ឆ្លើយតបទៅនឹងវត្តមានកើនឡើងរបស់ប្រទេសចិននៅក្នុងតំបន់ប៉ាស៊ីហ្វិក អនុប្រធានាធិបតីអាមេរិកលោក Mike Pence បានបង្ហាញនូវគម្រោងផ្ដួចផ្ដើមមួយដែលមានទឹកប្រាក់ចំនួន ១ ពាន់ ៧ រយលានដុល្លារអាមេរិក ដោយធ្វើការជាមួយនឹងសម្ព័ន្ធមិត្តបស្ចិមប្រទេសមួយចំនួន ដើម្បីផ្ដល់អគ្គិសនី និងអ៊ីនធឺណិតដល់តំបន់ភាគច្រើននៃប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនក៏កំពុងធ្វើការជាមួយនឹងប្រទេសអូស្ត្រាលីផងដែរ ដើម្បីសាងសង់មូលដ្ឋានកងទ័ពជើងទឹកមួយនៅកោះ Manus ។ វិធានការទាំងនេះត្រូវបានគេជឿថាជាជំហានមួយចំនួនដើម្បីតទល់នឹងគម្រោងផ្លូវក្រវាត់ពាណិជ្ជកម្មរបស់ប្រទេសចិន។
លោក Mike Pence មានប្រសាសន៍ដូច្នេះថា៖ «កាលពីឆ្នាំទៅ លោកប្រធានាធិបតី ត្រាំ បានបង្ហាញនូវចក្ខុវិស័យមួយសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលមានភាពសេរី និងបើកចំហ ហើយការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់នេះនៅក្នុងពិភពលោកគឺរឹងមាំជាងពេលណាៗទាំងអស់។ យើងជឿជាក់ថា ការប្រកាសដូចនេះនៅថ្ងៃនេះ និងការចូលរួមរបស់សហរដ្ឋអាមេរិកនៅក្នុងការប្រកាសរួមនេះ គឺជាភស្តុតាងបង្ហាញឲ្យឃើញថា សហរដ្ឋអាមេរិក និងពាណិជ្ជកររបស់យើងកំពុងធ្វើការវិនិយោគនៅក្នុងតំបន់នេះច្រើនជាងពេលណាៗទាំងអស់»។
ការខ្វែងគំនិតគ្នារវាងសហរដ្ឋអាមេរិក និងចិន បានគ្របដណ្ដប់ភាគច្រើនលើកិច្ចប្រជុំទាំងនេះ។ ភាគីទាំងពីរបានប្រើពាក្យចំៗដាក់គ្នាទៅវិញទៅមក។
ប្រធានាធិបតីចិនលោក Xi Jinping បានថ្លែងថា៖ «ច្បាប់ត្រូវតែបង្កើតឡើងរួមគ្នាដោយសហគមន៍អន្តរជាតិ មិនមែនដោយប្រទេសណាមួយដែលមានឥទ្ធិពល និងអំណាចខ្លាំងជាងគេនោះទេ។ នេះមិនចាំបាច់និយាយដល់ការប្រើវិធានការបែបប្រយោជន៍និយម និងស្តង់ដារពីរផង»។
សហរដ្ឋអាមេរិក បានដាស់តឿនបណ្ដាប្រទេសនានាមិនឲ្យធ្លាក់ចូលទៅក្នុងអន្ទាក់នៃការទូតបំណុលរបស់ប្រទេសចិន។
លោក Mike Pence បានបញ្ជាក់ថា៖ «សូមកុំជំពាក់បំណុលបរទេសដោយធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាពរបស់អ្នក សូមការពារផលប្រយោជន៍របស់អ្នក សូមថែរក្សាឯករាជ្យភាពរបស់អ្នកឲ្យដូចសហរដ្ឋអាមេរិក គឺតែងតែផ្ដល់អាទិភាពលើប្រទេសរបស់អ្នកជាមុន»។
ប៉ុន្តែ បណ្ដាប្រទេសជាសមាជិកនៃតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ ចង់ធ្វើការជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរនៅលើពិភពលោកនេះ រួមទាំងប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេផងដែរ។
លោក Peter O'Neill នាយករដ្ឋមន្ត្រីនៃប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ និយាយដូច្នេះថា៖ «កិច្ចសហប្រតិបត្តិការនេះនឹងបន្តលើកកម្ពស់ដល់ការអភិវឌ្ឍនៃប្រទេសរបស់យើងនីមួយៗ និងសេដ្ឋកិច្ចរបស់យើង។ ហើយសម្រាប់បញ្ហាប្រឈមដែលមាននៅចំពោះមុខយើងនេះ គឺពួកយើងអាចដោះស្រាយរួមគ្នា ដោយការធ្វើការជាមួយគ្នា»។
ការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន និងទស្សនៈផ្ទុយគ្នាសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក បានធ្វើឲ្យបណ្ដាប្រទេសជាសមាជិកអង្គការ APEC មានការលំបាកនៅក្នុងការសម្រេចបាននូវសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលនេះ៕
ប្រែសម្រួលដោយ ហេង រស្មី