាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅក្នុងក្រុងម៉ានីល ដែលគេរំពឹងថា លោកប្រធានាធិបតី Xi Jinping នៃប្រទេសចិននឹងចូលរួមផងដែរ។
លោក Charles Jose ដែលជាអ្នកនាំពាក្យក្រសួងការបរទេសហ្វីលីពីននិយាយថា នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១០ ខែវិច្ឆិកា រវាងលោក Albert del Rosario ដែលជារដ្ឋមន្រ្តីនៃក្រសួងការបរទេសហ្វីលីពីន ជាមួយនឹងលោក Wang Yi ដែលជារដ្ឋមន្រ្តីក្រសួងការបរទេសចិន ភាគីទាំង២បាននិយាយថា ពួកគេនឹងទុក «បញ្ហាខ្វែងគំនិតគ្នា» លើសមុទ្រចិនខាងត្បូងឲ្យនៅមួយឡែកសិន ដើម្បីបន្តការងារពីមុនតទៅទៀត។
«លោករដ្ឋមន្រ្តី del Rosario បាននិយាយថា គាត់សប្បាយចិត្តណាស់ ហើយគាត់សប្បាយចិត្តនឹងស្វាគមន៍លោករដ្ឋមន្រ្តី Wang Yi ។ គាត់បានបន្ថែមថា គាត់បានទន្ទឹងរង់ចាំដំណើរទស្សនកិច្ចនេះ ពីព្រោះថាដំណើរទស្សនកិច្ចនេះចង្អុលបង្ហាញថា យើងអាចបន្តទំនាក់ទំនងទ្វេភាគីរបស់យើងទៅមុខបាន»។
លោក Jose បានមានប្រសាសន៍ថា គណៈប្រតិភូនៃក្រសួងការបរទេសចិនប្រកាន់ជំហរយ៉ាងច្បាស់ថា ភាគីចិននឹងមិនលើកយកបញ្ហាដែនសមុទ្រមកពិភាក្សាក្នុងកិច្ចប្រជុំកំពូលនោះទេ។ លោកនិយាយថា ពួកគេមករៀបចំមូលដ្ឋានគ្រឹះសម្រាប់អ្វីដែលពួកគេហៅថា ដំណើរទស្សនកិច្ចទៅកាន់ហ្វីលីពីន «ប្រកបដោយភាពរលូន សុវត្ថិភាព និងជោគជ័យ» សម្រាប់លោកប្រធានាធិបតី Xi Jinping។ អ្នកនាំពាក្យរូបនេះនិយាយថា រដ្ឋាភិបាលក្រុងម៉ានីលក៏បានប្តេជ្ញាចិត្តដែរថា នឹងមិនលើកយកបញ្ហានោះមកពិភាក្សាទេ។
នៅក្នុងឆ្នាំ២០១៣ រដ្ឋាភិបាលទីក្រុងម៉ានីលបានដាក់ពាក្យបណ្តឹងទៅតុលាការអាជ្ញាកណ្ដាលអន្តរជាតិ ដោយបានលើកឡើងពីភាពស្របច្បាប់នៃអ្វីដែលខ្លួនហៅថា «ការទាមទារហួសហេតុ» របស់ចិនដើម្បីយកសមុទ្រចិនខាងត្បូងទាំងមូល។ រដ្ឋាភិបាលទីក្រុងម៉ានីលក៏បានសុំការបំភ្លឺពីចៅក្រម ថាតើការអភិវឌ្ឍឲ្យទៅជាអ្វីមួយនៅដែនទឹកនោះ ជាការកេងចំណេញផ្នែកសេដ្ឋកិច្ចសម្រាប់ប្រទេសចិនដែរឬទេ។ កាលពីមួយឆ្នាំកន្លះមុន ចិនបានសាងសង់តំបន់ភូមិសាស្រ្តយ៉ាងហោចណាស់៦ក្នុងរូបភាពជាកោះសិប្បនិម្មិត។
ប្រទេសព្រុយណេ ម៉ាឡេស៊ី តៃវ៉ាន់ និងវៀតណាម ក៏ដូចជាសមាជិក APEC ទាំងអស់ក៏ទាមទារដែនសមុទ្រចិនខាងត្បូងនេះដែរ។
