មេដឹកនាំគណបក្សភឿថៃមកកម្ពុជាដើម្បីពង្រឹងទំនាក់ទំនងរវាងបក្សកាន់អំណាចនៃប្រទេសទាំងពីរ

មេដឹកនាំគណបក្សភឿថៃអ្នកស្រី Paetongtharn Shinawatra និងប្រធានរដ្ឋសភាស្តីទីនៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប ក្នុងជំនួបមួយនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។ (Facebook/National Assembly Of Cambodia)

ប្រធាន​គណបក្ស​ភឿថៃ​អ្នកស្រី ផែតុងតាន ស៊ីណាវ៉ាត្រា (Paetongtharn Shinawatra) បាន​ចាប់​ផ្តើមទស្សនកិច្ច​រយៈពេល​២ថ្ងៃ​នៅប្រទេស​កម្ពុជា ដើម្បី​រឹតចំណង​មិត្តភាពរវាង​គណ​បក្ស​កាន់​អំណាច​នៃ​ប្រទេស​ទាំងពីរ​ និង​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​លើ​កិច្ច​ការ​ប្រទេស​ជាតិ​ផ្សេងៗទៀត។

​អ្នកស្រី ផែតុងតាន ស៊ីណាវ៉ាត្រា អាយុ​៣៧​ឆ្នាំ គឺ​ជា​កូនស្រី​ពៅ​របស់​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីត​នាយក​រដ្ឋមន្រ្តី​ថៃដ៏​ចម្រូង​ចម្រាស​ ដែល​ត្រូវ​បាន​ទម្លាក់​ពី​អំណាច​ដោយរដ្ឋ​ប្រហារ​យោធា ​កាល​ពីឆ្នាំ​ ២០០៦​។ បច្ចុប្បន្ន​គណបក្ស​ភឿថៃ​គឺ​ជា​គណបក្ស​កាន់​អំណាច​ក្នុង​ប្រទេស​ថៃ ដែល​មាន​លោក​ សេដ្ឋា ថាវីស៊ីន (Srettha Thavinsin) ជា​នាយក​រដ្ឋមន្ត្រី​។

ទស្សនកិច្ច​របស់អ្នកស្រី ផែតុងតាន ប្រធានគណ​បក្ស​ភឿថៃ​ ដែល​ជា​គណបក្ស​ដឹកនាំ​រដ្ឋា​ភិបាល​ទីក្រុង​បាងកក​នៅ​ប្រទេស​ថៃ ធ្វើ​ឡើង​តប​តាម​ការ​អញ្ជើញរបស់​លោក ​ហ៊ុន សែន ​អតីត​នាយករដ្ឋ​មន្ត្រី​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​គ្រប់​គ្រង​ប្រទេស​។ នេះ​បើ​អ្នកនាំពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។

អ្នកនាំពាក្យ​គណបក្ស​គ្រប់គ្រង​ប្រទេស​លោក សុខ ឥសាន ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះថា​ ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​ ផែតុងតាន ស៊ីណាវ៉ាត្រា​ មក​កម្ពុជា ​គឺ​ជា​ទស្សនកិច្ច​ទៅ​វិញ​ទៅ​មក ​ដើម្បី​រឹត​ចំណង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ ក៏​ដូច​ជា​មិត្តភាព សាមគ្គីភាព និង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​បក្ស​កាន់អំណាច​នៃ​ប្រទេស​ដែលមាន​ភូមិផង​របង​ជាមួយ​គ្នា។

លោក​ថ្លែង​ថា៖ «ហ្នឹង​យើង​មិន​បាច់​ឆ្ងល់​ទេ ពីព្រោះ​នៅ​ថៃ​ក៏​បក្ស​ភឿថៃ​ជា​បក្ស​កាន់​អំណាច ហើយ​នៅ​កម្ពុជា​បក្ស​ប្រជាជន​កម្ពុជា​ក៏​ជា​បក្ស​កាន់​អំណាច​ដូចគ្នា​ អ៊ីចឹង​អ្នក​ឈ្នះ​រក​អ្នក​ឈ្នះ​វា​ជា​រឿង​ធម្មតា ហើយ​ពង្រឹង​សាមគី្គភាព​ មិត្តភាព និង​សហ​ប្រតិបត្តិការ​ជាមួយ​គ្នា​ឱ្យ​កាន់​តែ​រឹង​មាំ​បន្ថែម​ទៀត»។

