ប្រធានាធិបតី​ជាប់​ឆ្នោត​​នៅ​ហ្វីលីពីន​និយាយ​ថា ពលរដ្ឋ​ហ្វីលីពីន​អាច​សម្លាប់ក្រុម​ជន​ជួញដូរ​គ្រឿងញៀន

ប្រធានាធិបតី​ជាប់ឆ្នោត​នៃ​ប្រទេស​ហ្វីលីពីន​លោក Rodrigo Duterte បានមាន​ប្រសាសន៍​នៅ​ពេលលោកធ្វើការ​ឃោសនា​បោះឆ្នោត​ថា​ លោក​នឹង​ឲ្យ​​ក្រុម​យោធា​ និង​ប៉ូលិស​កម្ចាត់​ក្រុម​​អ្នកជួញដូរ​គ្រឿងញៀន។

ប្រធានាធិបតី​ជាប់ឆ្នោត​នៃ​ប្រទេស​ហ្វីលីពីន​បា​ននិយាយ​ថា​ លោកនឹង​បង់ប្រាក់​រង្វាន់​ឲ្យដល់ជន​ទាំង​ឡាយ​ណា​ ដែល​សម្លាប់​ក្រុម​ជន​ជួញដូរ​គ្រឿង​ញៀន។

លោក Rodrigo Duterte បានមាន​ប្រសាសន៍​នៅ​ពេលលោកធ្វើការ​ឃោសនា​បោះឆ្នោត​ថា​ លោក​នឹង​ឲ្យក្រុម​យោធា​ និង​ប៉ូលិស​កម្ចាត់​ក្រុមអ្នកជួញដូរ​គ្រឿងញៀន។

ប៉ុន្តែកាលពីយប់​ថ្ងៃ​សៅរ៍​ លោក​បាន​អញ្ជើញ​សាធារណជន​ទូទៅ​ឲ្យ​តាម​ចាប់​ក្រុម​អ្នកជួញដូរ​គ្រឿងញៀន។

ថ្លែង​ទៅ​កាន់ក្រុមអ្នកគាំទ្រ​លោក​ជា​ច្រើននាក់​នៅ​ក្នុង​សុន្ទរកថា​មួយ​តាម​ទូរទស្សន៍ លោក Duterte ដែល​នឹង​ចូល​កាន់តំណែង​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា បាន​មានប្រសាសន៍​ថា លោក​នឹង​ប្រគល់រង្វាន់១សែន៧ពាន់ដុល្លារ​ឲ្យ​ដល់​ជន​ទាំងឡាយ​ណា​ដែល​បាន​សម្លាប់​ក្រុម​ជនជួញ​ដូរ​គ្រឿងញៀន។

លោក​ក៏​បាន​ព្រមាន​ផង​ដែរ​ដល់​ជន​ញៀនថ្នាំ​ ដែល​លោកនិយាយ​ថា​ មិន​អាច​ធ្វើ​ឲ្យ​ល្អ​វិញ​បាន​ ដោយ​បានថ្លែងថា «ប្រសិន​បើ​អ្នក​មាន​ការទាក់ទិន​នឹង​គ្រឿងញៀន ខ្ញុំ​នឹង​សម្លាប់​អ្នកឯង»។

លោក​ Duterte ដែល​បាន​ធ្វើការ​ឃោសនា​បោះឆ្នោត​តាម​រយៈកម្មវិធី​តឹងតែងមួយ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ បានថ្លែង​នៅ​ក្នុង​សុន្ទរកថា​មួយ​តាម​ទូរទស្សន៍​ថា​ប្រជាជន​ហ្វីលីពីន​ទាំង​ឡាយ​ណា ​ដែលជួយ​លោក​ក្នុង​ការ​ធ្វើសង្គ្រាម​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​នឹង​ត្រូវ​ទទួល​រង្វាន់។

លោក​បាន​បន្តថា ​ប្រសិនបើជន​ជួញ​ដូរ​គ្រឿង​ញៀន​ម្នាក់​ប្រឆាំង​នឹង​ការ​ចាប់ខ្លួន​ឬ​ប្រកែក​មិន​ព្រម​ឲ្យ​គេនាំ​ខ្លួនទៅ​កាន់ស្ថានីយ​ប៉ូលិស​ ហើយគំរាមកំហែង​ពលរដ្ឋ​ម្នាក់​ដោយ​ប្រើ​កាំភ្លើង ឬកាំបិត «លោកអ្នក​អាចសម្លាប់ជន​នេះ​បាន»។ លោក​បានពោលថា​«បាញ់​ជន​នោះ​ទៅ ហើយ​ខ្ញុំនឹង​ជូនមេដាយ​មួយ​ដល់​លោកអ្នក»។

ក្រុម​ការពារ​សិទ្ធិមនុស្ស​មាន​ការ​ហួសចិត្ត​នឹង​ការអំពាវនាវ​របស់ប្រធានាធិបតី​ហ្វីលីពីន​ជាប់ឆ្នោត​រូបនេះ​ឲ្យប្រើអាវុធ​បែបនេះ ​និង​អំពី​អ្វី​ដែល​ពួកគេ​និយាយថា​អាច​ជា​សក្តានុពល​នៃ​គ្រោះថ្នាក់​ដោយសារ​គោលនយោបាយ​មួយ​បែបនេះ។

គេ​មិន​ទាន់បាន​ដឹងដោយច្បាស់លាស់​ភ្លាមៗ​នៅ​ឡើយ​ទេ​ថាតើ​ពលរដ្ឋ​ហ្វីលីពីន​នឹង​សម្គាល់អត្តសញ្ញាណ​ជនជាប់សង្ស័យ​បែប​ណា​ឡើយ៕