ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា ក្រុមហ៊ុន Pfizer បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនកំពុងស្នើសុំនិយតករអាមេរិកឱ្យអនុញ្ញាតឱ្យប្រើវ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ខ្លួន ក្នុងគ្រាបន្ទាន់ ដោយចាប់ផ្តើមដំណើរការមួយ ដែលអាចនាំដល់ការចាក់វ៉ាក់សាំងបង្ការរោគក្នុងទ្រង់ទ្រាយតូចនៅនៅខែធ្នូ ហើយនៅទីបំផុតអាចបញ្ចប់ជំងឺការរាតត្បាតនេះ ប៉ុន្តែត្រូវឆ្លងកាត់រដូវរងារដ៏លំបាកនេះសិន។
ការដាក់ពាក្យនេះកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមហ៊ុន Pfizer និងដៃគូរបស់ខ្លួនគឺក្រុមហ៊ុន BioNTech របស់អាល្លឺម៉ង់បានប្រកាសថា វ៉ាក់សាំងរបស់ពួកគេមានប្រសិទ្ធភាព ៩៥% ក្នុងការបង្ការជំងឺកូវីដ១៩ ពីកម្រិតមធ្យមទៅធុនធ្ងន់ នៅក្នុងការសិក្សាដែលកំពុងបន្ត។
ក្រុមហ៊ុនបាននិយាយថា ការការពារបូករួមនឹងកំណត់ត្រាសុវត្ថិភាពល្អមានន័យថា វ៉ាក់សាំងនេះគួរតែមានលក្ខណៈគ្រប់គ្រាន់សម្រាប់អនុញ្ញាតឱ្យប្រើប្រាស់ក្នុងគ្រាបន្ទាន់ គឺអ្វីដែលទីភ្នាក់ងារចំណីអាហារនិងឱសថអាមេរិក FDA អាចអនុញ្ញាតបាន មុនពេលការធ្វើតេស្តចុងក្រោយត្រូវបានបញ្ចប់ទាំងស្រុង។
ក្រុមហ៊ុន Pfizer កាលពីថ្ងៃសុក្រថា ពួកគេក៏បានចាប់ផ្តើមដាក់ពាក្យស្នើសុំនៅអឺរ៉ុបនិងប្រទេសអង់គ្លេសដែរ។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Pfizer លោក Albert Bourla បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការងាររបស់យើងក្នុងការផ្តល់វ៉ាក់សាំងដែលមានសុវត្ថិភាពនិងប្រសិទ្ធភាពមិនដែលមានភាពបន្ទាន់ជាងនេះទេ»។
ដោយការឆ្លងកូវីដ១៩ កើនឡើងខ្លាំងនៅសហរដ្ឋអាមេរិកនិងជុំវិញលើពិភពលោក មានសម្ពាធកាន់តែខ្លាំងឲ្យក្រុមនិយតករធ្វើការសម្រេចចិត្តឲ្យបានឆាប់រហ័ស។ នៅទូទាំងពិភពលោក ក្រុមហ៊ុន Pfizer បានប៉ាន់ប្រមាណថា ខ្លួនអាចមានវ៉ាក់សាំងចំនួន ៥០ លានដូស នៅត្រឹមដំណាច់ឆ្នាំ។
ព័ត៌មានដែលបានបង្ហាញដល់បណ្ឌិត្យសភាវេជ្ជសាស្ត្រជាតិនៅសប្តាហ៍នេះ ឲ្យដឹងថា វ៉ាក់សាំងប្រហែល ២៥ លាន អាចនឹងមានសម្រាប់ការប្រើប្រាស់នៅសហរដ្ឋអាមេរិកវ៉ាក់សាំង ៣០ លាន អាចមានក្នុងខែមករា និង ៣៥ លានទៀតនៅក្នុងខែកុម្ភៈ និងមីនា។ អ្នកទទួលវ៉ាក់សាំងនេះនឹងត្រូវការចាក់ពីរដូស ដោយគម្លាតពីគ្នារយៈពេលបីសប្តាហ៍៕