លោក សុខ ឥសាន ​បន្ត​ថា កាល​ណា​គណបក្ស​កាន់​អំណាច​នៃ​ប្រទេស​ទាំង​ពីរ​មាន​ទំនាក់​ទំនង​ល្អ​នឹង​គ្នា​នោះ វា​នឹង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្នា ក៏​ដូច​ជា​ទំនាក់​ទំនង​សេដ្ឋកិច្ច​រវាង​ប្រជាជន និង​ប្រជាជន​មាន​លក្ខណៈ​ល្អ​ប្រសើរ​ផង​ដែរ។

ក្នុងថ្ងៃដំបូង​នៃ​ការ​ចាប់​ផ្តើម​ដំណើរ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ អ្នកស្រី​ ផែតុងតាន ស៊ីណាវ៉ាត្រា បានចូល​ជួប​ពិភាក្សា​ជាមួយ​ក្រុម​អ្នក​តាក់តែង​ច្បាប់​នៅ​សភាជាតិ។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សភាជាតិ​ដែល​បាន​ផ្សព្វផ្សាយ​លើ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក។

ប្រធាន​រដ្ឋសភា​ស្តីទី​ និងជា​សមាជិកអចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ ជាម យៀប ត្រូវបាន​គេស្រង់​សម្តីក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​ថា​ ជំនួប​ជាមួយ​មេដឹកនាំ​គណបក្ស​ភឿថៃ​ នឹង​ជំរុញ​ទំនាក់​ទំនង​រវាង​គណបក្សកាន់​អំណាច​ទាំង​ពីរ គឺគណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ភឿថៃ​ ឱ្យកាន់តែ​ស៊ីជម្រៅ ស្អិត​រមួត និង​ទូលំ​ទូលាយ​បន្ថែម​ទៀត ក្នុង​ការបង្កើន​កិច្ចសហ​ប្រតិបត្តិការ​រវាង​សមាជិកសភា​នៃ​គណបក្ស​ទាំង​ពីរដើម្បី​ការពារ និង​បង្កើន​ផល​ប្រយោជន៍​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ។

អ្នកស្រី ផែតុងតាន បាន​ប្រាប់​សមាជិក​សភាកម្ពុជា​ឱ្យ​ដឹង​អំពី​ដំណើរការ​នៃ​ការ​ដឹក​នាំ​រដ្ឋា​ភិបាល​នៅ​ក្នុង​ប្រទេស​ថៃ​នា​ពេ​លបច្ចុប្បន្ន​ ដែល​មាន​គណបក្ស​ចម្រុះ​កំពុង​ធ្វើការ​រួមគ្នា និង​បាន​កសាង​សុខសន្តិភាព​ដែល​បាន​បាត់​បង់មួយ​រយៈ​កាលមុន ឱ្យ​មានភាព​ល្អប្រសើរ​ឡើងវិញ​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មានរបស់​សភា​កម្ពុជា​។

សេចក្តី​ប្រកាស​ព័ត៌មានដដែល​ឱ្យដឹង​ថា​ អ្នក​ស្រី ផែ​តុង​តាន ​មាន​ជំនឿ​ថា សន្តិភាព​នឹង​មាន​បន្ត​សម្រាប់​ប្រទេស​ទាំង​ពីរ​ ដែល​នឹង​នាំ​ឱ្យ​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ​ក៏មាន​ការ​រីក​ចម្រើន​ទៀត​ផង​។

វីអូអេ​មិន​អាច​ទាក់​ទង​សុំការ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​រដ្ឋសភា​លោក ឡេង ប៉េង​ឡុង តាម​ទូរសព្ទ​បាន​ទេ​នៅថ្ងៃ​ចន្ទ​នេះ។

អតីតនាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន ថត​រូប​ជាមួយ​អតីតនាយករដ្ឋមន្ត្រី​ថៃលោក Thaksin Shinawatra ក្នុងពេល​សួរសុខទុក្ខ​លោក Thaksin នៅ​ទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។ (Hun Sen Via Facebook/Handout via REUTERS)

មុនដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី ផែ​តុង​តាន ស៊ីណាវ៉ាត្រា មកកាន់​ប្រទេស​កម្ពុជា គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឱ្យដឹង​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយថា​ ទស្សនកិច្ច​របស់​មេដឹកនាំ​គណបក្ស​ភឿថៃ​ មក​កម្ពុជា​គឺជា​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​ជាន់​ខ្ពស់​រវាង​គណបក្ស​ទាំង​ពីរ ដែល​ក្នុង​គោល​បំណង​លើ​កិច្ច​សហ​ប្រតិបត្តិការ​នៃ​ប្រទេស​ជាប់​ភូមិ​ផង​របង​គ្នា ដើម្បី​បម្រើ​ផល​ប្រយោជន៍​រួម​របស់​ប្រជាជន និង​គណបក្ស​ទាំង​ពីរ​ដោយ​ផ្អែក​លើ​ចំណង​មិត្តភាព និង​កិច្ច​សហ​ប្រតិបត្តិ​ការ​ជិត​ស្និត​រវាង​គណបក្ស​ទាំង​ពីរ​។

ក្នុង​ដំណើរ​ទស្សនកិច្ច​ចាប់​ពីថ្ងៃទី​១៨ ដល់​១៩ ​ខែមីនា​នេះ​ អ្នកស្រី ផែតុងតាន ស៊ីណាវ៉ាត្រា នឹង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​នឹង​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជួប​សម្តែង​ការ​គួរ​សម​ជាមួយ​នឹង​លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធ​សភា ក៏​ដូច​ជា​នឹង​មាន​ជំនួប​ជា​មួយ​លោក ហ៊ុន ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ផងដែរ​។

អ្នក​តាមដាន​នយោបាយ​អន្តរជាតិ លោក សេង វណ្ណលី មើល​ឃើញ​ពី​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី ផែតុងតាន ស៊ីណាវ៉ាត្រា ថា​ជា​ការ​រឹត​ចំណង​ដ៏​ស្អិត​រមួត​នៃ​ទំនាក់​ទំនង​របស់​មេដឹកនាំ​គណបក្ស​កាន់​អំណាច​នៃ​ប្រទេស​ទាំងពីរ។

លោក​បន្ថែម​ថា ដំណើរ​ទស្សនកិច្ច​នេះ​ក៏​ចង់​បង្ហាញ​ទៅ​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ពី​ចំណង​មិត្តភាព​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច ដោយ​សារ​តែ​កន្លង​ទៅ​ប្រជាជន​ប្រទេស​ទាំង​ពីរ​តែង​មាន​ទំនាស់​ជុំវិញ​បញ្ហា​វប្បធម៌​ប្រពៃណី និង​ប្រវត្តិសាស្ត្រ ក៏​ដូចជា​តំបន់​ត្រួត​ស៊ីគ្នា​នៅ​ខេត្ត​កោះកុង​នៃ​ប្រទេស​កម្ពុជា និង​ខេត្ត​ត្រាត​នៃ​ប្រទេស​ថៃ។

បើតាម​លោក សេង វណ្ណលី ដំណើរ​ទស្សនកិច្ច​នេះ​ក៏​អាច​ជួយ​កាត់​បន្ថយភាព​តាន​តឹង​នៃ​ជម្លោះ និង​ស្វែង​យល់​ពី​គ្នា​ឱ្យ​កាន់​តែ​ស៊ីជម្រៅ​ផងដែរ។

