ក្រសួង​ការពារ​ជាតិ​អាមេរិក៖ កង​កម្លាំង​អាមេរិក​នៅ​ប្រទេស​លីប៊ី​កំពុង​ស្វែង​រក​អ្នក​សហការ​ក្នុង​ស្រុក

អគ្គិភ័យ​ឆាប​ឆេះ​ពី​ធុង​ប្រេង​មួយ​នៅ​ផែ Es Sider ក្នុង​ក្រុង Ras Lanuf ប្រទេស​លីប៊ី កាលពី​ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ ដែល​គេ​យល់​ថា ជា​ការ​វាយប្រហារ​របស់​យុទ្ធជន​រដ្ឋ​ឥស្លាម។

កង​កម្លាំង​យោធា​របស់​អាមេរិក​កំពុង​ឈរ​ជើង​នៅ​ក្នុង​ប្រទេស​លីប៊ី​ដើម្បី​ស្វែង​រក​ដៃ​គូ​សហការ​ដ៏​មាន​សក្តានុពល​នៅ​ក្នុង​អ្វី​មួយ​ដែល​អាច​ក្លាយ​ជា​យុទ្ធនាការ​កាន់​តែ​ទូលំទូលាយ​ជាង​នេះ​ដើម្បី​ប្រឆាំង​នឹង​ក្រុម​ភេរវកម្ម​អាយស៊ីស ឬ​រដ្ឋ​ឥស្លាម​នោះ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​អាមេរិក លោក Peter Cook បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​កាល​ពី​ថ្ងៃ​ពុធ​ថា «មាន​កងកម្លាំង​អាមេរិក​ខ្លះ​នៅ​ក្នុង​ប្រទេស​លីប៊ី ព្យាយាម​បង្កើត​ទំនាក់ទំនង​ជាមួយ​កងកម្លាំង​នៅ​ទីនោះ ដើម្បី​ឲ្យ​ដឹង​កាន់​តែ​ច្បាស់​ថែម​ទៀត​ថា​តើ​នរណា​ខ្លះ​ជា​តួអង្គ​សំខាន់ៗ ហើយ​ថា​តើ​នរណា​ខ្លះ​ដែល​សម​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​អាមេរិក​ និង​ពី​ដៃគូ​របស់​យើង​ផ្សេងៗ​ទៀត»។

លោក Cook បាន​ចាត់​ទុក​កម្លាំង​អាមេរិក​នៅ​ក្នុង​ប្រទេស​លីប៊ី​នោះ​ថា ​ជា​ក្រុម​តូច​មួយ ដោយ​មាន​ប្រសាសន៍​បន្ថែម​ថា កង​កម្លាំង​អាមេរិក​នោះ​ស្ថិត​នៅក្នុង​ប្រទេស​លីប៊ី «ដោយ​មាន​ការ​យល់ព្រម​ពី​មន្ត្រី​លីប៊ី»។

ទោះ​បី​ជា​ក្រុម​រដ្ឋ​ឥស្លាម​មិន​មាន​កម្លាំង​ច្រើន​ជាង​គេ​នៅក្នុង​ប្រទេស​លីប៊ី​ក៏​ដោយ ក៏​ក្រុម​នេះ​មាន​កម្លាំង​ប្រយុទ្ធ​កាន់​តែ​ខ្លាំង​ក្លា​ឡើង​នៅ​ក្នុង​ប្រទេស​នេះ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ដោយ​បាន​ចាក់​គ្រឹះ​យ៉ាង​រឹងមាំ​នៅក្នុង​ទីក្រុង Sirte និង​តំបន់​ជុំវិញ​ទីក្រុង​នោះ។​

មន្ត្រី​អាមេរិក​ម្នាក់​ ដែល​ដឹង​អំពី​ការ​ស៊ើបការណ៍​សម្ងាត់​បាន​ប្រាប់​ VOA កាល​ពី​ពេល​ថ្មីៗ​នេះ​ថា មន្ត្រី ​និង​កម្លាំង​ប្រយុទ្ធ​សំខាន់ៗ​ប្រមាណ​៥០០​នាក់​របស់​ក្រុម​រដ្ឋ​ឥសា្លម ដែល​បាន​ចាកចេញ​ពី​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នៃ​ឆ្នាំ​២០១៥ ហើយ​បាន​ចូល​ទៅ​ក្នុង​ប្រទេស​លីប៊ី​ជា​អ្វី​មួយ​ដែល​មើល​ទៅ​ហាក់​ដូច​ជា​ការ​ផ្លាស់ប្តូរ​ទីតាំង​ដែល​គេ​បាន​ត្រៀម​រៀបចំ​ទុក​ជាស្រេច​ដូច្នោះ​ដែរ។

មន្ត្រី​បស្ចិម​ប្រទេស​បាន​ប៉ាន់​ប្រមាណ​ថា ក្រុម​រដ្ឋ​ឥស្លាម​ឥឡូវ​នេះ​អាច​មាន​កងកម្លាំង​ប្រយុទ្ធ​ច្រើន​ជាង​៥ពាន់​នាក់​នៅក្នុង​ប្រទេស​លីប៊ី៕