​ប៉េរូ​ស្នើ​ឲ្យ​មាន​កិច្ចប្រជុំ​នៃ​បណ្តា​ប្រទេស​អាមេរិក​ឡាទីន​ក្រោយ​ការ​បោះឆ្នោត​មិន​ស្របច្បាប់​របស់​វេណេស៊ុយអេឡា

ប្រធានាធិបតី​វេណេស៊ុយអេឡា លោក Nicolas Maduro បាន​សាទរ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​សភា នៅ​ទីក្រុង​ការ៉ាកាស កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា។

រដ្ឋាភិបាល​ប៉េរូ​កំពុង​តែ​រៀបចំ​កិច្ចប្រជុំ​មួយ​រវាង​រដ្ឋមន្ត្រី​អាមេរិក​ឡាទីន ទៅ​លើ​អ្វី​ដែល​ប្រទេស​នេះ​ហៅ​ថា ជា​ការ​បោះឆ្នោត​«មិន​ស្រប​ច្បាប់‍»​របស់​ប្រទេស​វេណេស៊ុយអេឡា ​កាល​ពី​ថ្ងៃ​អាទិត្យ ដែល​គាំទ្រ​ទៅ​លើ​ស្ថាប័ន​រដ្ឋាភិបាល​ថ្មី​មួយ​ដែល​ទទួល​បន្ទុក​ខាង​តាក់​តែង​រដ្ឋធម្មនុញ្ញថ្មី​នៅ​ក្នុង​ប្រទេស​នេះ។

កិច្ចប្រជុំ​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៨​ខែ​ សីហា​ ក្នុង​រដ្ឋធានី លីម៉ា នេះ បង្ហាញ​ពី​ការ​ព្រួយបារម្ភ​របស់សហគមន៍​អន្តរជាតិ​កាល​ពី​ថ្ងៃ​ចន្ទ អំពី​ការ​អនុម័ត​ឲ្យ​មាន​សភា​ធម្មនុញ្ញ​មួយ។ សមាជិក​ទាំង​៥៤៥​រូប ​នៃ​ស្ថាប័ន​នេះ​គាំទ្រ​ដល់​លោក​ប្រធានាធិបតី​សង្គមនិយម ​Nicolas Maduro​ និង​អាច​ជំនួស​សភាជាតិ ដែល​ជា​អង្គ​នីតិបញ្ញត្តិ​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រឆាំង​ផង​ដែរ។

កាល​ពី​ថ្ងៃ​ចន្ទ សហភាព​អឺរ៉ុប​បាន​ចូលរួម​ជាមួយ​នឹង​ប្រទេស​កូឡុំប៊ី សហរដ្ឋ​អាមេរិក ម៉ិកស៊ិក ​អេស្ប៉ាញ និង​ប្រទេស​យ៉ាង​ហោច​ណាស់​ចំនួន​៧​ផ្សេង​ទៀត ដោយ​និយាយ​ថា ប្រទេស​ទាំង​នោះ​នឹង​មិន​ទទួល​ស្គាល់​សភា​ធម្មនុញ្ញ​នេះ​ឡើយ។ ​

លោកស្រី Mina Andreeva អ្នកនាំពាក្យ​គណៈ​កម្មការ​អឺរ៉ុប​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ក្នុង​រដ្ឋធានី​ប៊្រុចសែល​ ថា សភា​របៀប​នេះ​«ដែល​ត្រូវ​បាន​បោះឆ្នោត​ក្រោម​មន្ទិល​សង្ស័យ​និង​ជារឿយៗ​មាន​អំពើ​ហិង្សា​ផង​នោះ មិន​អាច​ក្លាយ​ជា​ដំណោះ​ស្រាយ​នៃ​វិបត្តិ​នៅ​ក្នុង​ប្រទេស​វេណេស៊ុយអេឡា​ នោះ​ទេ‍»។

លោកស្រី​បាន​មាន​ប្រសាសន៍​ទៀត​ថា ការ​បោះឆ្នោត​នេះ​«បាន​បង្កើន​ការ​បែងចែក​ហើយ​និង​បន្ត​ធ្វើ​ឲ្យ​ស្ថាប័ន​ដែល​ត្រូវ​បាន​បោះឆ្នោត​ដោយ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​វេណេស៊ុយអេឡា​ ក្លាយ​ជា​មិន​ស្របច្បាប់‍»៕