ដោយនៅសល់តែប៉ុន្មានសប្តាហ៍ទៀតដែលសាលារៀនជាច្រើននៅក្នុងសហរដ្ឋអាមេរិកមានគម្រោងចាប់ផ្តើមឆ្នាំសិក្សាថ្មី លោក Mike Pence អនុប្រធានាធិបតីសហរដ្ឋអាមេរិក នឹងធ្វើដំណើរនៅថ្ងៃពុធនេះទៅកាន់រដ្ឋ North Carolina ដើម្បីជំរុញផែនការរបស់រដ្ឋបាលប្រធានាធិបតីត្រាំឲ្យមានការសិក្សាដោយផ្ទាល់ ខណៈដែលមេដឹកនាំនៅក្នុងរដ្ឋនោះនិងរដ្ឋផ្សេងទៀតគាំទ្រការផ្តល់ឲ្យស្រុកនានានៅតាមមូលដ្ឋាននូវជម្រើសកាន់តែច្រើនឡើងដែលបណ្តាលមកពីការរាតត្បាតនៃមេរោគកូរ៉ូណា។
ការិយាល័យរបស់លោកអនុប្រធានាធិបតី Pence បានប្រាប់ឲ្យដឹងថា លោកអនុប្រធានាធិបតីនឹងទៅមើលសាលារៀនឯកជនមួយនៅខាងក្រៅទីក្រុង Raleigh ដែលបានបន្តការសិក្សាដោយផ្ទាល់កាលពីសប្តាហ៍មុនដោយមានសិស្សប្រហែល៣រយនាក់ ហើយថា លោកអនុប្រធានាធិបតីនឹងចូលរួមនៅក្នុងការពិភាក្សាតុមូលអំពីផែនការសុវត្ថិភាពរបស់សាលារៀននេះ។
លោកអនុប្រធានាធិបតី Pence បាននិយាយកាលពីសប្តាហ៍មុនក្នុងដំណើរទស្សនកិច្ចទៅកាន់រដ្ឋ Indiana ថា «ការបើកសាលារៀនរបស់យើងម្តងទៀតជាការណ៍ដ៏ល្អបំផុតសម្រាប់កូនរបស់យើង។ វាក៏ជាការដ៏ល្អបំផុតសម្រាប់ក្រុមគ្រួសារដែលធ្វើការងារដែរ»។
ប្រព័ន្ធសាលារៀនធំៗខ្លះនៅក្នុងសហរដ្ឋអាមេរិក រួមមានប្រព័ន្ធសាលារៀនក្នុងទីក្រុង Los Angeles ទីក្រុង Atlanta និងទីក្រុងHouston បានប្រកាសរួចហើយថា ពួកគេ នឹងចាប់ផ្តើមឆ្នាំសិក្សាដោយការសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត។
តាមមជ្ឈមណ្ឌល Press-NORC សម្រាប់កិច្ចការស្រាវជ្រាវសាធារណៈដែលបានធ្វើការស្ទង់មតិនៅដើមខែនេះបានប្រាប់ឲ្យដឹងថា ពលរដ្ឋអាមេរិកាំង៨ភាគរយគាំទ្រការ បើកសាលារៀនជាធម្មតាឡើងវិញ ខណៈដែល៤៦ភាគរយគាំទ្រឲ្យមានការកែសម្រួលយ៉ាងខ្លាំង ហើយ៣១ភាគរយបានឆ្លើយតបថា ការសិក្សាដោយផ្ទាល់ មិនត្រូវធ្វើឡើងទាល់តែសោះ៕