អំណាច​ប្រជាជន​ជំរុញ​ឲ្យ​​បក្ស​កាន់​អំណាច​បរាជ័យ​ក្នុង​​ការ​បោះឆ្នោត​ម៉ាឡេស៊ី

អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​អបអរ​ និង​គ្រវី​ទង់ជាតិ​បក្ស​របស់​ពួកគេ បន្ទាប់​ពី​លោក Mahathir Mohamad បាន​លើក​ឡើង​ពីជ័យជម្នះ​របស់​បក្ស​ប្រឆាំង​ឈ្នះ​ការបោះឆ្នោត​ជាតិ​ តាម​រយៈ​ការផ្សព្វផ្សាយ​តាម​ផ្ទាំង​ធំមួយ​នៅកន្លែង​សាធារណៈ​មួយ​ ក្នុងទីក្រុងគូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា​ ឆ្នាំ​២០១៨។

ការ​បោះ​ឆ្នោត​ជាតិជា​ប្រវត្តិសាស្ត្រ​មួយ​របស់​ប្រទេស​ម៉ាឡេស៊ី​ កាល​ពី​ពាក់​កណ្ដាល​ខែ​ឧសភា​កន្លង​ទៅ​ គឺ​ជា​ការ​ខក​ចិត្ត​លើក​ដំបូង​បង្អស់​សម្រាប់​សម្ព័ន្ធ​នៃ​គណបក្ស​រណៈសិរ្ស​ជាតិ (National Front) ដែល​បានកាន់​អំណាច​ តាំង​ពី​ក្រោយ​ទទួល​បាន​ឯករាជ្យ​ក្នុង​ឆ្នាំ​១៩៦១​មក។

មួយ​ផ្នែក​ធំ​នៃ​ការ​បរាជ័យ​នេះ​គឺ​ដោយ​សារមាន​កិច្ចប្រឹងប្រែង​នៃ​ចលនា​ប្រជាជន​នៅ​មូលដ្ឋាន ​ដើម្បី​បោះឆ្នោត​ជម្នះ​នឹង​ស្ថានភាព​ដ៏​មិន​អំណោយផល គឺ​ការ​គូស​វាស​ជា​ថ្មី​នូវ​ដែន​មណ្ឌល​បោះឆ្នោតដើម្បីឲ្យ​មាន​ប្រៀប​ទៅ​ឲ្យ​គណបក្ស​រណៈសិរ្ស​ជាតិ។ ការ​បោះឆ្នោត​ម៉ាឡេស៊ី​បាន​ប្រព្រឹត្ត​ធ្វើ​ឡើង​ក្នុង​ថ្ងៃ​ពុធ ទី​៩ ខែ​ឧសភា ហើយ​ពលរដ្ឋ​ម៉ាឡេស៊ី​ទើប​បាន​ដឹង​ថា​ ដើម្បី​អាច​បោះឆ្នោត​បាន ពួកគេ​ត្រូវ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យបាន​ត្រឹម​ដំណាច់​ខែ​ធ្នូ​ឆ្នាំ​២០១៧ គឺ​នៅ​ប្រាំ​ខែ​មុន​ការ​បោះឆ្នោត​ជាតិ​ខែ​ឧសភា ដែល​ទើប​ត្រូវ​គេ​ប្រកាស​កាល​ពី​ខែ​មេសា​ប៉ុណ្ណោះ។​

លើស​ពី​នេះ​ទៀត​ នៅ​មាន​ឧបសគ្គ​តូចៗ​ច្រើន​រាប់​មុខ​ទៀត​ ដូចជា​ ការណ៍​ដែល​អ្នក​អាច​ត្រូវ​បាន​រារាំង​ពី​ការ​បោះ​ឆ្នោត​ដោយ​សារ​តែ​ការ​ស្លៀក​ពាក់​មិន​ត្រឹមត្រូវ​ ឬ​ក៏​មន្ត្រី​នៅ​ការិយាល័យ​បោះ​ឆ្នោត​ដែល​ត្រូវ​បាន​បណ្ដុះ​បណ្ដាល​មិន​សូវ​ល្អ​នោះ​ បាន​ភ្លេច​បោះត្រា​សន្លឹក​ឆ្នោត ជា​ហេតុ​ធ្វើ​ឲ្យ​សន្លឹក​ឆ្នោត​នោះ​ក្លាយ​ជា​មោឃៈ។

