លោក Mike Pence ថា ការ​ឈ្លានពាន​របស់​រុស្ស៊ី​គឺ​ជា​ការ​គំរាមកំហែង​ចំពោះ​បណ្ដា​ប្រទេស​នៅ​តំបន់ Baltic

លោក​អនុប្រធានាធិបតី​អាមេរិក Mike Pence ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​បន្ទាប់​ពី​កិច្ចប្រជុំ​នៅ​ក្នុង​វិមាន Kadriorg ក្នុង​ក្រុង Tallinn ប្រទេស​អេស្តូនី កាលពី​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧។

នៅ​ថ្ងៃ​ចន្ទ​នេះ អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Mike Pence បាន​និយាយ​ថា គ្មាន​ការ​គំរាមកំហែង​ចំពោះ​បណ្ដា​ប្រទេស​នៅ​តំបន់ Baltic ណា ជាង​ការ​អន្ទង​ឈ្លានពាន​របស់​រុស្ស៊ី​នោះ​ទេ។ លោក Mike Pence បាន​ថ្លែង​ដូច្នេះ ស្រប​ពេល​ដែល​លោក​បាន​សន្យា​ថា​នឹង​ជួយ​គាំទ្រ​ដល់​ប្រទេស​អេស្តូនី ឡេតូនី និង​លីទុយអានី ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អង្គការ​អូតង់។

លោក Mike Pence បាន​និយាយ​ថា៖ «នា​ពេល​ឥឡូវ​នេះ រដ្ឋាភិបាល​រុស្ស៊ី​បន្ត​ស្វះស្វែង​គូស​ព្រំដែន​អន្តរជាតិ​ឡើង​វិញ​ដោយ​ប្រើ​កម្លាំង ស្វះស្វែង​បំផ្លិច​បំផ្លាញ​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រទេស​អធិបតេយ្យ​មួយ​ចំនួន និង​ធ្វើ​ឲ្យ​បណ្ដា​ប្រទេស​សេរី​នានា​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​មាន​ការ​បែកបាក់​គ្នា។ នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី Donald Trump សហរដ្ឋ​អាមេរិក​ជំទាស់​នូវ​ការ​ប៉ុនប៉ង​ណា​មួយ​ក្នុង​ការ​ប្រើ​កម្លាំង ការ​គំរាម​កំហែង ឬ​ក៏​ឥទ្ធិពល​គ្រោះ​ថ្នាក់​នៅ​ក្នុង​បណ្ដា​ប្រទេស​នៅ​តំបន់ Baltic ឬ​ក៏​ប្រឆាំង​នឹង​សម្ព័ន្ធមិត្ត​ណា​មួយ​របស់​អង្គការ​អូតង់​របស់​យើង‍»។

លោក Pence បាន​ថ្លែង​ដូច្នេះ​នៅ​ក្នុង​រដ្ឋធានី Tallinn ប្រទេស​អេស្តូនី បន្ទាប់ពី​ជួប​ប្រជុំ​ជាមួយ​ប្រធានាធិបតី​ប្រទេស​អេស្ដូនី​លោកស្រី Kersti Kaljulaid ប្រធានាធិបតី​ប្រទេស​ឡេតូនី​លោក Raimonds Vejonis និង​ប្រធានាធិបតី​ប្រទេស​លីទុយអានី​លោកស្រី Dalia Grybauskaite រួច​មក។

លោក​អនុ​ប្រធានាធិបតី Mike Pence បាន​បង្ហាញ​ពី​ក្ដី​សង្ឃឹម​ចង់​ឲ្យ​មាន​ទំនាក់ទំនង​ប្រសើរ​ជាង​មុន​ជាមួយ​នឹង​រុស្ស៊ី ប៉ុន្តែ​បាន​និយាយ​ថា វិធានការ​ការទូត​នា​ពេល​ថ្មីៗ​នេះ​របស់​រដ្ឋាភិបាល​រុស្ស៊ី នឹង​មិន​បង្អាក់​ដល់​ការ​ប្ដេជ្ញា​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​សន្តិសុខ​ផ្ទាល់​ខ្លួន ក៏​ដូចជា​សន្តិសុខ​របស់​បណ្ដា​ប្រទេស​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ផង​ដែរ។

ប្រទេស​អេស្ដូនី ឡេតូនី និង​លីទុយអានី បាន​ស្នើ​ឲ្យ​សហរដ្ឋ​អាមេរិក​ជួយ​គាំទ្រ​ផ្នែក​យោធា។ ក្ដី​បារម្ភ​អំពី​ការ​ពង្រីក​ដែនដី​របស់​រុស្ស៊ី មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​ក្នុង​តំបន់​បាល់ទិក បន្ទាប់ពី​រុស្ស៊ី​បាន​ភ្ជាប់​តំបន់ Crimea ពី​ប្រទេស​អ៊ុយក្រែន នៅ​ក្នុង​ឆ្នាំ ២០១៤ មក៕