ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិច្រានចោលការលើកឡើងរបស់អ្នករាយការណ៍ពិសេសដែលលើកឡើងក្តីបារម្ភអំពីការមិនចុះបញ្ជីគណបក្សភ្លើងទៀនសម្រាប់ការបោះឆ្នោត ការកាត់ទោសមេដឹកនាំជំទាស់ និងការបិទប្រព័ន្ធផ្សព្វផ្សាយ។
ស្ថានបេសកកម្មអចិន្ត្រៃយ៍នេះអះអាងថា ការលើកឡើងរបស់អ្នករាយការណ៍ពិសេសធ្វើឱ្យមានការយល់ច្រឡំចំពោះការបោះឆ្នោតនាខែកក្កដាខាងមុខ។
ប្រតិកម្មរបស់ស្ថានបេសកកម្មនេះកើតឡើង ក្រោយមានការអំពាវនាវក៏ដូចជាការជំរុញពីសហគមន៍អន្តរជាតិ ពាក់ព័ន្ធនឹងការកាត់ទោសលោក កឹម សុខា ការបិទវិទ្យុសំឡេងប្រជាធិបតេយ្យវីអូឌី និងចុងក្រោយនេះការដែលស្ថាប័នរៀបចំការបោះឆ្នោតមិនចុះបញ្ជីឱ្យគណបក្សភ្លើងទៀន ដែលជាគណបក្សជំទាស់ធំជាងគេនៅកម្ពុជា អាចចូលរួមការបោះឆ្នោតនាពេលខាងមុខ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជា ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ការលើកឡើងដែលថា ការមិនចុះបញ្ជីឲ្យគណបក្សភ្លើងទៀនគឺជាការរើសអើងគណបក្សនោះ គឺជាការចោទប្រកាន់ដែល«មិនសមហេតុផល»។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាបញ្ជាក់ថា ស្ថាប័នរៀបចំការបោះឆ្នោតអនុវត្តស្តង់ដារដូចគ្នាគ្រប់គណបក្សនយោបាយទាំងអស់។
សេចក្តីប្រកាសនេះបញ្ជាក់ថា៖ «ការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅតែឥតងាករេ។ ល្គឹកណាគ្រប់គណបក្សនយោបាយទាំងអស់ និងអ្នកគាំទ្ររបស់ពួកគេអនុវត្តសិទ្ធិរបស់ខ្លួនក្នុងរង្វង់ច្បាប់ នោះទើបបរិយាកាសអំណោយផលដល់ការបោះឆ្នោតអាចធានាបាន»។
ស្ថានបេសកកម្មនេះបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «អាណត្តិរបស់អ្នករាយការណ៍ពិសេស គឺដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្ស មិនមែនដើម្បីជំរុញការប្រព្រឹត្តខុសរបស់មនុស្សនោះទេ»៕