​អ្នក​នាង​ Liyana Yusof ជា​សកម្មជន​ស៊ីវិល​ម្នាក់​ក្នុង​ទីក្រុង​ Kuala Lampur ដែល​ធ្វើ​ការ​ជាមួយ​នឹង​យុទ្ធនាការ​បោះឆ្នោត​យុវជន​ មិន​ស្វែង​រក​ប្រាក់​ចំណេញ​មួយ​ឈ្មោះ​ថា​ «Watan» បាន​និយាយ​ថា​ មាន​ប្រជាជន​ម៉ាឡេស៊ី​ជា​ច្រើន​បានស្ម័គ្រ​ចិត្ត​ដោយ​មិន​គ្រោង​ទុក មក​«ការពារ» ​ការិយាល័យ​បោះឆ្នោត​ជាច្រើន​ នា​យប់​ថ្ងៃ​បោះ​ឆ្នោត​ ទី​១៦​ ខែ​ឧសភា​ ដើម្បី​ការពារ​ពី​ការ​គំរាម​កំហែង​នានាតាម​ពាក្យ​ចចាមអារ៉ាម​ដូច​ជា​ថា​មាន​ប្រអប់​សន្លឹក​ឆ្នោត​ខ្មោច​ជា​ដើម។

អ្នក​នាង​បាន​និយាយ​ ក្រោយ​ពី​ការបោះឆ្នោត​បាន​ពីរ​ថ្ងៃ​ថា៖​

«ការណ៍​នោះ​ មិន​បាន​ត្រៀម​ទុក​ជា​មុន​ប៉ុន្មាន​ទេ។ ខ្ញុំ​គ្រាន់​តែ​ទៅ​ការិយាល័យ​បោះ​ឆ្នោត​ដែល​នៅ​ជិត​បំផុត​ នា​យប់​ថ្ងៃ​បោះ​ឆ្នោត​នោះ។ វា​ស្ថិត​នៅ​សង្កាត់​ Lembah Pantai (ភាគ​និរតី​ក្រុង​គូឡាឡាំពួ) ហើយ​បាន​នៅ​ទី​នោះ​អស់​រយៈ​ពេល​៤​ម៉ោង​ ដើម្បី​សង្កេត​មើល​ថា​ តើ​ប៉ូលិស​បាន​ព្យាយាម​ធ្វើ​អ្វី​ផ្តេសផ្តាស ដូច​ជា​ការ​លួច​បន្ថែម​សន្លឹក​ឆ្នោត​ឬ​យ៉ាង​ណា។»

ក្រុម​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​មួយ​ផ្សេង​ទៀត​ គឺ​ក្រុង​ Setia Alam ក្នុង​រដ្ឋ​ Selangor បាន​ប្រើ​សោ​កង់​ចាក់​បិទ ​ក្រុម​មន្ត្រី​រៀបចំ​ការបោះឆ្នោត​នៅ​ក្នុង​ការិយាល័យ​របស់​ពួកគេ រហូត​ដល់​ក្រុម​មន្ត្រី​ទាំង​នោះ​យល់​ព្រម​បោះត្រា​និង​បញ្ចេញ​លទ្ធផល​ ដែល​បាន​បញ្ជាក់​ថា​ គណបក្ស​ប្រឆាំង​បាន​ឈ្នះ​ឆ្នោត។

អ្នក​នាង​ Yusof បាន​រៀបរាប់​អំពី​ការណ៍​ដែល​កើត​ឡើង​ជាក់ស្ដែង​នោះ​ថា៖​

«វា​គ្រាន់​តែ​ជា​ការព្រមព្រៀង​មួយ​ក្នុង​ការ​បោះឆ្នោត​នៅ​ទី​នេះ។ ហើយ​កាល​ពី​ការ​បោះឆ្នោត​អាណត្តិ​មុន​ ខ្ញុំ​បាន​រួម​ចំណែក​ធ្វើ​ជា​អ្នក​ការពារ​ការិយាល័យ​បោះឆ្នោត។»

