ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជានិងថៃឯកភាពកម្រិតទំនាក់ទំនងទ្វេភាគី និងពង្រីកចំណងទាក់ទងលើគ្រប់វិស័យ


នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រី​ថៃលោក Srettha Thavisin ចូលរួម​ពិធីចុះហត្ថលេខា​លើ​អនុស្សរណៈនៃការយោគយល់ នៅវិមាន​រដ្ឋាភិបាលថៃ ក្នុងទីក្រុងបាងកក កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។
នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រី​ថៃលោក Srettha Thavisin ចូលរួម​ពិធីចុះហត្ថលេខា​លើ​អនុស្សរណៈនៃការយោគយល់ នៅវិមាន​រដ្ឋាភិបាលថៃ ក្នុងទីក្រុងបាងកក កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​មួយ​ថ្ងៃ​ទៅ​កាន់​ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ពុធ មេដឹកនាំ​កម្ពុជា​និង​ថៃ​បាន​ឯកភាពគ្នា​ក្នុង​ការ​ដំឡើង​កម្រិត​ទំនាក់​ទំនង​ទ្វេភាគី​ទៅ​ជា «ភាព​ជា​ដៃ​គូ​យុទ្ធសាស្រ្ត» ហើយ​បាន​ពិភាក្សា​បញ្ហា​នានាៗ​ដែល​ពាក់ព័ន្ធ​នឹង​ចំណង​ទាក់ទង​រវាង​ប្រទេស​ទាំង​ពីរ​លើ​គ្រប់​វិស័យ។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​រួម ដែល​ផ្សព្វផ្សាយ​ដោយ​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ថ្ងៃ​ពុធ។

សេចក្តី​ថ្លែង​ការណ៍​បញ្ជាក់​ថា៖ «អ្វី​ដែល​ជា​ការ​កត់​សម្គាល់​បំផុត​គឺ​នាយករដ្ឋមន្ត្រី​ទាំង​ពីរ បាន​ឯកភាព​ដំឡើង​កម្រិត​ទំនាក់​ទំនង​ទ្វេភាគី​ពី​ភាព​ជា​ដៃគូ​ដើម្បី​សន្តិភាព​និង​វិបុលភាព​ទៅ​ជា​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​ ដើម្បី​ផល​ប្រយោជន៍​សម្រាប់​ជាតិ​និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ»។

ភាគីទាំង​ពីរ​ក៏​បាន​ឯកភាព​បង្កើត​ស្ថាន​អគ្គកុងស៊ុល កម្ពុជា​ នៅ​ខេត្ត​សុងក្លា និង​ស្ថាន​អគ្គកុង​ស៊ុល​ថៃ​នៅ​ខេត្ត​សៀមរាប ដែល​ជា​តំបន់​ទេសចរណ៍។ ភាគី​ទាំង​ពីរ​ក៏​បាន​ឯកភាព​បង្កើត​ក្រុម​ការងារ​ចម្រុះ​ ដើម្បី​សិក្សា​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​បំពេញ​បន្ថែម​គ្នា។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​រួម។

បន្ថែម​ពីនេះ ភាគី​ទាំង​ពីរ​ក៏​ឯកភាព​គ្នា​ក្នុង​ការ​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិ​បត្តិការ​លើ​វិស័​យជា​ច្រើន​រួម​មាន​វិស័យ​នយោបាយ ​សេដ្ឋកិច្ច​ ការពារ​ជាតិ​ សន្តិសុខ​ពាណិជ្ជកម្ម​ វិនិយោគ ទេសចរណ៍​ ការងារ​ និង​សន្តិ​សុខ​ថាមពល។

ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​លើ​កិច្ចការពារ​តំបន់ និង​អន្តរជាតិ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ ការ​ចរាចរណ៍​គ្រឿង​ញៀន និង​អំពើ​ជួញដូរ​មនុស្ស។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​រួម។

ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​ទ្វេ​ភាគី​រវាង​មេដឹកនាំ​ទាំង​ពីរ កម្ពុជា​និង​ថៃ​បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​ចំនួន​ ៥ ​ពាក់ព័ន្ធ​នឹង​ការ​កាត់​បន្ថយ​គ្រោះ​មហន្តរាយ និងគ្រោះ​អាសន្ន វិស័យ​សិក្សា​ធិការ វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា ការដឹកទំនិញ​ឆ្លង​កាត់​ព្រំដែន និង​ការ​ធ្វើ​ពាណិជ្ជកម្ម។

មេដឹកនាំ​កម្ពុជា​និង​ថៃ​បាន​ប្រកាស​ជំហរមិនឲ្យ​បុគ្គល ឬ​ក្រុមណា​មួយ​ប្រើ​ប្រាស់​ទឹកដី​ប្រទេស​របស់​ខ្លួន​ប្រឆាំង​នឹង​ប្រទេស​ណាមួយ​ទៀត​ជា​ដាច់​ខាត។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​រួម​គ្នា។

គួរ​បញ្ជាក់​ថា​ កាល​ពី​ខែ​កញ្ញា ឆ្នាំ​មុន នាយក​រដ្ឋមន្ត្រី​ថៃ​ថ្មី លោក សេដ្ឋា ថាវីស៊ីន ដែល​ចូល​កាន់​អំណាច កាល​ពី​ខែ​សីហា ក៏​បាន​មក​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​កម្ពុជា​ ដែល​កម្ពុជា​គឺ​ជា​ប្រទេស​ទី ១ ក្នុង​ចំណោម​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ដែល​នាយក​រដ្ឋមន្រ្តី​ថៃ​បាន​ធ្វើ​ដំណើរ​មក​បំពេញ​ទស្សន​កិច្ច៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG