ពលរដ្ឋ​អាមេរិកាំង​នាំ​គ្នា​ទៅ​ហាង​លក់​សម្ភារៈ​ផ្សេងៗ​ក្នុង​សម័យ​កាល​ជំងឺ​កូវីដ១៩

  • Deborah Block

មនុស្ស​កំពុង​ទិញ​ទំនិញ​ទីក្រុង Miami រដ្ឋ Florida កាលពី​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ២០១៩។

ដោយ​មាន​ពាក់​ម៉ាស់ និង​ស្រោម​ដៃ​ដើម្បី​ការ​ពារ​ខ្លួន​ពី​វីរុស​កូរ៉ូណា អ្នកស្រី​វេជ្ជបណ្ឌិត Susan Buenaventura កំពុង​ទូទាត់​ប្រាក់​ទិញ​គ្រឿង​លាប​ផ្ទះ​នៅ​ហាង Village Hardware ក្នុង​ទីក្រុង Alexandria រដ្ឋ Virginia ក្បែរ​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

អ្នកស្រី​គឺ​ជា​ពេទ្យ​ផ្នែក​វះ​កាត់​នៅ​មន្ទីរ​មួយ​កន្លែង​ក្បែរ​តំបន់​នោះ។ ប៉ុន្តែ​ដោយ​សារ​តែ​ការងារ​ផ្នែក​វះកាត់​របស់​អ្នកស្រី​ត្រូវ​បាន​ចាត់​ទុក​ជា​សេវា​សុខាភិបាល​មិន​សូវ​ចាំបាច់​ក្នុង​អំឡុងពេល​នៃ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ១៩ នេះ ធ្វើ​ឲ្យ​អ្នកស្រី Buenaventura មាន​ពេល​ទំនេរ​មួយ​ចំនួន ដូច្នេះ​អ្នកស្រី និង​ស្វាមី​យក​ពេល​នេះ​មក​លាប​ថ្នាំ​ផ្ទះ​ផ្នែក​ខាង​ក្នុង។

ដើម្បី​ជួយ​ទប់ស្កាត់​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​សហរដ្ឋ​អាមេរិក អាជីវកម្ម​ជា​ច្រើន​ត្រូវ​បាន​បិទ លើក​លែង​តែ​អាជីវកម្ម​ណា​ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​អាជីវកម្ម​ចាំបាច់ ដែល​ជា​ធម្មតា​មាន​ដូចជា​ហាង​លក់​គ្រឿង​សម្ភារៈ ដែល​ពលរដ្ឋ​ត្រូវការ​ក្នុង​ករណី​ពួកគេ​ត្រូវ​ជួសជុល​ផ្ទះ ឬ​អគារ​បន្ទាន់។ ប៉ុន្តែ​អតិថិជន​ជា​ច្រើន​ទិញ​ទំនិញ​មិន​សូវ​ចាំបាច់​យក​ទៅ​កែ​លម្អ​គេហដ្ឋាន ដែល​អាច​ធ្វើ​ខ្លួន​ឯង​បាន និង​មិន​សូវ​បន្ទាន់​ខ្លាំង។

បទ​បញ្ជា​ស្នាក់​នៅផ្ទះ តម្រូវ​ឲ្យពលរដ្ឋ​ស្នាក់​នៅ​តែ​ក្នុង​ផ្ទះ លើក​លើង​តែ​ការ​ចេញ​ទៅទិញ​ទំនិញ​ចាំ​បាច់​ដូច​ជា​ម្ហូប​អាហារ និង​ថ្នាំ​សង្កូវ​ជា​ដើម ត្រូវ​បាន​ដាក់​កំហិត​ដោយ​រដ្ឋ Virginia ក៏​ដូចជា​រដ្ឋ​ជាង ៤០ ផ្សេងទៀត រួម​ទាំងរដ្ឋ​ធានីវ៉ាស៊ីនតោន​ផង​ដែរ។

អ្នកស្រី Buenaventura ទទួល​ស្គាល់​ថា ដើម្បី​សុវត្ថិភាព «យើង​គួរតែ​ចេញ​ក្រៅ​ផ្ទះ​តិច​ដង​បំផុត ហើយ​យើង​ចេញ​ក្រៅ​ផ្ទះ​តែ​ពេល​ចាំបាច់»។ ប៉ុន្តែ​អ្នកស្រី​បន្ថែម​ថា៖ «វាជា​ផ្នត់​គំនិត​ខុស​ពី​គេ​មួយ ខ្ញុំ​គិត​ថា​នៅ​ពេល​ដែល​យើង​នៅ​ផ្ទះ មាន​កិច្ច​ការ​ផ្ទះ​មួយ​ចំនួន​ដែល​យើង​ចង់​ធ្វើ»។

