ប្រធានាធិបតី​ហ្វីលីពីនលោក​ ​Duterte នឹង​ឈរឈ្មោះ​ជា​បេក្ខជន​ព្រឹទ្ធសភា​ក្នុង​​ការ​បោះ​ឆ្នោត​​ឆ្នាំ​ក្រោយ

រូបឯកសារ៖ លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន ថ្លែងសុន្ទរកថាតាមអ៊ីនធឺណិត ក្នុងសារដែលបានថតទុកមុន ក្នុងសម័យប្រជុំលើកទី 76 នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី 21 ខែកញ្ញា ឆ្នាំ 2021។ (AP)

ប្រធានាធិបតី​ហ្វីលីពីន​លោក​ Rodrigo Duterte នឹង​ប្រកួតប្រជែង​ធ្វើ​ជាសមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​ក្រោយ​ដោយ​លោក​ជៀស​វាងការ​ឈរ​ឈ្មោះ​ធ្វើ​ជាអនុប្រធានាធិបតី​ហ្វីលីពីន​ដែល​អាច​ជា​ការ​ប្រកួត​ប្រជែង​ជា​មួយ​កូន​ស្រី​របស់​លោក។

លោក​ Bong Go ដែល​ជា​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន​និង​ជា​មនុស្ស​ជំនិតរបស់​លោក Duterte បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា​លោក Duterte បាន​ដាក់​ឯកសារសម្រាប់​យុទ្ធនាការឃោសនា​រក សំឡេង​ឆ្នោត​ជា​ផ្លូវ​ការ​របស់​លោក​រួច​ហើយ ជាមួយគណៈកម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ចន្ទ​នេះ។

ការ​សម្រេច​ចិត្ត​របស់​លោក ​Duterte កើត​មាន​ឡើងជា​ច្រើន​ថ្ងៃ​បន្ទាប់​ពី​កូន​ស្រី​របស់​លោក​គឹលោក​ស្រី Sara Duterte-Carpio​ ​ដែល​ជា​អភិបាលទី​ក្រុង Davao បាន​ប្រកាសថា​លោក​ស្រីនឹង​ស្វះស្វែង​ឈរឈ្មោះ​ជា​អនុប្រធានាធិបតីរបស់​ប្រទេស​ហ្វីលីពីន។ កាលពីមុន​ លោកស្រី ​Duterte-Carpio ត្រូវគេ​រំពឹងថា​នឹង​ឈរឈ្មោះ​ធ្វើ​ប្រធានាធិបតី​ជំនួស​ឪពុក​របស់​លោក​ស្រី​និងមាន​សំឡេង​នាំមុខ​នៅ​ក្នុង​ការ​ស្ទង់​មតិជា​ច្រើន។​

លោក Duterte មិន​អាច​ឈរ​ឈ្មោះ​ជាប្រធានាធិបតី​ក្នុង​អណត្តិ​ទី​២​បាន​ឡើយ​ដែល​ត្រូវ​បាន​កំណត់​ដោយ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ហ្វីលីពីន។

តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​បាន​បើក​ការ​ស៊ើប​អង្គេតមួយទៅ​លើ​ការ​យុទ្ធនាការ​នៃ​ការ​បង្ក្រាបដ៏​ឃោរ​ឃៅ​របស់​លោក Duterte ​ជុំវិញ​បញ្ហា​គ្រឿង​ញឿន​នៅ​ក្នុង​ប្រទេស​ហ្វីលីពីនបន្ទាប់ពី​លោក​បានឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ហ្វីលីពីន​កាល​ពី​ឆ្នាំ​២០១៦។​ ការ​បង្ក្រាប​នោះបាន​សម្លាប់​មនុស្ស​អស់​ជាង​៨.៦០០​នាក់នៅក្នុង​ប្រទេស​ហ្វីលីពីន។នេះ​បើ​យោង​ទៅ​លើ​របាយការណ៍​មួយ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពីដើម​ឆ្នាំ​នេះ​ដោយការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ។​

នៅក្នុង​ប្រទេស​ហ្វីលីពីន ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​និង​អនុ​ប្រធានាធិបតី​ធ្វើឡើង​ដាច់​ដោយ​ឡែក​ពី​គ្នា។ បេក្ខជន​ប្រធានាធិបតីសម្រាប់​ការ​បោះ​ឆ្នោតនៅ​ក្នុង​ប្រទេស​ហ្វីលីពីន​នៅ​ឆ្នាំ​ក្រោយ​គឹ​មាន​សមាជិក​ព្រឹទ្ធសភាលោក ​Bong Go ដែល​គាំទ្រ​ដោយ​លោក Duterte និងលោក​Ferdinand Marcos, Junior ​ដែល​ជា​កូន​ប្រុស​របស់អតីត​មេដឹកនាំ​ផ្តាច់ការ​លោក​ Ferdinand Marcos ៕

ព័ត៌មានមួយចំនួននៅក្នុងសេចក្ដីរាយការណ៍នេះ ត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន The Associated Press និង Reuters។