ប្រធាន​រដ្ឋ​សភា​អាមេរិក​​លោក​ស្រី Nancy Pelosi ថា អាមេរិក​នឹង​មិន​​អនុញ្ញាត​ឱ្យ​ចិន​​ធ្វើ​ឱ្យ​តៃវ៉ាន់​នៅ​ឯកោ​នោះ​ទេ

អ្នកស្រី Nancy Pelosi ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក ថ្លែង​ក្នុង​អំឡុងពេល​នៃ​សន្និសីទ​សារព័ត៌មាន​មួយ​ជាមួយ​នឹង​គណៈប្រតិភូ​សភា​របស់​អ្នកស្រី នៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២២។

ប្រធាន​រដ្ឋសភា​អាមេរិក​លោក​ស្រី Nancy Pelosi បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា សហរដ្ឋ​អាមេរិក​នឹង​មិន​អនុញ្ញាត​ឱ្យចិនធ្វើ​សកម្មភាព​ដើម្បី​ដាក់​កោះ​តៃវ៉ាន់​ឱ្យ​នៅ​ឯកកោ​នោះ​ឡើយ​ បន្ទាប់ពី​លោក​ស្រី​បាន​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ដែន​កោះ​មួយ​នេះ​ ​ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ខឹង​ក្រេវក្រោធ​ជា​ខ្លាំង។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។

ប្រទេស​ចិន​ដីគោក​ដែល​បាន​ចាត់ទុក​ដែន​កោះ​តៃវ៉ាន់​ថា​ជាផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួននោះ​ បាន​បើកធ្វើ​សមយុទ្ធ​យោធាក្នុង​ទ្រង់​ទ្រាយ​ធំ​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ជុំវិញ​ដែនកោះ​មួយ​នេះ​ បន្ទាប់​ពី​លោក​ស្រី​ប្រធាន​រដ្ឋសភា​អាមេរិក​រូប​នេះ​ ​មិន​បាន​ស្តាប់​ការព្រមាន​ខ្លាំងៗ​របស់​ចិន​ហើយ​លោក​ស្រី​បាន​ក្លាយ​ជាមន្ត្រី​ជាន់​ខ្ពស់​ដំបូង​បំផុតរបស់​អាមេរិក​ដែល​បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​លើ​កោះ​តៃវ៉ាន់​ ​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ។

នៅក្នុង​រាជធានី​តូក្យូប្រទេស​ជប៉ុន​ដែល​ជា​ប្រទេស​ចុង​ក្រោយ​នៃ​ដំណើរ​ទស្សនកិច្ចក្នុង​ប្រទេស​មួយ​ចំនួន​ក្នុង​ទ្វីបអាស៊ី​នោះ លោកស្រី Pelosi មិន​បានធ្វើ​អត្ថាធិប្បាយ​ដោយ​ផ្ទាល់​ទៅ​នឹង​ការធ្វើ​សមយុទ្ធ​យោធា​របស់​ចិន​នោះឡើយ ក៏ប៉ុន្តែ​លោក​ស្រី​បាន​លើក​ហេតុផល​ថា​ អ្នក​នយោបាយ​អាមេរិកគួរ​មាន​លទ្ធភាពធ្វើ​ដំណើរ​ដោយ​សេរី​មក​កាន់​កោះតៃវ៉ាន់។ លោក​ស្រី​បន្ត​ទៀត​ថា៖ «យើង​នឹង​មិន​អនុញ្ញាត​ឱ្យ​ប្រទេស​ចិនដាក់​កោះ​តៃវ៉ាន់​ឱ្យនៅ​ឯកោ​ពី​គេ​នោះ​ឡើយ​ ហើយ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រីមក​លើ​ដែនកោះ​នេះ​ គឺ​មិន​មែន​ដើម្បីធ្វើ​ការ​ផ្លាស់ប្តូរស្ថាន​ភាព​ដើមណា​មួយ​នៅ​ក្នុង​តំបន់​នោះឡើយ»។

នៅ​ពេល​សួរ​ថាតើ​ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ដើម្បីបង្កើន​កេរ្តិ៍ឈ្មោះ​របស់​លោកស្រី​ជាជាងការផ្តល់​ប្រយោជន៍​ដល់​កោះ​តៃវ៉ាន់​នោះ​ លោក​ស្រី​បាន​ឆ្លើយ​តប​ថា«ការណ៍​នេះ​មិន​មែនដើម្បី​ខ្ញុំ​នោះ​ឡើយ​គឺ​ដើម្បី​ពួក​គេ»។

លោកស្រី​បាន​ហៅ​ដែន​កោះតៃវ៉ាន់ថា ជា​ប្រទេស​សេរី​បំផុត​មួយ​ក្នុង​ចំណោម​ប្រទេស​ជា​ច្រើន​ដែល​មាន​សេរីភាព​ខ្លាំងបំផុត​នៅ​លើ​ពិភពលោក។ លោក​ស្រីបន្ថែម​ថា​ លោក​ស្រី​មាន​មោទនភាព​ចំពោះ​ការងារ​របស់​លោក​ស្រី​ដែល​បាន​បង្ហាញ​ពីក្តី​បារម្ភទាក់​ទិន​នឹង​ប្រទេស​ចិន​ដីគោក​ចាប់តាំង​ពី​រឿង​ការ​រំលោភ​លើ​វិស័យ​ពាណិជ្ជកម្ម ការរីកសាយ​ភាយអាវុធ​រហូត​ដល់​ការរំលោភ​សិទ្ធិ​មនុស្ស​ជា​ដើម។

កាល​ពី​ខែ​ឧសភា​កន្លង​ទៅ ប្រធានាធិបតី​អាមេរិក​លោក Joe Biden ក៏​បាន​ធ្វើ​ឱ្យ​ប្រទេស​ចិន​មានការខឹង​សម្បាម្តង​រួច​ហើយ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​ប្រទេស​ជប៉ុន​ ដោយ​នៅ​ពេល​នោះ​លោក​បាន​និយាយ​ថា កងទ័ព​សហរដ្ឋ​អាមេរិក នឹង​ការពារ​កោះ​តៃវ៉ាន់ ប្រសិន​បើចិន​មាន​បំណង​ប៉ុនប៉ងចូល​គ្រប់គ្រង​ដែន​កោះ​មួយ​នេះ​ដោយកម្លាំង​យោធា​នោះ។
ក៏​ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​ ក៏​លោក Bidenនិង​ក្រុម​របស់​លោកនៅ​ពេល​នោះ​បាន​ទទួច​ថា ​របៀប​ទំនាក់​ទំនងរបស់​អាមេរិក​ទៅ​កាន់​កោះ​តៃវ៉ាន់​ ដែល​មាន​រយៈពេលជា​ច្រើន​ទសវត្សរ៍​ហើយ​នោះ​ គឺ​នៅ​ដដែល​មិន​មានការ​ផ្លាស់​ប្តូរ​អ្វី​នោះ​ឡើយ៕