រដ្ឋាភិបាលទីក្រុងប៉េកាំងតែងតែបដិសេធមិនចូលរួមក្នុងដំណើរការសម្របសម្រួលជាមួយនឹងតុលាការអាជ្ញាកណ្តាលនោះទេ។
លោក Jose បាននិយាយថា នៅក្នុងកិច្ចប្រជុំនៅថ្ងៃទី១០ ខែវិច្ឆិកានេះ ប្រទេសហ្វីលីពីនមិនបានលើកយកបញ្ហាដែនសមុទ្រមកពិភាក្សាជាមួយចិនទេ ដោយសារតែបណ្តឹងទៅកាន់តុលាការអាជ្ញាកណ្ដាលរបស់ខ្លួនកំពុងត្រូវបានព្យួរទុក។ លើសពីនេះទៅទៀត លោកបាននិយាយថា កិច្ចប្រជុំ APEC មិនមែនជាកន្លែងត្រឹមត្រូវសម្រាប់ពិភាក្សាលើបញ្ហាដែលលោកហៅថា ជាបញ្ហាទាក់ទងនឹងសន្តិសុខនោះទេ។
នៅថ្ងៃជាមួយគ្នានោះដែរ លោក Li Baodong អនុរដ្ឋមន្រ្តីការបរទេសចិនយល់ព្រមថា ក្រសួងរបស់លោកមិនគិតថា បញ្ហានេះត្រូវពិភាក្សានៅក្នុងកិច្ចប្រជុំកំពូល APEC នោះទេ។
កិច្ចប្រជុំ APEC ផ្តោតជាចម្បងលើកិច្ចប្រជុំសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិក។
ក៏ប៉ុន្តែ លោក Jose និយាយថា ប្រទេសដទៃទៀតមានសិទ្ធិក្នុងការជជែកអំពីបញ្ហានេះនៅក្នុងរបៀបវារៈផ្សេងទៀតនៅក្នុងវេទិកានេះ។ ប្រធានាធិបតីនៃប្រទេសហ្វីលីពីន គឺលោក Benigno Aquino បានត្រៀមចូលរួមក្នុងកិច្ចប្រជុំទ្វេភាគីចំនួន១១ ដោយរួមបញ្ចូលទាំងការជួបពិភាក្សាជាមួយមេដឹកនាំវៀតណាម ជប៉ុន និងសហរដ្ឋអាមេរិកផងដែរ។
លោក Carl Thayer អ្នកវិភាគសន្តិសុខតំបន់អាស៊ីនៃបណ្ឌិតសភាកងកម្លាំងការពារប្រទេសអូស្ត្រាលីនិយាយថា វាទំនងជាមានការដោះដូរ «តិចតួច» រវាងលោក Aquino និងលោក Xi។
«វាច្បាស់ថា ចិនចង់ធ្វើការបញ្ចុះបញ្ចូល។ សូមឈប់មើលត្រឹមតែរឿងកោះសិប្បនិម្មិតនោះទៅ ហើយគួរតែមើលបញ្ហានេះក្នុងរូបភាពធំវិញ។ យើងកំពុងតែរីកចម្រើន។ យើងមានសន្តិភាព។ សូមបន្តការងារនេះទាំងអស់គ្នា ហើយយើងនឹងមានអនាគតដ៏ល្អមួយ»។
លោក Thayer បានលើកឡើងថា កាលពីប៉ុន្មានថ្ងៃមុននេះ ដំណើរទស្សនកិច្ចរបស់លោក Xi ទៅកាន់ប្រទេសវៀតណាម និងជំនួបជាប្រវត្តិសាស្រ្តជាមួយប្រធានាធិបតីតៃវ៉ាន់ លោក Ma Ying-jeou ក្នុងប្រទេសសិង្ហបុរី ក៏បានបង្ហាញយ៉ាងច្បាស់ថា ពួកគេ «ព្យាយាមបញ្ចៀសការឡើងកម្តៅ» លើគម្រោងសាងសង់កោះទាំងនោះ៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