លោក​ថ្លែង​ថា៖ «ម្យ៉ាង​ទៀត​ចំណង​មិត្តភាព​ដ៏​ស្អិត​រមួត​រវាង​មេដឹកនាំ​ចាស់ៗ​ដូចជា​អតីត​លោក​នាយក​រដ្ឋមន្ត្រី ថាក់ស៊ីន និង​អតីត​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ក្នុង​ជំនួប​កាល​ពី​ពេល​ថ្មីៗ​នេះ​ យើង​ឃើញ​នៅ​ក្រោយ​ជំនួប​ហ្នឹង​មាន​ប្រតិកម្ម​របស់​ជនជាតិ​ថៃ ក៏​ដូចជា​អ្នក​ស្នេហា​ជាតិ​ជ្រុល​និយម​ថៃ​ជាច្រើន ចាប់​ផ្តើម​កកូរ​បញ្ហា​ទំនាស់​ប្រវត្តិសាស្ត្រ​ ក៏​ដូចជា​ប្រពៃណី​ទំនៀម​ទម្លាប់​រវាង​ប្រទេស​ទាំង​ពីរ»។

ទោះជាយ៉ាង​ណា លោក​ថា ការ​បង្កើនកិច្ច​សហ​ប្រត្តិបត្តិការ​រវាង​មេដឹកនាំ​បក្ស​កាន់​អំណាច​ទាំង​ពីរ​នេះ ក៏​បាន​បង្ក​ជា​ការ​ព្រួយ​បារម្ភ​ដល់​ជនជាតិ​ថៃ​ដែល​មិន​ចូល​ចិត្ត​លោក ថាក់ស៊ីន ព្រោះ​ពួកគេ​យល់​ថា លោក ថាក់ស៊ីន បង្កើន​ទំនាក់​ទំនង​នេះ​គឺ​ដើម្បី​តែ​ប្រយោជន៍​របស់​គណ​បក្ស​តែ​ប៉ុណ្ណោះ​។ នេះ​បើ​តាម​លោក សេង វណ្ណលី។

វីអូអេ​មិនទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថាន​ទូត​ថៃ​ប្រចាំនៅកម្ពុជាបាន​ទេ​ ដោយ​សារ​ស្ថាន​ទូត​មិន​ឆ្លើយ​សំណួរ​ដែល​បាន​ផ្ញើ​តាម​សារ​អេឡិច​ត្រូនិក​អ៊ីមែលនៅថ្ងៃ​ចន្ទនេះ​។

ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​គណបក្ស​ភឿថៃ អ្នកស្រី​ផែតុងតាន ស៊ីណាវ៉ាត្រា ​កើតមាន​ឡើង​ ក្រោយ​អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន ​បាន​ទៅ​សួរ​សុខ​ទុក្ខ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បន្ទាប់​ពីអតីត​នាយក​រដ្ឋមន្រ្តី​ថៃ​រូប​នេះ​ ត្រូវ​បាន​ព្រះ​មហាក្សត្រ​ថៃ​សម្រេច​ដោះលែង​ដោយមាន​លក្ខខណ្ឌ​ពី​បទ​ចោទ​ប្រកាន់​ថាលោក​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។

គួររំឭក​ថា​ លោក​ហ៊ុន សែន និង​លោក ថាក់ស៊ីន មាន​ទំនាក់​ទំនង​យ៉ាង​ស៊ីជម្រៅ ហើយ​បាន​រាប់​អាន​គ្នា​ជា​បង​ប្អូនធម៌​តាំង​ពី​ឆ្នាំ ១៩៩២ មុន​ពេល​លោក ថាក់ស៊ីន បាន​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​ថៃ។ បន្ទាប់​មក​លោក​ថាក់ស៊ីន ត្រូវ​បាន​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​ពី​អំណាច​ក្នុង​ឆ្នាំ​ ២០០៦ លោក ថាក់ស៊ីន នៅ​តែ​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​លោក ហ៊ុន សែន ហើយ​លោកត្រូវ​បាន​តែង​តាំង​ជា​ទីប្រឹក្សា​របស់​លោក ​ហ៊ុន​ សែន ថែម​ទៀត​ផង ហើយ​អំឡុង​ពេល​រស់​នៅ​ក្រៅ​ប្រទេស​លោក ថាក់ស៊ីន​ និង​ក្រុម​គ្រួសារ​បាន​មក​ប្រទេស​កម្ពុជា​ដើម្បី​ជួប​ជាមួយ​លោក​ ហ៊ុន សែន​ ជា​ញឹក​ញាប់​ផង​ដែរ៕