រដ្ឋមន្រ្តីក្រសួងការពារប្រទេសសហរដ្ឋអាមេរិកស្តីទីលោក Patrick Shanahan បានបដិសេធសេចក្តីរាយការណ៍ដែលថា កងទ័ពសហរដ្ឋអាមេរិកពី៥ពាន់ទៅ១ម៉ឺននាក់ ប្រហែលត្រូវបានបញ្ជូនទៅកាន់តំបន់មជ្ឈិមបូព៌ាដើម្បីការពារទប់ទល់នឹងការគំរាមកំហែងដ៏ខ្លាំងពីប្រទេសអ៊ីរ៉ង់។
លោកថ្លែងថា៖ «មិនមានកងទ័ព១ម៉ឺននាក់ទេ។ មិនមានកងទ័ព៥ពាន់នាក់ទេ។ នេះជាព័ត៌មានមិនត្រឹមត្រូវទេ»។
លោករដ្ឋមន្រ្តីការពារប្រទេសបានប្រាប់ពួកអ្នកយកព័ត៌មានដោយសំដៅដល់ទីភ្នាក់ងារព័ត៌មាន Reuters ដែលបានរាយការណ៍ថា មន្ទីរបច្ចកោណបានពិចារណាអំពីការបញ្ជូនកងទ័ព៥ពាន់នាក់ទៅកាន់តំបន់នោះ ហើយទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា កងទ័ពរហូតដល់១ម៉ឺននាក់អាចត្រូវដាក់ពង្រាយនៅតំបន់នោះ។
VOA បានរាយការណ៍ថា រដ្ឋមន្រ្តីការពារប្រទេសអាមេរិកស្តីទីលោក Shanahan និងប្រធានអគ្គសេនាធិការចម្រុះលោកឧត្តមសេនីយ៍ Joseph Dunford ផ្តល់ឲ្យលោកប្រធានាធិបតីនូវជម្រើសយ៉ាងច្រើនកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងការឆ្លើយតបទៅនឹងការកើនឡើងនូវភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា រួមមានលទ្ធភាពនៃការបញ្ជូនកងទ័ពសហរដ្ឋអាមេរិករាប់ពាន់នាក់បន្ថែមទៀតទៅកាន់តំបន់នោះ។
លោករដ្ឋមន្រ្តីការពារប្រទេសស្តីទី Shanahan បានបញ្ជាក់អំពីរឿងនេះមុនពេលជម្រាបលោកប្រធានាធិបតីត្រួសៗនៅសេតវិមានដោយលោកបានប្រាប់ពួកអ្នកយកព័ត៌មានថា លោកបានពិចារណាពីការដាក់ពង្រាយកងទ័ពសហរដ្ឋអាមេរិកបន្ថែមទៀត។
លោក Shanahan បាននិយាយថា៖ «អ្វីដែលយើងកំពុងពិនិត្យមើលគឺកត្តាដែលយើងអាចធ្វើដើម្បីធ្វើឲ្យប្រសើរឡើងនូវការពារកម្លាំងនៅក្នុងតំបន់មជ្ឈិមបូព៌ា។ ការណ៍នេះ អាចទាក់ទិននឹងការដាក់ពង្រាយកងទ័ពសហរដ្ឋអាមេរិកបន្ថែមទៀត»៕