ក្រុមប្រជាពលរដ្ឋយ៉ាងហោចណាស់ ១០០នាក់ ក្នុងសាលាបឋមសិក្សាវត្តចំប៉ា សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ តតាំងជាមួយប៉ូលិស ដែលបណ្តេញពួកគាត់ចេញពីបរិវេណការិយាល័យបោះឆ្នោត ដោយសារតែពួកគេនឹងរារាំងមិនឲ្យអ្នកបោះឆ្នោតដែលគេចោទថាជាជនជាតិវៀតណាម ចូលបោះឆ្នោតនោះទេ ក្នុងការបោះឆ្នោតឃុំ-សង្កាត់ថ្ងៃអាទិត្យនេះ។
ក្រុមប្រជាពលរដ្ឋក្នុងឃុំក្បាលកោះ ក៏បានអះអាងផងដែរថាពួកគាត់នឹងនៅរង់ចាំមើលលទ្ធផលបោះឆ្នោតដោយផ្ទាល់ នៅកន្លែងដែលធ្លាប់មានបញ្ហាចម្រូងចម្រាស់ជាមួយអ្នកបោះឆ្នោតដែលគេចោទថាជនជាតិវៀតណាម។
នាង វង្ស ច័ន្ទផលគុណ រស់នៅក្នុងឃុំក្បាលកោះ បានថ្លែងប្រាប់ VOA ថាពលរដ្ឋនិងនាង មិនទាន់ចង់ទៅផ្ទះវិញទេ ទោះជាបោះឆ្នោតរួចហើយក្តី ដោយចង់នៅឃ្លាំមើល លទ្ធផលឆ្នោត និងរារាំងមិនឲ្យជនជាតិវៀតណាមចូលបោះឆ្នោត។
«ពួកខ្ញុំនៅឈរទៅនេះទាំងអស់គ្នាទាំងបងប្អូនទាំងអស់ដែលជាម្ចាស់ឆ្នោតគឺមានឆន្ទៈតែមួយគត់គឺនៅឈររង់ចាំមើលសន្លឹកឆ្នោតរហូតទាល់តែគេប្រកាស់ចប់បាននាំគ្នាទៅផ្ទះវិញរៀងៗខ្លួន»។
ពលរដ្ឋជាស្ត្រីម្នាក់ទៀតដែលអង្គុយលើម៉ូតូថ្លែងប្រាប់ VOA ដោយមិនបញ្ចេញឈ្មោះថា នាងក៏មិនទៅវិញដែរ ដោយរង់ចាំផ្ទៀងផ្ទាត់និងស្តាប់ការរាប់សន្លឹកឆ្នោតជាមួយ អ្នកភូមិផ្សេងទៀត។ ស្រ្តីដដែលបានរៀបរាប់ថានេះជាសិទ្ធិរបស់ពលរដ្ឋដែលអាជ្ញាធរមិនមានសិទ្ធិបណ្តេញពលរដ្ឋមិនឲ្យចូលរួមសង្កេតការណ៍ទេ។
លោក អនុសេនីយ៍ទោ អ៊ុន ប៊ុនណា នាយកបុស្តិ៍ប៉ូលិសសង្កាត់ក្បាលកោះ បាន ឲ្យដឹងថា លោកគ្រាន់តែអនុវត្តន៍តាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្នាក់ឃុំតែប៉ុណ្ណោះ ដែលចង់ឲ្យពលរដ្ឋដែលបោះឆ្នោតរួចចេញ ចម្ងាយ៣០ម៉ែត្រ។ តែលោកថានៅពេលពលរដ្ឋមិនចេញ លោកក៏មិនដឹងធ្វើ យ៉ាងណាដែរ។
ប្អូនស្រី វង្ស ច័ន្ទផលគុណ និងអ្នកភូមិមិនបានធ្វើអ្វីដែលខុសច្បាប់ហើយបង្ក ជាអំពើហិង្សា ឬរំខាន ការបោះឆ្នោតនោះទេ ក៏ប៉ុន្តែពួកគេមិនធ្វើតាមអាជ្ញាធរ ប៉ូលិសដែលចង់ដេញនាងនិងអ្នកភូមិចេញពីបរិវេណបោះឆ្នោតចម្ងាយ៣០ម៉ែត្រដែរ។
នៅពេលសួរថាហេតុអ្វីបានជាលើកនេះមិនមានការប្រទាញប្រទង់ដូចការបោះឆ្នោតមុនៗជាមួយជនជាតិវៀតណាមដែលមានអត្តសញ្ញាណប័ណ្ណខ្មែរនោះ ប្អូនស្រីផលគុណបានអះអាងថា ភាពស្ងប់ស្ងាត់នេះ ដោយសារគ្មានជនជាតិផ្សេងមកបោះឆ្នោត។
«អត់ទេបង ព្រោះអីអ្នកដែលមកបោះឆ្នោតនេះ ទោះជាគាត់ចូលសញ្ជាតិខ្មែរ ក៏ខ្ញុំអត់ឲ្យបោះដែរ ព្រោះគាត់ជាវៀតណាម»។
ប្អូនស្រីចាត់ទុកថានេះជា ការបោះឆ្នោតរបស់ខ្មែរ ដែលជនជាតិផ្សេងមិនអាច បោះឆ្នោតបាន ដោយហាក់ដូចជាមិនអើពើនឹងច្បាប់ដែលចែងថាអ្នកកាន់អត្តសញ្ញាណខ្មែរមានសិទ្ធិបោះឆ្នោតនោះ។
ក្រុមប្រជាពលរដ្ឋប្រមាណជិត១០០នាក់នៅក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានប៉ះទង្គិចពាក្យសំដីជាមួយមន្ត្រីប៉ូលិសសន្តិសុខ ក្រោយ ពេលក្រុមប៉ូលិសចង់ឲ្យពួកគាត់ចេញឲ្យផុតចម្ងាយ៣០ម៉ែត្រពីបរិវេណបោះឆ្នោត។
