ម្ចាស់ពាន​រង្វាន់​អ្នក​កាសែត Peter Mackler ប្រើប្រាស់​ Whatsapp ដើម្បី​បញ្ជូន​ព័ត៌មាន

លោក Malachy Browne អ្នក​ផលិត​វីដេអូ​ជាន់​ខ្ពស់​សម្រាប់​កាសែត New York Times (រូប​ទី១​ពី​ឆ្វេង) លោក Scott Stearns អ្នក​គ្រប់​គ្រង​និពន្ធ​នាយក​របស់​ VOAផ្នែក​តំបន់​អាហ្វ្រិក (រូប​ទី២​ពី​ឆ្វេង) លោក Eloge Willy Kaneza ម្ចាស់ពាន​រង្វាន់ Peter Mackler សម្រាប់​ឆ្នាំ២០១៦ (រូប​ទី៣​ពី​ឆ្វេង) និង​អ្នក​ស្រី Louise Roug និពន្ធ​នាយក​នៅ​កាសែត Politico អឺរ៉ុប (រូប​ទី៤​ពី​ឆ្វេង) ថ្លែង​នៅ​ឯ​ពិធិ​ប្រគល់​រង្វាន់​អ្នក​កាសែត​ឆ្នើម Peter Mackler ឆ្នាំ២០១៦ នៅ​ឯ​ក្លិប​អ្នក​កាសែត​ជាតិ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃ​ទី១៣ ខែ​តុលា ឆ្នាំ២០១៦។​ (ស្រេង លក្ខិណា/VOA)

លោក Eloge Willy Kaneza ម្ចាស់ពាន​រង្វាន់ Peter Mackler សម្រាប់​ឆ្នាំ២០១៦បាន​ថ្លែង​ថា អ្វី​ដែល​លោក​ធ្វើ​គឺ​ជា​វិធី​តែ​មួយ​គត់​ដែល​លោក​អាច​ធ្វើ​បាន​ដើម្បី​បម្រើ​ជាតិ​របស់​លោក។

នាពេល​ថ្មីៗ​នេះ អ្នក​រាយការណ៍ព័ត៌មាន​វិទ្យុ​មក​ពី​ប្រទេស​ Burundi មួយ​រូប​ដែល​ប្រឈម​នឹង​ការ​ធ្វើ​ទុក​បុកម្នេញ​និង​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​កំណើត​របស់​លោក បាន​ទទួល​ពាន​រង្វាន់​នៅ​ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន ដោយ​សារតែ​ភាព​អង់អាច​ក្លាហាន​និង​ការ​លះបង់​របស់​លោក ដើម្បី​ផ្តល់​ព័ត៌មាន​ដែល​ពិត​និង​មិន​លំអៀង​ដល់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ Burundi។ អ្នក​កាសែត​រូប​នេះ​ដែល​មាន​ឈ្មោះ​ថា Eloge Willy Kaneza បាន​ប្រើប្រាស់​វិធី​ពិសេស​មួយ​ដើម្បី​សម្រេច​ការងារ​របស់​លោក។

លោក Eloge Willy Kaneza ដែល​ធ្វើ​ការ​ឲ្យ VOA និង​សារព័ត៌មាន Associated Press បាន​ឈ្នះ​ពាន​រង្វាន់ Peter Mackler សម្រាប់​អ្នក​កាសែត​ដែល​មាន​ភាព​អង់អាច​ក្លាហាន​និង​មាន​ក្រម​សីលធម៌​សម្រាប់​ ឆ្នាំ២០១៦។ លោក​បាន​ទទួល​ពាន​រង្វាន់​នេះ​កាលពី​ថ្ងៃ​ទី១៣ ខែ​តុលា នៅ​ឯ​ក្លឹប​អ្នក​កាសែត​ជាតិ​នៅ​ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន។

ប្រទេស​ Burundi ដែល​ជា​ប្រទេស​តូច​មួយ​និង​មិន​ជាប់​នឹង​សមុទ្រ​ហើយ​ស្ថិត​នៅ​ភាគ​ខាង​កើត​នៃ​ទ្វីប​អាហ្រ្វិក​នោះ​ បាន​ជាប់​ចំណាត់​ថ្នាក់​លេខ ១៥៦ លើ ១៨០ នៅ​ក្នុង​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ធ្វើ​ឡើង​ដោយ​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន។ អំពើ​ហិង្សា​ប្រឆាំង​នឹង​អ្នក​កាសែត​នៅ​តែ​ជា​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ធំៗ​នៅ​ក្នុង​ប្រទេស​ Burundi។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បញ្ហា​ទាំង​នេះ​មិន​បាន​បញ្ឈប់​លោក Eloge Willy Kaneza ឲ្យ​ធ្វើ​ការងារ​របស់​លោក​នោះ​ទេ។ លោក​បាន​ថ្លែង​ថា អ្វី​ដែល​លោក​ធ្វើ​គឺ​ជា​វិធី​តែ​មួយ​គត់​ដែល​លោក​អាច​ធ្វើ​បាន​ដើម្បី​បម្រើ​ជាតិ​របស់​លោក។

