អភិបាល​ក្រុង​ហ្វីលីពីន​មួយ​រូប​ត្រូវ​បាន​ប៉ូលិស​បាញ់​សម្លាប់

ប៉ូលិស​ត្រួតពិនិត្យ​រថយន្ត​បន្ទាប់​ពី​ប្រតិបត្តិការ​មួយ​នៅ​ក្នុង​ក្រុង Makilala ខេត្ត North Cotabato ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦។

អភិបាល​ក្រុង​មួយ​របស់​ហ្វីលីពីន​ ដែល​ឈ្មោះ​របស់​លោក​ត្រូវ​បាន​លោក​ប្រធានាធិបតី​ Rodrigo Duterte ប្រកាស​ជា​សាធារណៈ​ថា​មាន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ខុស​ច្បាប់​នោះ​ ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ក្នុង​ការ​បាញ់​ប្រយុទ្ធ​ជាមួយ​នឹង​ប៉ូលិស​នៅ​ថ្ងៃ​សុក្រ​នេះ។

អភិបាល​ក្រុង Datu Saui Ampatuan លោក Samsudin Dimaukom និង​មនុស្ស​ចំនួន​៩នាក់​ផ្សេង​ទៀត​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​ប៉ូលិស​នៅ​ក្នុង​ការ​បាញ់​ប្រហារ​ទៅ​វិញ​ទៅ​មក​មួយ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា អង្គរក្ស​របស់​លោក​អភិបាល​ក្រុង បាន​ផ្តើម​ការ​បាញ់​ប្រហារ​ទៅ​កាន់​ប៉ូលិស​នៅ​ឯ​កន្លែង​ត្រួត​ពិនិត្យ​សន្តិសុខ​មួយ​នៅ​ក្នុង​ទីក្រុង Makilalala នៅ​ក្នុង​ខេត្ត North Cotabato។

ស្នងការ​ប៉ូលិស​ក្នុង​តំបន់​លោក Romeo Galgo Jr. បាន​ថ្លែង​ថា៖ «វា​គឺ​ជា​ប្រតិបត្តិការ​ប្រឆាំង​គ្រឿង​ញៀន​ស្រប​ច្បាប់​មួយ​ ប៉ុន្តែ​ក្រុម​របស់​លោក​អភិបាល​ក្រុង​បាន​បើក​ការ​បាញ់​ប្រហារ​មក​លើ​ក្រុម​ប៉ូលិស​របស់​យើង»។

លោក​ Duterte បាន​ឈ្នះ​ការ​បោះឆ្នោត​ធ្វើ​ជា​ប្រធានាធិបតី​កាលពី​ដើម​ឆ្នាំ​២០១៦​នេះ ដែល​លោក​ផ្តោត​សំខាន់​ទៅ​លើ​ពាក្យ​សន្យា​របស់​លោក​ក្នុង​ការ​កម្ចាត់​អ្នក​ជួញដូរ​និង​ឧក្រិដ្ឋកម្ម​គ្រឿង​ញៀន។

ប៉ូលិស ​និង​ក្រុម​ការពារ​សណ្តាប់​ធ្នាប់​សង្គម​របស់​ហ្វីលីពីន​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ ៣៨០០នាក់​ ពី​បទ​ប្រើប្រាស់ ​និង​ជួញដូរ​គ្រឿង​ញៀន​ ចាប់​តាំង​ពី​លោក​ប្រធានាធិបតី​ Duterte ចូល​កាន់​តំណែង​កាលពី​ចុង​ខែ​មិថុនា​មក៕