រដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីនកំពុងតែបញ្ជាក់ពីទំនាក់ទំនងរវាងប្រទេសរបស់លោកជាមួយនឹងសហរដ្ឋអាមេរិក ពីរថ្ងៃបន្ទាប់ពីប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានប្រកាសពីការបែកចេញពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងប៉េកាំង។
ក្នុងខណៈពេលដែលលោកហៅសហរដ្ឋអាមេរិកថាជាមិត្តដ៏ជិតស្និតបំផុតរបស់ហ្វីលីពីន លោករដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីន Perfecto Yasay បានថ្លែងថា ហ្វីលីពីនត្រូវតែបែកខ្លួនចេញពី អតីតចៅហ្វាយនាយពីជំនាន់អាណានិគម ដើម្បីបង្កើនការរីកលូតលាស់និងទំនាក់អន្តរជាតិរបស់ខ្លួន។
ចាប់តាំងពីលោកប្រធានាធិបតី Duterte បានជាប់ឆ្នោតកាលពីខែឧសភាមក លោកបានប្តេជ្ញាធ្វើការបង្រ្កាបគ្រឿងញៀននៅទូទាំងប្រទេស ដែលបង្កឲ្យមានការរិះគន់ពីក្រុមការពារសិទ្ធិមនុស្សនិងបណ្តាប្រទេសនានាដូចជាសហរដ្ឋអាមេរិកជាដើម។ ដើម្បីជាការឆ្លើយតប លោកបានបញ្ចប់ការធ្វើសមយុទ្ធយោធារួមជាមួយកងកម្លាំងរបស់សហរដ្ឋអាមេរិក ហើយងាកទៅជិតស្និតជាមួយនឹងរដ្ឋាភិបាលក្រុងប៉េកាំង។
នៅក្នុងសុន្ទរកថារបស់លោក Duterte ទៅកាន់ថ្នាក់ដឹកនាំពាណិជ្ជកម្មចិនកាលពីសប្តាហ៍មុន លោកបានថ្លែងថា៖ «ឥឡូវនេះ អាមេរិកបានចាញ់ហើយ។ ខ្ញុំនឹងរៀបចំខ្លួនខ្ញុំជាថ្មីឡើងវិញឲ្យស្របទៅតាមមនោគមវិជ្ជារបស់អ្នក»។
ក្រោយមកលោកបានថ្លែងថា លោកមិនមែនមានន័យថា រដ្ឋាភិបាលក្រុងម៉ានីលនឹងកាត់ផ្តាច់ទំនាក់ទំនងកាទូតជាមួយសហរដ្ឋអាមេរិកនោះទេ ដែលសារនេះត្រូវបានបញ្ជាក់តាមរយៈសារមួយបង្ហោះដោយលោករដ្ឋមន្ត្រីក្រសួងការបរទេស Yasay កាលពីថ្ងៃសៅរ៍។
លោក Yasay បានថ្លែងថា៖ «ជាការពិតទៅ ការបែកចេញពីសម្ព័ន្ធមិត្តដ៏ជិតស្និតរបស់យើង ដែលជាសម្ព័ន្ធមិត្តខាងផ្នែកយោធានិងជាដៃគូយុទ្ធសាស្ត្ររបស់យើងនោះ មិនមែនផ្តល់ប្រយោជន៏ទាំងស្រុងដល់ប្រទេសជាតិនោះទេ»។
លោកបានបន្ថែមថា៖ «ប៉ុន្តែ ការបែកចេញពីអតីតចៅហ្វាយនាយពីជំនាន់អាណានិគមគឺជាការទាមទារដើម្បីចង់បានគោលនយោបាយការបរទេសឯករាជ្យ។ នេះមានន័យថា ការបែកចេញនេះគឺជាការបែកចេញពីផ្នត់គំនិតដែលពឹងផ្អែកនិងស្តាប់តាមការបង្គាប់បញ្ជា ខាងផ្នែកសេដ្ឋកិច្ចនិងយោធា ដែលអាមេរិកបានមើលមកហ្វីលីពីនថាជា «Little Brown Brother» ជាយូរមកហើយនោះ ដែលបានបង្អាក់ដល់ការរីកលូតលាស់ទៅមុខរបស់យើង»។សារបង្ហោះដែលមានចំណងជើងថា៖ «បញ្ចប់ការពឹងផ្អែកលក្ខណៈបងប្អូនរវាងគ្នា» គឺជាមាគ៌ាថ្មីមួយរបស់លោក Duterte ក្នុងការបង្កើនទំនាក់ទំនងពាណិជ្ជកម្មនិងសេដ្ឋកិច្ចជាមួយនឹងបណ្តាប្រទេសនៅអាស៊ី ពិសេសជាមួយនឹងចិន៕