លោក Pence សង្កត់​ធ្ងន់​ទៅ​លើ​សម្ព័ន្ធមិត្ត​ជាមួយ​នឹង​កូរ៉េ​ខាង​ត្បូង បន្ទាប់​ពី​ការ​សាកល្បង​គ្រាប់​មីស៊ីល​បរាជ័យ​របស់​កូរ៉េ​ខាង​ជើង

កាលពី​ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ លោក​អនុប្រធានាធិបតី Mike Pence ទៅ​ដល់​ភូមិ Panmunjom ជា​តំបន់​ស​ (តំបន់​គ្មាន​កង​ទ័ព)​ ដែល​ពុះ​ចែក​ប្រទេស​កូរ៉េ​ទាំង​ពីរ​ចាប់​តាំង​ពី​សង្គ្រាម​កូរ៉េ​មក។

អនុ​ប្រធានាធិបតី​អាមេរិក លោក Mike Pence កំពុង​តែ​សង្កត់​ធ្ងន់​ទៅ​លើ​សក្តានុពល​របស់​សម្ព័ន្ធមិត្ត​អាមេរិក​ជាមួយ​នឹង​កូរ៉េ​ខាង​ត្បូង ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ការ​សាកល្បង​គ្រាប់​មីស៊ីល​លើក​ចុងក្រោយ​បង្អស់​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​បរាជ័យ។

លោក Pence បាន​ថ្លែង​នៅ​ក្នុង​ទីក្រុង​សេអ៊ូល​ក្នុង​អំឡុង​ពេល​ទទួល​ទាន​អាហារ​ពេល​ល្ងាច​សម្រាប់​សាច់​ញាតិ​កងកម្លាំង​អាមេរិក​ដែល​មាន​មូលដ្ឋាន​នៅ​កូរ៉េ​ខាង​ត្បូង​ថា «ពេល​វេលា​កំពុង​ជួប​ឧបសគ្គ» ប៉ុន្តែ​សម្ព័ន្ធមិត្ត​ជា​ប្រវត្តិសាស្ត្រ​របស់​អាមេរិក​ជាមួយ​នឹង​ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​ដែល​ក្លាហាន គឺ​ខ្លាំង​ក្លា​ជាង​ពេល​ណាៗ​ទាំង​អស់‍»។ ​

លោក Pence បាន​និយាយ​ថា «ការ​បង្ករឿង​កាល​ពី​ព្រឹក​ម្សិល​មិញ​នេះ​របស់​កូរ៉េ​ខាង​ជើង​គឺ​គ្រាន់​តែ​ជា​ការ​រំឭក​ចុង​ក្រោយ​បង្អស់​អំពី​ហានិភ័យ​ដែល​អ្នក​រាល់​គ្នា​ប្រឈម​ជា​រៀងរាល់​ថ្ងៃ នៅ​ក្នុង​កិច្ច​ការពារ​សេរីភាព​របស់​ពលរដ្ឋ​កូរ៉េខាងត្បូង​ និង​កិច្ចការពារ​អាមេរិក​នៅ​ក្នុង​ពិភពលោក​នេះ‍»។ ​

កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ លោក​អនុប្រធានាធិបតី​បាន​ចូលរួម​ក្នុង​ពិធី​បុណ្យ Easter នៅ​ព្រះវិហារ​សាសនា​គ្រិស្ត ជាមួយ​នឹង​កងកម្លាំង​យោធា។

យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Associated Press បេសកកម្ម​របស់​លោក Pence ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​លើក​ដំបូង​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ គឺ​ដើម្បី​ពន្យល់​ដល់​មេដឹកនាំ​ជប៉ុន ឥណ្ឌូនេស៊ី អូស្ត្រាលី និង​កូរ៉េ​ខាង​ត្បូង​អំពី​គោលនយោបាយ​មួយ​ហៅ​ថា «សម្ពាធ​ និង​ការ​ចូលរួម​អតិបរមា» ដែល​មាន​គោលបំណង​បង្កើន​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង៕