កាលពីថ្ងៃពុធ លោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្ត្រអាមេរិកាំងបានស្នើថាប្រសិនបើការបិទផ្នែកខ្លះនៃរដ្ឋាភិបាលសហព័ន្ធមិនបានត្រូវដោះស្រាយក្នុងសប្តាហ៍នេះទេនោះ លោកប្រធានាធិបតី Donlad Trump គួរពន្យាពេលលើកទៅថ្ងៃក្រោយការថ្លែងសុន្ទរកថារបស់លោកអំពីស្ថានភាពសហព័ន្ធឬមួយពិចារណាអំពីការផ្សព្វផ្សាយសុន្ទរកថានេះជាលាយលក្ខណ៍អក្សរ។
លោកស្រី Pelosi បាននិយាយយោងអំពីការប្រុងប្រៀបខាងកិច្ចការពារសន្តិសុខដែលត្រូវការឱ្យមានសម្រាប់ព្រឹត្តិការណ៍សំខាន់ប្រចាំឆ្នាំនេះដែលមានកំណត់នឹងធ្វើនីថ្ងៃទី២៩ខែមករា។
នៅក្នុងលិខិតមួយច្បាប់ផ្ញើទៅឱ្យលោក Trump លោកស្រីបានកត់សម្គាល់ថាសេវាសម្ងាត់ស.រ.អា.ដែលការពារប្រធានាធិបតីនិងគ្រួសារលោកនិងក្រសួងសន្តិសុខមាតុភូមិមិនបានទទួលប្រាក់កាសទេនៅពេលដែលរដ្ឋាភិបាលបិទ
«ដោយក្រសួងនានាបានរាំងស្ទះដោយសារពួកអ្នករដ្ឋការបានមកធ្វើការដោយគ្មានប្រាក់បៀវត្ស»។ ពួកអ្នកការពារសន្តិសុខប្រធានាធិបតី Trump បានធ្វើការដោយគ្មានប្រាក់ខែទេចាប់តាំងពីថ្ងៃទី២២ខែធ្នូមក។
ក៏ប៉ុន្តែលោកស្រី Kirstjen Nielsen រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិបាននិយាយថាទីភ្នាក់ងារទាំងនេះ «បានប្រុងប្រៀបពេញទំហឹងហើយដើម្បីគាំទ្រនិងការពារសន្តិសុខនៅពេលការថ្លែងសុន្ទរកថាអំពីស្ថានភាពសហព័ន្ធ។ យើងអរគុណសេវានេះចំពោះបេសកកម្មរបស់ពួកគេដែលផ្តោតការយកចិត្តទុកដាក់និងមានការប្តេជ្ញាលើសកម្មភាពទាំងអស់ដែលពួកគេធ្វើរៀងរាល់ថ្ងៃដើម្បីធ្វើឱ្យមាតុភូមិយើងមានសន្តិសុខ»៕