ការ​សងសឹក​របស់​រុស្ស៊ី​ប្រឆាំង​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​អាច​ទទួល​ការ​តបត​វិញ

លោក​អនុប្រធានាធិបតី​អាមេរិក Mike Pence ថ្លែង​ទៅ​កាន់​នាយ​ទាហាន​ដែល​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​រួម Noble Partner ឆ្នាំ២០១៧ នៅ​ខាង​ក្រៅ​ក្រុង Tbilisi ប្រទេស​ហ្ស៊កហ្ស៊ី កាលពី​ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧។

លោក​អនុប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក Mike Pence ​បាន​មាន​ប្រសាសន៍ថា ​ចំណាត់​ការ​ខាង​ការទូត​ដែល​បាន​ធ្វើ​ឡើង​ដោយ​ប្រទេស​រុស្ស៊ី​នៅ​ក្នុងការ​ឆ្លើយ​តប​ទៅ​នឹងការ​ដាក់​ទណ្ឌកម្ម​កាល​ពី​ពេល​ថ្មីៗ​នេះ ​នឹង​មិន​ធ្វើ​រុញរា​ដល់​ការ​តាំង​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ដល់​សន្តិសុខ​ ហើយ​និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ទេ។

ថ្លែងកាល​ពី​ថ្ងៃ​អង្គារ​ក្នុង​អំឡុង​នៃ​ដំណើរ​ទស្សន​កិច្ច​ទៅកាន់​ប្រទេស​ហ្ស៊កហ្ស៊ី ​លោក​អនុ​ប្រធានា​ធិបតី Pence ​បាន​មាន​ប្រសាសន៍ថា ​សេចក្តី​ព្រាង​ច្បាប់​ដាក់ ​ទណ្ឌ​កម្មរបស់​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ ​នឹង​ត្រូវ​ចុះ​ហត្ថលេខា​នៅ​ពេល​ឆាប់ៗ​នេះ​ដែល​នឹង​បញ្ជូនសារ​យ៉ាង​ច្បាស់​ថា សកម្មភាព​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ និង​ការ​គាំទ្ររបស់​ខ្លួន​ដល់ប្រទេស​អ៊ីរ់ង់​ និង​ស៊ីរីជា​កាយ​វិការ​ត្រូវតែ​ធ្វើ​ការ​ផ្លាស់​ប្តូរ។

សភា​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​សេចក្តី​ព្រាងច្បាប់​ការ​ដាក់​ទណ្ឌកម្ម​នេះ​ដោយ​សំឡេង​ច្រើន​លើស​លុប​ដែល​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រុស្ស៊ី​ចំពោះ​ការ​ជ្រៀត​ជ្រែក​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​២០១៦​ដើម្បី​ជួយ​ឲ្យ​លោក​ត្រាំ​ឈ្នះ​បាន​កាន់​កាប់​សេតវិមាន ​ខណៈនោះ​ក៏​ដាក់​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​នឹង​ប្រទេស​អ៊ីរ៉ង់​និង​កូរ៉េខាង​ជើង​ដែរ។​ រុស្ស៊ី​បាន​ធ្វើ​ការ​ឆ្លើយតប​ដោយ​បាន​បញ្ជា​ឲ្យ​សហរដ្ឋ​អាមេរិក​កាត់​បន្ថយ​បុគ្គលិក​ការទូត​របស់​ខ្លួន​ចំនួន​៧៥៥​នាក់​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។

លោក​អនុប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក Mike Pence មាន​ប្រសាសន៍​ទៀត​ថា «លោក​ប្រធានា​ធិបតី​ត្រាំ ​និង​សភា​របស់​យើង​បាន​រួប​រួម​គ្នាក្នុង​សារ​របស់​យើង​ផ្ញើ​ទៅ​ឲ្យ​ប្រទេស​រុស្ស៊ី​ថា ទំនាក់​ទំនង​ដ៏​ល្អមួយ ​ការ​លុប​ចោល​ការ​ដាក់​ទណ្ឌកម្ម ​នឹង​តម្រូវ​ឲ្យ​រុស្ស៊ី​ប្រែក្រឡាស់​សកម្ម​ភាព​ខ្លួនដែល​បាន​រងការ​ដាក់​ទណ្ឌកម្ម​កាល​ពី​ដំបូង‍»។

​លោក​អនុប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក Mike Pence កំពុង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ជា​ច្រើន​ដើម្បី​បង្ហាញ​ពីការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ដល់សម្ព័ន្ធ​មិត្ត​នៅ​ក្នុង​តំបន់៕