រូប​ឯកសារ៖​សកម្មជន​របស់​សម្ព័ន្ធ​ដើម្បី​ភាព​ស្អាត​ស្អំ​និង​ការបោះឆ្នោត​ដោយ​យុត្តិធម៌​ ហៅ​កាត់​ចលនា​ Bersih ធ្វើ​ការ​ដើរ​ក្បួន​ជា​សាធារណៈ​នៅ​ក្នុង​ទីក្រុង​គូឡាឡាំពួ​ កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦។

ពី​សង្គម​ស៊ីវិល​ឆ្ពោះ​ទៅ​កាន់​សភា

ចលនា​សង្គម​ស៊ីវិល​មួយ​ទៀត​ ហៅ​ជា​ភាសា​ម៉ាឡេ​ថា​ «Bersih» ​ដែល​មាន​ន័យ​ថា​ «ស្អាត​ស្អំ» បាន​បណ្ដុះ​មូលដ្ឋាន​គ្រឹះ​ សម្រាប់​ឲ្យ​មាន​ចំនួន​មនុស្ស​ទៅ​បោះ​ឆ្នោត​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ និងជំរុញអារម្មណ៍​សាធារណជន​ឲ្យ​ប្រឆាំង​អំពើ​ពុក​រលួយ​ ក្នុង​ការ​បោះ​ឆ្នោត​លើក​នេះ។

ចលនា​ Bersih បាន​តស៊ូ​មតិ​សម្រាប់​កំណែ​ទម្រង់​ការបោះឆ្នោត​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ ចាប់​តាំង​ពី​ឆ្នាំ​២០០៦។ ការ​ប្រមូល​ផ្ដុំ​មនុស្ស​របស់​ចលនា​នេះ​ បាន​គ្រប​ដណ្ដប់​រាជធានី​ជា​ច្រើន​ដង​ ដោយ​ពោរពេញ​ដោយ​អ្នក​ចូលរួម​ពាក់​អាវ​ពណ៌​លឿង​ ដើម្បី​ប្រឆាំង​អំពើ​ពុក​រលួយ​ ការ​លួច​បន្លំ​ក្នុង​ការ​បោះ​ឆ្នោត​ និង​ការរារាំង​ចំពោះ​ការបោះឆ្នោត​ដោយ​សេរី។

អ្នក​ស្រី​ Maria Chin Abdullah ជា​សកម្មជន​ដែល​ដំណើរការ​ចលនា​នេះ​អស់​រយៈពេល​ដប់​ឆ្នាំ​មក​ហើយ។ អ្នក​ស្រីនិយាយ​ថា៖

«នេះ​គឺ​ជា​ជ័យ​ជម្នះ​យ៉ាង​ធំធេង​សម្រាប់​ពួក​យើង​ ដែល​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ដើម្បី​ឲ្យ​គេ​ដឹង​ថា​ ប្រព័ន្ធ​នេះ​គឺ​រលួយ។ ការ​ធ្វើ​ការ​ប្រមូល​ផ្ដុំ​មនុស្ស​ដ៏​ធំ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ គឺ​ជា​ជំហាន​ដ៏​ធំ​មួយឆ្ពោះ​ទៅ​មុខ។​ ប្រជាជន​យើង​មិន​សូវ​ជា​ធ្វើ​បែប​នេះ​ប៉ុន្មាន​ទេ។ វា​ជា​សញ្ញា​ប្រាប់​ថា​ ប្រជាជន​មាន​ការ​ឆ្អែត​ឆ្អន់នឹង​អំពើ​ពុក​រលួយ​នេះ។»

អ្នក​ស្រី​បាន​ផ្ដល់​បទ​សម្ភាសន៍​ដល់​ VOA នៅ​ឯ​ទីស្នាក់ការ​កណ្ដាល​របស់​យុទ្ធនា​ការ មួយ​ថ្ងៃ​មុន​ការ​បោះ​ឆ្នោត។

