មនុស្ស​យ៉ាង​តិច​១៥​នាក់​ស្លាប់​និង​ជាង​១០០​នាក់​បាត់​ខ្លួន​នៅ​ក្នុង​ការ​បាក់​ដី​នៅ​ប្រទេស​ចិន

ក្រុម​សាច់ញាតិជនរងគ្រោះ​អុជធូប​និង​ក្រដាសសែនដើម្បី​ឧទ្ទិសដល់អ្នកស្លាប់ដោយសារ​ការបាក់ដី​នៅ​ភូមិ Xinmo តំបន់ Maoxian County ភាគនិរតី​ប្រទេសចិន​នៅខេត្ត Sichuan កាល​ពី​ថ្ងៃទី​២៥ មិថុនា ២០១៧។

អាជ្ញាធរ​ចិន​បាន​បញ្ជាក់​ថា សាកសព​ចំនួន​យ៉ាង​តិច ១៥ នាក់ ត្រូវ​បាន​រក​ឃើញ​ហើយ​មនុស្ស​ជាង ១ រយ​នាក់​ផ្សេង​ទៀត នៅតែ​បាត់​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​បន្ទាប់​ពី​ការ​បាក់​ដី​ដ៏​ធំ​មួយ​បាន​សង្កត់​កប់​ពី​លើ​ភូមិ Xinmo នៅ​តាម​តំបន់​ភ្នំ ក្នុង​ខេត្ត Sichuan ប្រទេស​ចិន។

រដ្ឋាភិបាល​ខេត្ត Sichuan បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន​ថា អាជ្ញាធរ​កំពុង​ធ្វើ​ប្រតិបត្តិការ​សង្គ្រោះ​បន្ទាន់​ចំពោះ​គ្រោះ​មហន្តរាយ​នេះ បន្ទាប់ពី​ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ​ជាង ៦០ ខ្នង ត្រូវ​បាន​លុប​កប់​ដោយ​គំនរ​ដី​ដែល​បាក់​ធ្លាក់។

មនុស្ស​ជាង ៣ ពាន់​នាក់​ដែល​មាន​តាំង​ពី​ប៉ូលិស ទាហាន និង​ជន​ស៊ីវិល​កំពុង​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​ជួយ​សង្គ្រោះ​នេះ និង​បាន​ធ្វើ​ការ​បន្ត​រហូត​ដើម្បី​ស្វែង​រក​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ពី​ការ​បាក់​ដី​នេះ។

លោក Wang Yongbo មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ជួយ​សង្គ្រោះ​នេះ​មួយ​រូប បាន​និយាយ​ថា៖ «នេះ​ជា​ការ​បាក់​ដី​ដ៏​ធំ​បំផុត​នៅ​ក្នុង​តំបន់​នេះ ចាប់តាំង​ពី​មាន​គ្រោះ​រញ្ជួយ​ដី​ក្នុង​ស្រុក Wenchuan ខេត្ត Sichuan មក»។ គ្រោះ​រញ្ជួយ​ដី​ស្រុក Wenchuan នេះ គឺ​ជា​គ្រោះ​មហន្តរាយ​ដែល​បាន​សម្លាប់​មនុស្ស ៨ ម៉ឺន ៧ ពាន់​នាក់ នៅ​ក្នុង​ឆ្នាំ ២០០៨។

អាជ្ញាធរ​និយាយ​ថា ការ​បាក់​ដី​នេះ​បណ្ដាល​មកពី​ការ​ធ្លាក់​ភ្លៀង​ដ៏​ខ្លាំង និង​ទឹក​ភ្លៀង​ហូរ​នាំ​គំនរ​ដី​ភក់ និង​ដុំ​ថ្ម​ធ្លាក់​មក​រាំង​ខ្ទប់​ទន្លេ​មួយ​ប្រវែង ២ គីឡូម៉ែត្រ និង​ផ្លូវ​មួយ​ខ្សែ​ប្រវែង ១ ពាន់ ៦ រយ​ម៉ែត្រ។

ការ​បាក់​ដី គឺ​ជា​គ្រោះថ្នាក់​ដែល​កើត​ឡើង​ជា​រឿយៗ​នៅ​តាម​តំបន់​ជនបទ និង​តំបន់​ភ្នំ ក្នុង​ប្រទេស​ចិន ជា​ពិសេស​បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​មក៕