ទីភា្នក់ងារសារព័ត៌មានបារាំង AFP បានរាយការណ៍ថា ក្រុមទាហានអូស្ត្រាលីនិងហ្វីលីពីនធ្វើសមយុទ្ធនៅថ្ងៃសុក្រនេះនៅជិតកន្លែងមានជម្លោះក្នុងសមុទ្រចិនខាងត្បូងដែលប្រទេសចិនបានទាមទារថាជារបស់ផងខ្លួន ដោយប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos បានសរសើរថាជាឧទាហរណ៍«សំខាន់ណាស់»នៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធ។
ចិនបានដាក់ពង្រាយនាវាឆ្មាំឆ្នេរសមុទ្រ កប៉ាល់ចម្បាំងនៃកងទ័ពជើងទឹកនិងនាវាឯទៀតៗរាប់រយគ្រឿងក្នុងសមុទ្រចិនខាងត្បូង ដែលខ្លួនបានទាមទារអះអាងថាជារបស់ផងខ្លួន ទោះជាមានសេចក្តីសម្រេចអន្តរជាតិថា គោលជំហរចិនគ្មានមូលដ្ឋានផ្លូវច្បាប់ក៏ដោយ។
សមយុទ្ធនៅថ្ងៃសុក្រនេះបានធ្វើឡើងនៅឯមូលដ្ឋានមួយនៃកងទ័ពជើងទឹកនៅប្រមាណ២៤០គ.ម.ខាងកើតតំបន់ខ្ពង់រាបបាតសមុទ្រ Scarborough Shoal ដែលជាកន្លែងសំបូរត្រីត្រូវចិនក្តាប់យកពីហ្វីលីពីនកាលពីឆ្នាំ២០១២ នៅក្រោយមានការប្រឈមដាក់គ្នាដ៏តឹងតែងមក។
សមយុទ្ធតាមអាកាស សមុទ្រ និងនៅលើដីនេះ ជាសមយុទ្ធរួមគ្នាធំទីមួយដោយប្រទេសទាំងពីរនេះ ដោយធ្វើត្រាប់ការប្រយុទ្ធវាយយកមកវិញនូវកោះមួយត្រួតត្រាដោយសត្រូវ។
ទាហានអូស្ត្រាលីប្រមាណ១.២០០នាក់ និងកងទាហានម៉ារីនហ្វីលីពីន៥៦០នាក់បានវាយលុកឆ្នេរសមុទ្រមួយនៅពេលធ្វើសមយុទ្ធនេះ ដោយប្រើយានយន្តបើកលើគោកនិងក្នុងទឹកបាន ដោយលោតឆ័ត្រយោងនិងដោយជិះយន្តហោះ US Osprey។
យន្តហោះប្រតិកម្មប្រយុទ្ធអូស្ត្រាលីធុន F-35 ពីរគ្រឿងបានគាំទ្រតាមអាកាស ហើយកងនាវាចម្បាំងអូស្ត្រាលីការពារដែនទឹកនៅជិតទីនោះ។
សមយុទ្ធក្នុងសប្តាហ៍នេះធ្វើឡើង ក្រោយពីនាវាឆ្មាំឆ្នេរសមុទ្រចិនបានបាញ់ទឹកដាក់កងនាវាផ្គត់ផ្គង់ហ្វីលីពីននិងបានរាំងខ្ទប់បេសកកម្មនេះទៅកាន់តំបន់ខ្ពង់រាបបាតសមុទ្រ Second Thomas Shoal ក្នុងសមុទ្រចិនកាលពីថ្ងៃទី៥ ខែសីហា៕