លោករដ្ឋមន្ត្រីការពារប្រទេសស.រ.អា. Ash Carter កាលពីថ្ងៃសុក្រ បានអញ្ជើញទៅទស្សនាប្រទេសអាហ្វហ្គានីស្ថាន (Afghanistan) ដោយមិនបានប្រាប់ឱ្យដឹងជាមុនដែលនៅទីនោះលោកបានជួបជាមួយពួកមេបញ្ជាការយោធាស.រ.អា.និងពួកមន្ត្រីអាហ្វហ្គានីស្ថាន។
ទស្សនកិច្ចនេះមានឡើងនៅពេលក្រុមនយោបាយអាហ្វហ្គានីស្ថានថ្មីមួយដាក់ការគាបសង្កត់លើរដ្ឋាភិបាលក្រុងកាប៊ុលឱ្យចាត់វិធានការច្រើនជាងមុនដើម្បីធ្វើឱ្យមានស្ថិរភាពដល់ប្រទេសនេះ ដែលខ្ទេចខ្ទាំដោយសារសង្គ្រាម។
លោក Carter បានអញ្ជើញទៅដល់ប្រទេសអាហ្វហ្គានីស្ថាន នៅពេលមានការបះបោរខ្លាំងជាងមុនដោយពួកតាលីបង់និងមានកង្វល់ថ្មីៗអំពីពួកអ្នកស្មោះត្រង់នឹងពួករដ្ឋឥស្លាម ដែលបានធ្វើសកម្មភាពនៅក្នុងប្រទេសនេះដែលនាំឱ្យមានការសាំញ៉ាំដល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិដឹកនាំដោយស.រ.អា.ដើម្បីធ្វើឱ្យប្រទេសនេះមានស្ថិរភាព។
លោករដ្ឋមន្ត្រីការពារប្រទេសអាមេរិកាំងបានធ្វើដំណើរទៅកាន់ទីក្រុងចាឡាឡាបាដ (Jalalabad) ដែលជាធានីនៃខេត្ត Nangarhar នៅប៉ែកខាងកើតប្រទេសដែលទាហានស.រ.អា.រាប់រយនាក់បានឈរជើងនៅទីនោះ។
ពួកជ្រុលនិយមលម្អៀងទៅខាងពួករដ្ឋឥស្លាម បានធ្វើការវាយប្រហារប្រឆាំងនឹងកម្លាំងសន្តិសុខក្នុងមូលដ្ឋាននៅក្នុងខេត្តនេះ ហើយបាននិយាយថា ពួកនេះបានវាយដណ្តើមកាន់កាប់ស្រុកដាច់ស្រយាលមួយចំនួន។ មូលដ្ឋានស.រ.អា.នៅក្នុងក្រុង Jalalabad ដែលមានឈ្មោះថា Operating Base Fenty មានទាក់ទិននឹងសកម្មភាពខាងហ្វឹកហ្វឺន ខាងភ័ស្តុភារ និងខាងប្រឆាំងនឹងភេរវកម្ម នៅក្រោមការឧបត្ថម្ភគាំទ្រយ៉ាងមាំរបស់អង្គការអូតង់ដល់ប្រទេសអាហ្វហ្គានីស្ថាន៕