​នៅ​ក្នុង​ការណ៍​មួយ​មើល​ទៅ​ដូច​ជាប្រផ្នូល​នៃ​ការ​ផ្លាស់ប្ដូរ​ អ្នក​ស្រី​ Abdullah អាយុ​៦២​ឆ្នាំ​រូប​នេះ​ បាន​ចាកចេញ​ពី​ចលនា​ Bersih ដើម្បី​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​សភា​ឆ្នាំ​នេះ​ ក្រោម​បដា​សម្ព័ន្ធ។​ ស្ត្រី​ដែល​បាន​ឃ្លាំ​មើល​ការ​ផ្លាស់ប្តូរ​របស់​ចលនា​ Bersih ពី​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល​ ទៅ​ជា​ចលនា​សង្គម​ស៊ីវិល​ឯករាជ្យ​ពេញ​លេញ​មួយ​ ពេល​នេះ​អ្នក​ស្រី​នឹង​កាន់កាប់អាសនៈ​មួយ​ដោយ​ផ្ទាល់​នៅ​ក្នុង​អង្គ​នីតិប្បញ្ញត្តិ។

អ្នក​ស្រី​និយាយ​ថា​៖​

«បញ្ហា​សំខាន់​បំផុត​គឺ​ នៅ​ឆ្នាំ​នេះ​ គណៈកម្មាធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត បាន​រៀប​ចំ​បង្កើត​ច្បាប់​ថ្មី​សឹង​តែ​រៀង​រាល់​ថ្ងៃ។ សមាជិក​ចលនា​ Bersih គួរ​តែ​ត្រូវ​បាន​អនុញ្ញាត​ក្នុង​ការ​ចូល​ទៅ​កាន់​ប្រអប់​សន្លឹក​ឆ្នោត​ នៅ​ក្នុង​ប៉ុស្តិ៍​ប៉ូលិស ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​បដិសេធ។ ហើយ​បន្ទាប់​មក​ មាន​ការ​ទិញ​សន្លឹក​ឆ្នោត​ក្នុង​ទំហំ​ដ៏​ធំ​មួយ។ គណបក្ស​[រណសិរ្ស​ជាតិ​]កំពុង​ចែក​អំណោយ​ជាទូរទស្សន៍​ប្រភេទ​កញ្ចក់​រាប​ស្មើ និង​ម៉ូតូ។ វា​គឺ​ជា​ការ​ប្រកួត​មួយ​ ដែល​មាន​កម្រិត​មិន​ស្មើ​គ្នា។»

រូប​ឯកសារ៖​ អ្នក​ស្រី​ Maria Chin Abdullah [កណ្តាល] ប្រធាន​សម្ព័ន្ធ​ដើម្បី​ភាព​ស្អាត​ស្អំ​និង​ការបោះឆ្នោត​ដោយ​យុត្តិធម៌​ ហៅ​កាត់​ចលនា​ Bersih ដែល​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ ជួប​ជាមួយ​អ្នក​គាំទ្រ​ ខណៈ​ពួកគេ​ត្រៀម​ធ្វើ​ការ​ដើរ​ក្បួន​ជា​សាធារណៈ​នៅ​ក្នុង​ទីក្រុង​គូឡាឡាំពួ​ កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​សីហា​ ឆ្នាំ​២០១៥។

តើ​អ្វី​កើត​ឡើង​បន្ទាប់?

អ្នក​ស្រី​ Abdullah បាន​ប្រាប់​ VOA ថា​ អ្នកស្រី​មាន​គោល​នយោបាយ​ចម្បង​នៅ​ក្នុង​របៀបវារៈ​ សម្រាប់​រដ្ឋបាល​ថ្មី​ គឺ​ កំណែ​ទម្រង់​ការ​បោះឆ្នោត​ ការ​បញ្ជ្រាប​សមភាព​យេនឌ័រ​ និង​ការ​ដោះស្រាយ​បញ្ហា​នៅ​តាម​មណ្ឌល​ ដូច​ជា​តម្លៃ​សមរម្យ​សម្រាប់​លំនៅឋាន។

អ្នក​ស្រី​បាន​និយាយ​ថា​ «យើង​គួរ​តែ​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​ ដើម្បី​បង្កើន​ការ​ចូលរួម​របស់​ស្ត្រី​នៅ​គ្រប់​កម្រិត​ទាំងអស់​នៃ​ការ​សម្រេច​ចិត្ត​ និង​មាន​សកម្មភាព​ដែល​មាន​ទំនោរ​បង្កើន​ចំនួន​អប្បបរមា​នៃ​សមាជិក​សភា​ឲ្យ​បាន​៣០%។»

