អនុ​ប្រធានាធិបតី​អាមេរិក​ធ្វើ​ទស្សនកិច្ច​ក្នុង​ប្រទេស​ហ្ស៊កដានី

ព្រះមហាក្សត្រ​ប្រទេស​ហ្ស៊កដានី​និង​ភរិយា​ជួប​ជាមួយ​នឹង​អនុប្រធានាធិបតីសហរដ្ឋអាមេរិក​ Mike Pence និង​ភរិយា​នៅ​ព្រះបរមរាជវាំងក្នុង​ទីក្រុង​ Amman ប្រទេស​ហ្ស៊កដានីកាលពី​ថ្ងៃទី​២១ មករា ២០១៨។

អនុ​ប្រធានាធិបតី​អាមេរិក​លោក Mike Pence កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​ហ្ស៊កដានី ដែល​នៅ​ទី​នោះ លោក និង​ភរិយា​របស់​លោក​គឺ​លោកស្រី Karen គ្រោង​នឹង​ពិសា​អាហារ​ថ្ងៃ​ត្រង់​ជាមួយ​នឹង​ព្រះមហាក្សត្រ Abdullah និង​ព្រះ​មហាក្សត្រីយានី Rania។

ប្រទេស​ហ្ស៊កដានី​ជា​ប្រទេស​ទី​ពីរ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ៤ ថ្ងៃ​របស់​លោក Mike Pence ទៅ​កាន់​ភូមិភាគ​មជ្ឈិម​បូព៌ា។ នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ លោក Pence នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ីស្រាអែល។

នៅ​ក្នុង​ទីក្រុង​គែ ប្រទេស​អេហ្ស៊ីប​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ លោក Pence បាន​សន្យា​ថា សហរដ្ឋ​អាមេរិក​នឹង​បន្ត​គាំទ្រ​ប្រទេស​អេហ្ស៊ីប​ចំពោះ​ការ​វាយ​ប្រយុទ្ធ​របស់​ប្រទេស​នេះ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម។

ប្រទេស​អេហ្ស៊ីប​កំពុង​រក​មធ្យោបាយ​ដោះស្រាយ​ជាមួយ​នឹង​បញ្ហា​សន្តិសុខ​ធ្ងន់ធ្ងរ​នានា ដែល​ក្នុង​នោះ​មាន​ដូចជា​ការ​វាយ​ប្រហារ​របស់​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម​នៅ​ក្នុង​តំបន់ North Sinai ផង​ដែរ។ ប្រធានាធិបតី​អេហ្ស៊ីប​លោក Abdel Fattah el-Sissi បាន​និយាយ​ថា លោក និង​លោក Pence បាន​ពិភាក្សា​គ្នា​រក​មធ្យោបាយ​ដើម្បី​រំដោះ​ប្រទេស​អេហ្ស៊ីប​ចេញ​ពី ‍«ជំងឺ​មហារីក‍» នៃ​អំពើ​ភេរវកម្ម។

ដំណើរ​ទស្សនកិច្ច​របស់​លោក Pence ទៅ​កាន់​ប្រទេស​អេហ្ស៊ីប​គឺ​ជា​ដំណើរ​ទស្សនកិច្ច​កម្រិត​ខ្ពស់​បំផុត​របស់​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ទៅ​កាន់​ភូមិ​ភាគ​មជ្ឈិម​បូព៌ា តាំង​ពី​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ទទួល​ស្គាល់​ទីក្រុង Jerusalem ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​កាល​ពី​ខែ​ធ្នូ ឆ្នាំ​មុន​មក។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ភូមិភាគ​មជ្ឈិម​បូព៌ា​នេះ លោក Pence មិន​មាន​គម្រោង​ជួប​ជាមួយ​នឹង​មេដឹកនាំ​ប៉ាឡេស្ទីន​នោះ​ទេ៕