ក្រសួង​ការពារជាតិ​សហរដ្ឋ​អាមេរិក​ច្រាន​ចោល​របាយការណ៍ដែល​ថា​ខ្លួន​ប្រុងប្រៀប​ដក​កងកម្លាំង​ចេញ​ពី​ប្រទេសកូរ៉េ

រូបភាពឯកសារ៖ ទាហាន​សហរដ្ឋ​អាមេរិក​រង់ចាំ​ការ​ថ្លែង​មួយ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Donald Trump នៅ​បន្ទាយអាកាស Osan ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ២០១៩។

ក្រសួង​ការពារ​សហរដ្ឋ​អាមេរិក​ច្រាន​ចោល​របាយការណ៍​ថា​ប្រទេស​អាមេរិក​ប្រុង​ប្រៀប​ដក​កងកម្លាំងយោធាចេញ​ពី​ប្រទេស​កូរ៉េ​ខាងត្បូង។

លោក Jonathan Hoffman ប្រធានអ្នកនាំ​ពាក្យ​នៃ​ក្រសួង​ការពារ​សហរដ្ឋ​អាមេរិក​បាន​និយាយកាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​«គ្មាន​ការ​ពិត​សោះ»នៅ​ក្នុង​សេចក្តី​រាយការណ៍​ទាំង​ឡាយ​ដែល​ថា​ស.រ.អា.​ពិចារណាដក​ពួក​ទាហាន​ខ្លួនចេញ​ពី​ឧបទ្វីប​កូរ៉េ។​

កាសែត​អភិរក្ស​និយម​កូរ៉េខាងត្បូង​ Chosun Ilbo បាន​និយា​យ​យោង​ដល់«ប្រភព ការទូត​មួយ​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន»ដែល​បាននិយាយ​ថា​កង​យោធា​ស.រ.អា.«ប្រុង​ប្រៀបដក​ពួក​ទាហាន​មួយ​កងពល​តូច» ចេញ​ពីឧបទ្វីប​កូរ៉េ​ ប្រសិនបើ​កិច្ច​ចរចា​អំពី​ការ​បង់​ប្រាក់សម្រាប់ពួក​ទាហាន​ស.រ.អា.នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​គ្មាន​ការជឿនលឿន។ កង​ពល​តូចយោធា​ស.រ.អា.មួយ​មាន​ទាហាន​ប្រមាណពី២​ពាន់​ទៅ៤​ពាន់​នាក់។

លោក Hoffman បាននិយាយថា«លោក​រដ្ឋមន្ត្រី​ Mark Esper បាន​អញ្ជើញទៅកាន់​ប្រទេស​កូរ៉េខាង​ត្បូង​កាល​ពី​សប្តាហ៍មុន​ដែល​នៅទី​នោះលោក​បានមាន​ប្រសាសន៍​ជា​ថ្មីឡើង​វិញ​អំពី​ការ​ប្តេជ្ញា​ខ្លាំង​ក្លា​របស់យើង​ដល់សាធារណរដ្ឋ​កូរ៉េ​និង​ប្រជារាស្ត្រ​នៃ​ប្រទេសនេះ។ យើង​ទាមទារ​ឱ្យ​កាសែត Chosun Ilbo ដក​អត្ថបទ​នេះរបស់​ពួក​គេចេញ»។

កិច្ចចរចា​រវាង​ស.រ.អា.និង​ប្រទេស​កូរ៉េខាង​ត្បូង​បានលុបចោល​កាលពី​ថ្ងៃអង្គារ​អំពី​ការទាមទារ​របស់​រដ្ឋាភិបាលរដ្ឋធានី​វ៉ាស៊ីនតោន​ឱ្យ​រដ្ឋាភិបាល​ក្រុងសេអ៊ូល​បង្កើន​វិភាគទាន​ខាង​ហិរញ្ញវត្ថុ​របស់​ខ្លួន​សម្រាប់ការ​ទទួល​កងកម្លាំង​យោធា​ស.រ.អា.ឱ្យ​ស្នាក់អាស្រ័យ​នៅក្នុង​ដែន​ដី​របស់ផង​ខ្លួន៕