«សម្រាប់​ខ្ញុំ​ អ្វី​ដែល​ខ្ញុំ​ធ្វើ ខ្ញុំ​គិត​ថា វា​គឺ​ជា​រឿង​ធម្មតា​នោះ​ទេ ពី​ព្រោះ​ថា ក្នុង​នាម​ជា​អ្នក​កាសែត​មួយ​រូប នេះ​គឺ​ជា​វិធី​តែ​មួយ​គត់​ដើម្បី​បម្រើ​ប្រទេស​ជាតិ​របស់​ខ្ញុំ ពី​ព្រោះ​ថា ប្រទេស​របស់​ខ្ញុំ បាន​ផ្តល់​នូវ​អ្វីៗ​ជា​ច្រើន​សម្រាប់​ខ្ញុំ‍»។

កាលពី​ខែ​ឧសភា ឆ្នាំ២០១៥ ប្រធានាធិបតី​ Burundi លោក Pierrer Nkurunziza បាន​បិទ​ស្ថានីយ៍​វិទ្យុ​ឯករាជ្យ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​ ដោយ​ស្តី​បន្ទោស​ស្ថានីយ៍​ទាំង​នោះ​ថា​ជា​អ្នក​បង្ក​ភាព​វឹកវរ​ក្នុង​ប្រទេស។ លោក Kaneza ហើយ​និង​ក្រុម​របស់​លោក​បាន​រក​ឃើញ​វិធី​សាស្ត្រ​ថ្មី​មួយ គឺ​ដោយ​ប្រើ​បច្ចេកវិទ្យា​អ៊ីនធើណិត​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ Burundi។

«ទោះ​បី​ជា​យើង​មិន​មាន​កន្លែង​ដើម្បី​ប្រមូលផ្តុំ​គ្នា​ក៏​ដោយ​ ពួក​យើង​ប្រើ​ប្រាស់​ទូរស័ព្ទ​របស់​យើង​ជា​បន្ទប់​ផ្សាយ​ព័ត៌មាន។ យើង​មាន​ក្រុម​របស់​យើង​នៅ​ក្នុង​កម្មវិធី WhatsApp ហើយ​រាល់​ព្រឹក ពួក​យើង​និយាយ​សួស្តី​ដាក់​គ្នា ហើយ​ប្រាប់​គ្នា​ទៅ​វិញ​ទៅ​មក​ថា​យើង​មាន​ព័ត៌មាន​អ្វី‍»។

កម្មវិធី WhatsApp អនុញ្ញាត​ឲ្យ​គ្រប់​គ្នា​អាច​ចែក​ចាយ​បទ​ពិសោធន៍​ដែល​ពួក​គេ​ជួប​ប្រទះ នេះ​បើ​យោង​តាម​លោក Malachy Browne អ្នក​ផលិត​វីដេអូ​ជាន់​ខ្ពស់​សម្រាប់​កាសែត New York Times ដែល​បាន​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ប្រគល់​ពាន​រង្វាន់​នេះ​ក្នុង​នាម​ជា​វាគ្មិន​មួយ​រូប​ផង​ដែរ។

«កម្មវិធី​នេះ​អនុញ្ញាត​ឲ្យ​អ្នក​ដែល​បាន​ជួប​ប្រទះ​នឹង​ព្រឹត្តិការណ៍​នានា​អាច​រៀបរាប់​ពី​រឿង​រ៉ាវ​ទាំង​នោះ ដោយ​ប្រាស្រ័យ​ទាក់​ទង​គ្នា​នៅ​ក្នុង​កម្មវិធី WhatsApp ហើយ​បញ្ជូន​ព័ត៌មាន​និង​រៀប​រាប់​អំពី​អ្វី​ដែល​ពួក​គេ​មាន​ ហើយ​ការ​ធ្វើ​ដូច្នោះ​គឺ​យើង​ពិត​ជា​ទទួល​បាន​នូវ​បទ​ពិសោធន៍​ពី​ពួក​គេ‍»។

