ក្រុមហ៊ុន Pfizer ហាម​មិន​ឲ្យ​យក​ថ្នាំ​របស់​ខ្លួន​សម្រាប់​ការប្រហារជីវិត​អ្នកទោស

រូបភាព​​ឯកសារ​បង្ហាញ​ពី​បន្ទប់​ចាក់​ថ្នាំ​​ប្រហារជីវិត​អ្នកទោស​នៅ​ក្រុង Huntsville រដ្ឋ Texas.

ក្រុមហ៊ុន​ថ្នាំ​របស់​សហរដ្ឋ​អាមេរិក​ដ៏​ធំមួយ​ឈ្មោះ​ថា​ Pfizer ​បាន​ក្លាយ​ជា​ក្រុមហ៊ុន​ផលិត​ឱសថ​ចុងក្រោយ​គេ​ដែល​ហាមឃាត់​មិន​ឲ្យ​យក​ថ្នាំ​របស់​ខ្លួន​ប្រើ​ប្រាស់​ក្នុង​ការ​ចាក់​ប្រហារជីវិត​អ្នក​ទោស។​

លោក​ស្រី​ Rachel Hooper ​អ្នកនាំ​ពាក្យ​របស់​ក្រុមហ៊ុន​ Pfizer បាន​និយាយ​កាលពីថ្ងៃ​សុក្រ​ថា ​ក្រុម​ហ៊ុន​ផលិត​ថ្នាំ​នេះ​បាន​ចេញ​បម្រាម​មិន​ឲ្យ​យក​ថ្នាំ​របស់​ខ្លួន​ចាក់​ប្រហារជីវិត​អ្នក​ទោស​កាលពី​លើក​មុន​រួចមកហើយ ​ប៉ុន្តែ​ទើប​បន្ថែម​ការហាម​ប្រាម​ថ្មី​ដែល​នឹង​ពង្រឹង​ដល់​ប្រព័ន្ធ​លើក​មុន។

ព័ត៌មាន​ស្តីពី​ការសម្រេច​ចិត្ត​របស់​ក្រុមហ៊ុន​ Pfizer ​ត្រូវ​បាន​រាយការណ៍​ជាបឋម​កាលពី​ថ្ងៃ​សុក្រ​ដោយកាសែត​ The New York Times ។

នៅក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ មាន​ក្រុមហ៊ុន​ផលិត​ថ្នាំ​ប្រហែល​ជា​២០​បាន​ហាម​ឃាត់​មិន​ឲ្យ​យក​ថ្នាំ​របស់​ពួកគេ​ប្រើប្រាស់​សម្រាប់​ចាក់​ប្រហារ​ជីវិត​អ្នក​ទោស​ទេ។

ប៉ុន្តែ​ថ្នាំ​ទាំងនេះ​ត្រូវ​គេ​ប្រើ​ប្រាស់​ខាងផ្នែក​វេជ្ជសាស្រ្ត​ផ្សេងទៀត​ផងដែរ ដែល​កាន់តែ​ធ្វើ​ឲ្យ​វា​កាន់តែ​ពិបាក​ក្នុង​ការ​មិន​ឲ្យយក​មក​ប្រើ​ប្រាស់​នៅ​តាម​មន្ទីរពន្ធនាគារ​រដ្ឋ​សម្រាប់​ប្រហារ​ជីវិត​អ្នកទោស។​

បម្រាម​របស់​ក្រុមហ៊ុន​Pfizer ​កំហិត​លើ​ការ​លក់​ដូរ​នូវ​ផលិតផល​ចំនួន​៧​ទៅ​ឲ្យក្រុម​អ្នក​លក់​ដុំ​ អ្នក​ចែក​ចាយ​ និង​អ្នក​ទិញផ្ទាល់​មួយ​ចំនួន ដោយ​មាន​លក្ខខណ្ឌ​ថា​ ពួកគេ​មិន​លក់​បន្ត​ទៅ​ដល់​អ្នក​ចែកចាយ​ផលិតផល​នេះ​ទៅ ស្ថាប័ន​អប់រំ​កែប្រែដើម្បី​ប្រើ​ប្រាស់​ក្នុង​ការ​ប្រហារ​ជីវិត​មនុស្ស​ឡើយ។

ការដាក់​ទោស​ប្រហារ​ជីវិត​នៅតែ​មាន​លក្ខណៈ​ស្រប​ច្បាប់​នៅ ក្នុង​រដ្ឋ​មួយចំនួន​បើ​ទោះបី​ជា​មាន​ការថយ​ចុះ​ក៏ដោយ ព្រោះ​នៅ​មាន​រដ្ឋ​តែ​មួយចំនួន​តូច​ទេ​នៅ​អនុវត្ត​វិធី​នេះ។ រដ្ឋ​ដទៃទៀត​ដែល​មាន​ផែនការ​ធ្វើ​ដូច​នេះ​ដែរ​មិន​អាច​ធ្វើ​បាន​ឡើយដោយ​សារ​តែ​មាន​បញ្ហា​ខាងផ្នែក​តុលាការ​ កង្វះខាត​ថ្នាំ​ចាក់​សម្លាប់​ឬ​អភិបាល​រដ្ឋ​ធ្វើ​អន្តរាគមន៍៕