និយាយ​ជា​ទូទៅ​ កិច្ចការ​របស់​ចលនា​ Bersih គឺ​ «ច្បាស់​ណាស់» បាន​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​បោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​នេះ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​ស្រី​ Abdullah។

«វា​បាន​ចាក់​គ្រឹះ​ដល់​ប្រជាជន​ សម្រាប់​ទាមទារ​សិទ្ធិ​របស់​ពួក​គេ ​ក្នុង​ការ​បញ្ចេញ​មតិ​ សិទ្ធិ​ក្នុង​ការ​ប្រមូល​ផ្ដុំ និង​សិទ្ធិ​ក្នុង​ការ​ចង​ក្រង​ជា​សមាគម។»

សម្រាប់​អ្នក​ស្រី​ Abdullah ផ្ទាល់ ​គឺ​ប្រឆាំង​នឹង​ប្រព័ន្ធ​សភា​ «អ្នក​ដំបូង​ទទួល​តំណែង» ដែល​ត្រូវ​បាន​អនុវត្ត​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ ដោយ​បេក្ខជន​ណា​ដែល​ទទួល​សំឡេង​ឆ្នោត​នៅ​ក្នុង​មណ្ឌល​ដែល​ឈ្នះ​ នឹង​ក្លាយ​ជា​សមាជិក​សភា​សម្រាប់​អាសនៈ​នោះ។​ អ្នក​ស្រី​និយាយ​ថា​ ប្រព័ន្ធ​នោះ​ ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ពេក​ សម្រាប់​គណបក្ស​ ឬ​សម្ព័ន្ធ​នានា​ គ្រប់​គ្រង​ដោយ​មិនរាប់​ចំនួន​អ្នក​បោះ​ឆ្នោត​សរុប។ ការណ៍​នេះ​ធ្លាប់​កើត​ឡើង​សម្រាប់​រណសិរ្ស​ជាតិ​ កាល​ពី​ឆ្នាំ​២០១៣។

លោក​ James Chin នៃ​សាកលវិទ្យាល័យ​ Tasmania និយាយ​ថា​ ទោះ​បី​នៅ​ក្នុង​ប្រព័ន្ធ​ដែល​អាច​មាន​ចន្លោះ​ប្រហោង​ ក៏​ឧបសគ្គ​រារាំង​ផ្សេង​ទៀត​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​នេះ ត្រូវ​បាន​គេ​ជម្នះ​យ៉ាង​ស្រួល​ ដោយ​សារ​តែ​មាន​ឧបសគ្គ​ផ្សេង​កើត​ឡើង​មុន។ អតីត​នាយក​មន្ត្រី​ Najib Razak បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​អាស្រូវ​ដ៏​ធំ​មួយ។ លោក​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​លួច​លុយ​ជិត​ ៧០០​ លាន​ដុល្លារ​ពី​មូលនិធិ​អភិវឌ្ឍ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ និង​សម្ព័ន្ធ​រណសិរ្ស​ជាតិ​របស់​លោក​ បាន​គ្រប់គ្រង​ប្រទេសអស់​រយៈពេល​ ៦​ ទសវត្សរ៍​ ដោយ​គ្មាន​ការ​ប្រជែង ​ហើយ​កាន់​តែ​ឃ្លាតឆ្ងាយ​ពី​អ្នក​បោះឆ្នោតរបស់ខ្លួន។

លោក​ Chin និយាយ​ថា៖​ «សូម្បី​តែ​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​ពុធ​នោះ គ្មាន​ឥទ្ធិពល​ទេ។ ប្រជាជន​ម៉ាឡេស៊ី​មាន​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំងនឹង​លោក​ Najib រហូតពួក​គេ​មាន​ឆន្ទៈ​នឹង​លះបង់​ថ្ងៃ​ឈប់​សម្រាក​និង​អ្វីៗ​ផ្សេង​ទៀត​ ដើម្បី​«​ដេញ​វ៉ៃគាត់» ដូចជន​ជាតិ​អាមេរិក​តែង​និយាយ​អញ្ចឹង​ ។ ពួក​គេ​ចង់​ដេញ​វ៉ៃ​គាត់​ចេញ៕»

ប្រែ​សម្រួល​ដោយ​ នូវ​ ពៅ​លក្ខិណា