កម្មវីធី WhatsApp គឺ​ជា​កម្មវិធី​ដែល​មាន​សុវត្ថិភាព​និង​មាន​អំណាច​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ ពិសេស​នៅ​ក្នុង​ប្រទេស​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​ពាក្យ​ចចាមរ៉ាម​និង​អំពើ​ហិង្សា​ដ៏​សាហាវ​កើត​មាន​ឡើង នេះ​បើ​យោង​តាម​លោក Scott Stearns អ្នក​គ្រប់​គ្រង​និពន្ធ​នាយក​របស់​ VOAផ្នែក​តំបន់​អាហ្វ្រិក។

«វា​គឺ​ជា​កម្មវិធី​ដ៏​មាន​អំណាច​ពិសេស​មួយ ពី​ព្រោះ​ថា​កម្មវិធី​នេះ​មាន​លេខ​កូដ​ការពារ​ពិសេស។ ហើយ​ទី២ ដោយ​សារ​តែ​វា​មាន​ភាព​ជិតស្និត​ក្នុង​ការ​ប្រើ​ប្រាស់​កម្មវិធី​ WhatsAppជា​វេទិកា​ផ្តល់​ព័ត៌មាន។ នេះ​មាន​ន័យ​ថា​អ្នក​មិន​ចាំបាច់​ឡើង​ទៅ​ជាន់​កំពូល​របស់​អាគារ​និង​ស្រែក​ ហើយ​សង្ឃឹម​អ្នក​ដែល​ឮ​អ្នក​ ស្តាប់​អ្នក​នោះ​ទេ។ គ្រប់​គ្នា​ដែល​អ្នក​ផ្ញើរ​ព័ត៌មាន​ទៅ​នោះ​គឺ​ជា​អ្នក​ដែល​សុំ​អ្នក​ធ្វើ​មិត្ត​របស់​ពួក​គេ​នៅ​ក្នុង​កម្មវិធី WhatsApp នោះ។ ដូច្នេះ​ គឺ១០០ភាគរយ​ហើយ​ថា​អ្នក​ដែល​អ្នក​ចែកចាយ​ព័ត៌មាន​តាម​រយៈ​កម្មវិធី WhatsApp នោះ​ គឺ​ចង់​ឮ​ពី​អ្នក‍»។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក Stearns បាន​បន្ថែម​ថា នៅ​តែ​មាន​ហានិភ័យ​ក្នុង​ការ​ប្រើ​ប្រាស់​កម្មវិធី​នេះ ដោយ​សារ​តែ​បច្ចេកវិទ្យា​ទាំង​នោះ​នៅ​តែ​ពឹង​អាស្រ័យ​ទៅ​លើ​ប្រព័ន្ធ​អ៊ីនធើណិត ហើយ​ថា​រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​ដែល​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​តែ​ជា​បញ្ហា​នោះ​ អាច​កាត់​ផ្តាច់​ប្រព័ន្ធ​អ៊ីនធើណិត​នៅ​ពេល​ណា​ក៏​បាន។

«ប៉ុន្តែ​ហានិភ័យ​នោះ​ត្រង់​ថា កម្មវិធី​ទាំង​នោះ​នៅ​តែ​ពឹងផ្អែក​ទៅ​លើ​ប្រព័ន្ធ​អ៊ីនធើណិត។ ហើយ​កាលពី​ឆ្នាំ​មុន​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​ យើង​ឃើញ​ថា ប្រព័ន្ធ​អ៊ីនធើណិត​នៅ​ទូទាំង​ប្រទេស​ត្រូវ​បាន​កាត់​ផ្តាច់​នៅ​ក្នុង​រដ្ឋ​ធានី Brazzaville នៃ​ប្រទេស Congo ប្រទេស​ Gabon និង​ប្រទេស​ Uganda រយៈ​ពេល​មួយ​សប្តាហ៍​មុន​និង​ក្រោយ​ពេល​បោះឆ្នោត ដូច្នេះ​អ្នក​នៅ​តែ​ត្រូវ​ការ​ប្រព័ន្ធ​អ៊ីនធើណិត‍»។

ពាន​រង្វាន់​ Peter Mackler ត្រូវ​បាន​បង្កើត​ឡើង​ក្រោយ​ពេល​ដែល​លោក Peter Mackler អ្នក​គ្រប់​គ្រង​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន បាន​ទទួល​មរណភាព​កាល​ពី​ឆ្នាំ២០០៨៕