អ្នកស្រី Erin Westgate សាស្ត្រាចារ្យ​ជំនួយ​ផ្នែក​ចិត្តវិទ្យា​នៃ​សាកលវិទ្យាល័យ​University of Florida បាន​សិក្សា​ស្រាវជ្រាវ​អំពី​ភាព​អផ្សុក។ អ្នកស្រី​បាន​និយាយ​ថា សូម្បី​តែ​នៅ​ពេល​ដែល​មនុស្ស​ម្នា​ដឹង​ថា ពួក​គេ​មិន​គួរ​ចេញ​ទៅ​ខាង​ក្រៅ​ពី​ព្រោះ​តែ​រោគ​រាត​ត្បាត «បើ​សិន​ជា​ពួក​គេ​គ្មាន​អ្វី​ធ្វើ ពួក​គេនឹង​ស្វែង​រក​អ្វី​ផ្សេង​ធ្វើ​មិន​ខាន។ ខ្ញុំ​គិត​ថា​អ្វី​ដែល​កើត​ឡើង​គឺ​ថាអ្នកមាន​ពេល​ទំនេរ​ច្រើន​ហើយ​អ្នក​បាត់​បង់ទម្លាប់​ប្រចាំ​ថ្ងៃ និង​គោលដៅ និង​អ្វី​ដែល​ផ្ដល់​គោល​បំណង​ដល់​អ្នក​រាល់​ថ្ងៃ»។​

លោក Tyler Gray អ្នកគ្រប់គ្រង​ហាង Village Hardware បាន​ឲ្យ​ដឹង​ថា នៅ​ហាង Village Hardwareអាជីវកម្ម​បាន​កើន​ឡើង​ស្ទើ​តែ​ទ្វេ​ដង បើ​ធៀប​នឹង​ឆ្នាំ​មុន ដោយសារ​តែ​អតិថិជន​មក​ទិញ​ថ្នាំ​លាប​ផ្ទះ ឬ​ជី​ដាក់​សួនច្បារ នៅ​ពេល​ដែល​សីតុណ្ហភាព​ក្នុង​រដូវ​ផ្ការីក​កើន​ឡើង។

លោក​និយាយថា៖ «យើង​ក៏​លក់​ដាច់​ខ្លាំង​ផង​ដែរ​នូវ​ម៉ាស៊ីន​កាត់​ស្មៅ និង​ចង្ក្រាន​អាំង​សាច់ BBQ ពីព្រោះ​គ្មាន​នរណា​ម្នាក់​អាច​ចូល​បរិភោគ​អាហារ​នៅ​ក្នុង​ភោជនីយដ្ឋាន​ទេ​នៅ​ពេល​នេះ»។

លោក Gray បាន​និយាយ​ថា អតិថិជន​ជា​ច្រើន​បាន​បញ្ជា​ទិញ​តាម​ទូរស័ព្ទ សម្រាប់​ការ​ដឹក​ជញ្ជូន​ដល់​ផ្ទះ ឬ​មក​យក​ទំនិញ​នៅ​តាម​ចញ្ចើម​ផ្លូវ ជា​ជាង​ការ​ចូល​ក្នុង​ហាង​តូច មាន​ផ្លូវ​ដើរ​ចង្អៀត ដែល​ពិបាក​អនុវត្ត​ការ​រក្សា​គម្លាត​ពី​គ្នា។

លោក Anthony Calandra បានមក​ទិញ​របស់​របរ​មួយ​ចំនួន​ដើម្បី​ជួស​ជុល​កង់​របស់​ប្រពន្ធ​លោក។ លោក​មិន​បារម្ភ​ពី​ការ​ឆ្លង​មេរោគ​ទេ។

លោក​និយាយ​ថា៖ « ខ្ញុំ​ជឿ​ជាក់​ថា បើ​អ្នកណា​ឈឺ ពួកគេ​មិន​ចេញ​មក​ក្រៅទេ»។ ប៉ុន្តែ​លោក​បាន​ទទួល​ស្គាល់​ថា យើង​មិន​អាច​ដឹង​ថា​នរណា​ម្នាក់​ឈឺ​នោះ​ទេ ព្រោះ​ភាគ​ច្រើន​នៃ​អ្នក​ជំងឺ​មិន​បង្ហាញ​រោគ​សញ្ញា​នោះ​ទេ។