លោក អ៊ុង សុខន មន្ត្រីរដ្ឋបាលថ្នាក់ឃុំ-សង្កាត់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យ ដឹងថាបញ្ហាប្រទាញប្រទង់មិនបានកើតមានដោយសារជន ជាតិវៀតណាម ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មិនបានមកបោះឆ្នោត។
«តាមខ្ញុំដឹងមានតែម្នាក់ឬ ២នាក់ទេ តែប្រហែលជាគាត់មិនមកបោះឆ្នោតនៅ ពេលនេះទេ។ តែដូចជាអត់មានបញ្ហាដោយសារអញ្ចឹងទេ»។
សាន់ ចាន់ណា អ្នកស្រុកម្នាក់ទៀត ដែលឈរនៅជាមួយនឹងពលរដ្ឋដែលមិន ចេញទៅផ្ទះដែរនោះ បាននិយាយថាអ្នកស្រីចង់ឲ្យមេឃុំថ្មីបំបាត់អំពើពុករលួយ និង បំបាត់គ្រឿងញៀន។
«អញ្ចឹងខ្ញុំសូមសំណូមពរថា សង្ឃឹមថាបោះឆ្នោតលើកនេះ បំបាត់អំពើពុករលួយ ទី១ហើយទី២ ឲ្យចេះអភិវឌ្ឃន៍ភូមិ ឃុំនេះផង។ ហើយមន្ត្រីរាជការនៅក្នុង សង្កាត់នេះ ត្រូវឲ្យមានតម្លាភាពព្រោះអីមានការកៀបសង្កត់ណាស់»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានជូនដំណឹងពីការប្រកាសលទ្ធផលបឋមនៃការបោះឆ្នោតឃុំ-សង្កាត់ នៅម៉ោង៥ល្ងាចថ្ងៃអាទិត្យនេះ ក្រោយពេលបិទការិយាល័យនៅម៉ោង៣ រសៀល។ ប្រទេសកម្ពុជាមានការិយាល័យបោះឆ្នោតជាង២ម៉ឺននៅក្នុងឃុំ-សង្កាត់ចំនួន១.៦៤៦ ទូទាំងប្រទេស។ គណក្សនយោបាយទាំង១២ចូលរួមប្រកួតប្រជែងជាមួយគណបក្សប្រជាជន ដែលកាន់អំណាចជាង៣០ឆ្នាំ។
បេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់នីមួយៗ បានសន្យា និងប្តេជ្ញាចិត្តរៀងខ្លួនថា នឹងអភិវឌ្ឍមូលដ្ឋាន ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងជួយសម្រួលកិច្ចការនានាជូនពលរដ្ឋម្ចាស់ឆ្នោតតាមគោលនយោបាយរបស់គណបក្សគេរៀងៗខ្លួន។
លោកនាយករដ្ឋមន្រ្តី ហ៊ុនសែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជាបានចេញទៅបោះឆ្នោត នៅការិយាល័យមួយក្នុងក្រុងតាខ្មៅខេត្តកណ្តាលរួចហើយនាព្រឹកថ្ងៃអាទិត្យនេះ។ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានចេញទៅបោះឆ្នោតនៅចាក់អង្រែលើ រាជធានីភ្នំពេញនៅព្រឹកនេះដែរ។ ដោយឡែកមេដឹកនាំគណបក្សដទៃទៀតបានចេញទៅបោះឆ្នោតនៅតាមបណ្តាខេត្តក្រុងផ្សេងៗ។
គណបក្សប្រជាជនកម្ពុជាឈ្នះអាសនៈជាមេឃុំ ចៅសង្កាត់ ជាង១.៥៩០ឃុំសង្កាត់កាលពីការបោះឆ្នោតឆ្នាំ២០១២ នៅអាណត្តិទី៣។ គណបក្សជំទាស់ទទួលបានតែ៤០អាសនៈជាមេឃុំនិងចៅសង្កាត់តែប៉ុណ្ណោះ។
ក្រុមមេដឹកនាំគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលបានចាត់ទុកការបោះឆ្នោតឃុំ-សង្កាត់ ជាការបោះឆ្នោតសំខាន់សម្រាប់ការផ្លាស់ប្តូរជីវភាព និងការអភិវឌ្ឍហើយអ្វីដែលក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ដើរតួនាទីសំខាន់ផងដែរនោះគឺនឹងក្លាយទៅជាអង្គបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ក្រុមប្រឹក្សាខេត្តនិងស្រុកជាដើម៕