លោក Duterte ព្រមានថា អ្នកដែលរំលោភវិធានការប្រឆាំងមេរោគកូវីដ១៩ អាចត្រូវបាញ់សម្លាប់

រូបឯកសារ៖ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ថ្លែងសុន្ទរកថាក្នុងពិធីមួយនៅក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។

ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte និយាយថា ជនណាដែលរំលោភវិធានការបិទប្រទេសជិតរបស់រដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងការផ្ទុះឡើងនូវមេរោគកូរ៉ូណា អាចត្រូវប៉ូលិសបាញ់។

លោក Duterte បានចេញការព្រមានក្នុងអំឡុងនៃសុន្ទរកថាតាមទូរទស្សន៍មួយ កាលពីថ្ងៃពុធនៅក្នុងការឆ្លើយតបទៅនឹងការធ្វើបាតុកម្មនៅក្នុងសង្កាត់ក្រីក្រមួយនៅក្នុងរដ្ឋធានីម៉ានីឡាដោយពួកអ្នកស្រុកដែលស្រេកឃ្លានដោយសារមិនមានម្ហូបអាហារគ្រប់គ្រាន់។

លោកបានប្រាប់ប៉ូលិសថា បើប៉ូលិសគិតថា ជីវិតរបស់ពួកគេស្ថិតនៅក្នុងភាពគ្រោះថ្នាក់ នៅពេលដែលពួកគេប្រឈមពួកបាតុករនោះ ប៉ូលិសអាចបាញ់សម្លាប់បាតុករបាន។ ប្រធានាធិបតី Duterte ក៏បានព្រមានពីការដាក់ទោសធ្ងន់ៗដល់ជនណាដែលទទួលខុសត្រូវវាយប្រហារវេជ្ជបណ្ឌិតនិងបុគ្គលិកសុខាភិបាលផ្សេងទៀត។

លោក Duterte បានរងនូវការថ្កោលទោសចំពោះវោហាសាស្រ្តខ្លាំងៗទាក់ទិននឹងការបង្ក្រាបដ៏ព្រៃផ្សៃរបស់លោកលើការជួញដូរថ្នាំញៀនខុសច្បាប់ដែលបានធ្វើឲ្យជនសង្ស័យជាអ្នកជួញដូរនិងប្រើថ្នាំញៀនខុសច្បាប់រាប់ពាន់នាក់ស្លាប់។

ប្រទេសហ្វីលីពីនមានការឆ្លងមេរោគកូវីត១៩ចំនួន២ពាន់៣រយ១១ករណី ដោយមានមនុស្ស៩៦នាក់ស្លាប់៕