នៅ​ហាង Brown's Hardware ក្នុង​ទីក្រុង Falls Church រដ្ឋ Virginia លោក John Taylor ដែល​ជា​ម្ចាស់​ហាង​បាន​និយាយ​ថា អតិថិជន​សួរ​រក​សម្ភារៈ​បោស​សម្អាត ដែល​ពិបាក​នឹង​ស្តុក​ទុក​ដោយសារ​អ្នកណាៗ​ក៏​ត្រូវ​ការ​របស់របរ​អស់​ទាំង​នេះ​ដែរ។

លោក​បន្ថែមថា៖ «ពួក​គេ​ក៏​ទិញ​ថ្ម​ពិល​អស់​គ្មាន​សល់​ដែរ»។

នៅ​ក្នុង​ហាង Cherrydale Hardware ក្នុង​ទីក្រុង Arlington រដ្ឋ Virginia អ្នក​គ្រប់គ្រង​ហាង លោក Jacob Proxima បាន​និយាយ​ថា ហាង​របស់​លោក​លក់​ផ្កា និង​គ្រាប់​ពូជ​បន្លែ​អស់​ហើយ ហើយ​លោក​មិន​អាច​បញ្ជា​ទិញ​មក​ស្តុក​បាន​ទៀត​ទេ​ក្នុង​អំឡុង​ពេល​រដូវ​ដាំ​ដុះ​នេះ។

លោក Taylor បាន​និយាយ​ថា ទោះបីជា​មាន​ការ​ទិញ​សម្ភារៈ​មិន​ចាំបាច់ នៅ​ហាង​លក់​សម្ភារៈ «ចាំបាច់» ក៏​ដោយ ក៏ «យើង​មិន​អាច​ប្រាប់​អតិថិជន ពី​អ្វី​ដែល​ពួក​គេ​អាច ឬ​មិន​អាច​ទិញ​បាន​ទេ» ជា​ពិសេស​របស់​មួយ​ចំនួន​អាច​ត្រូវ​បាន​ប្រើ​ក្នុង​ហេតុការណ៍​បន្ទាន់ ដូចជា​យក​ទៅ​ជួស​ជុល​ទុយោ​ទឹក ឬ​ត​ភ្លើង​ជាដើម។

នៅ​ក្នុង​អ៊ីម៉ែល​ផ្ញើ​មក​កាន់ VOA ហាង Lowe'sដែល​ជាង​ហាង​លក់​រាយ​គ្រឿង​សម្ភារៈ​ធំ​បំផុត​ទី ២ នៅ​ក្នុង​សហរដ្ឋ​អាមេរិក និង​ជុំវិញ​ពិភពលោក បាន​បញ្ជាក់​ឲ្យ​ដឹង​ថា មនុស្ស​មួយ​ចំនួន «បាន​មក​រក​យើង​សម្រាប់​ការ​ជួសជុល​ផ្ទះ​បន្ទាន់​នានា ជួសជុល​ទូទឹកកក និង​ទូ​បង្កក​ជា​ដើម ដើម្បី​ឲ្យ​ពួក​គេ​អាច​រក្សា​ទុក​អាហារ និង​ថ្នាំ​សង្កូវ​មិន​ឲ្យ​ខូច»។

ទោះបីជា​លោកEd Hartman ដែល​ជា​អតិថិជន​របស់​ហាង Village Hardware ពេញចិត្ត​ចំពោះ​ការណ៍​ដែល​ហាង​លក់​សម្ភារៈ​នានា​នៅ​បើក​ទ្វារ​ក៏​ដោយ ក៏​លោក​បាន​រំឮក​ពលរដ្ឋ​ឲ្យ​គិត​ពិចារណា​ឲ្យ​បាន​ហ្មត់ចត់ មុន​នឹង​ចាក​ចេញ​ពី​ផ្ទះ​មក​ខាង​ក្រៅ។

លោក​បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា ខ្ញុំ​បាន​ឆ្លង​ជំងឺ​កូវីដ១៩ មុន​ពេល​មាន​ការ​ដាក់​កំហិត​ឲ្យ​ស្នាក់នៅ​ក្នុង​ផ្ទះ។ កាល​នោះ​ខ្ញុំ​ឈឺ​ក្បាល​ខ្លាំង ក្អក និង​មិន​ចង់​ញ៉ាំ​អ្វី​ទាំង​អស់។ ខ្ញុំ​មិន​ដឹង​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ឆ្លង​ជំងឺ​នេះ​ឡើយ ហើយ​ជំងឺ​នេះ​គឺ​សាហាវ​ជាង​ជំងឺ​គ្រុន​ផ្ដាសាយ​ធំ ហើយ​វា​ធ្វើ​ឲ្យ​ខ្ញុំ​ដេក​ឈឺ​អស់​ពេញ​មួយ​សប្ដាហ៍»៕