លោកអនុប្រធានាធិបតីស.រ.អា. Mike Pence និងលោកប្រធានាធិបតីចិន ស៊ី ជិនពីង បានផ្តល់ទស្សនៈខាងសេដ្ឋកិច្ចប្រជែងគ្នានៅពេលអស់លោកនិយាយទៅកាន់ពួកមេដឹកនាំក្នុងតំបន់នៅឯសន្និសីទកំពូលនៃពួកមេដឹកនាំអង្គការ
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងភូមិភាគប៉ាស៊ីហ្វិក ហៅកាត់ថា APEC នៅក្នុងក្រុង Port Moresby រដ្ឋធានីនៃប្រទេសប៉ាពួញូហ្គីណេ។
លោក Pence បានព្រមានសមាជិកនៃអង្គការ APEC អំពីការទទួលយកប្រាក់បំណុលបរទេសដែល «អាចធ្វើឱ្យខូចប្រយោជន៍ដល់អធិបតេយ្យភាពរបស់អស់លោកអ្នក» ហើយលោកបានសុំដល់សមាជិកនៃអង្គការ APEC ឱ្យ«ការពារផលប្រយោជន៍របស់អស់លោកអ្នកនិងថែរក្សាឯករាជ្យភាពរបស់អស់លោកអ្នក។ហើយដូចប្រទេសអាមេរិកដែរ ចូរអស់លោកអ្នកទុកប្រទេសរបស់ផងខ្លួនមុនអ្វីៗទាំងអស់»។
លោក Pence បានមានប្រសាសន៍ទៀតថា «ការប្តេជ្ញារបស់ស.រ.អា.ដល់តំបន់ ឥណ្ឌូប៉ាស៊ីហ្វិកមិនដែលខ្លាំងក្លាដូចនៅពេលនេះទេ»។
លោកប្រធានាធិបតីចិន Xi Jinping ក៏បាននិយាយនៅក្នុងសន្និសីទកំពូលនេះដែរអំពីការផ្តើមគំនិតសំខាន់បំផុតរបស់លោកស្តីពីគម្រោងផ្លូវក្រវាត់ពាណិជ្ជកម្មរបស់ចិនដែលភាសាអង់គ្លេសហៅថា Belt and Road initiative ដែលបានត្រូវរចនាឡើងដើម្បីទ្រទ្រង់បណ្តាញផ្លូវគោកនិងផ្លូវសមុទ្រភ្ជាប់ជាមួយអាស៊ីអាគ្នេយ៍ អាស៊ីកណ្តាល មជ្ឈឹមបូព៌ា អឺរ៉ុបនិងអាហ្រ្វិក។ លោក ស៊ី បាននិយាយថាគ្មានរបៀបវារៈភូមិសាស្ត្រនយោបាយនៅពីក្រោយគម្រោងផ្លូវក្រវាត់ពាណិជ្ជកម្មនេះទេ។
លោកប្រធានាធបតីចិន ស៊ី បានថ្លែងថា «គម្រោងការនេះមិនផាត់ចោលនរណាម្នាក់ទេ។ វាមិនមែនជាក្លិបផ្តាច់មុខមួយត្រូវបិទទ្វារដល់អ្នកដែលមិនមែនជាសមាជិកទេ ហើយវាក៏មិនមែនជាអន្ទាក់ដូចដែលអ្នកខ្លះបានហៅវានោះឡើយ»។
លោក Pence ក៏បានជួបជាមួយលោកនាយករដ្ឋមន្ត្រី Scott Morrison នៃប្រទេសអូស្ត្រាលីដែរ។ លោកអនុប្រធានាធិបតីស.រ.អា.រូបនេះក៏បានស្វាគមន៍ដល់សេចក្តីប្រកាសកាលពីពេលថ្មីៗនេះដោយលោក Morrison អំពីការផ្តល់ជំនួយអូស្ត្រាលីថ្មីច្រើនក្រាស់ក្រែលដល់ប្រទេសជាតិជាកោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។
មេដឹកនាំទាំងពីរនាក់នេះក៏បានប្រកាសដែរថាប្រទេសទាំងពីររបស់អស់លោកនឹងកសាងមូលដ្ឋានកងទ័ពជើងទឹកមួយនៅលើកោះ Manus នៃប្រទេសប៉ាពួញូហ្គីណេ។
នៅថ្ងៃសៅរ៍នេះដែរ រដ្ឋាភិបាលស.រ.អា.អូស្ត្រាលីនិងជប៉ុនក៏បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយអំពីភាពដៃគូត្រីភាគីរបស់ពួកគេសម្រាប់វិនិយោគខាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ឥណ្ឌូណេស៊ី។ រដ្ឋាភិបាលនៃប្រទេសទាំងបីនេះបាននិយាយថាពួកគេឧបត្ថម្ភឱ្យមានតំបន់មួយដែលមានភាពសេរីបើកចំហ មានភាពរូមបញ្ចូល មានភាពសម្បូររុងរឿងនិងមានសន្តិសុខថែមទៀតផង៕