ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកអ្នកស្រី Nancy Pelosi បានឲ្យដឹងកាលពីថ្ងៃច័ន្ទថា សភានឹងបង្កើតគណ:កម្មការឯករាជ្យមួយ ដូចគ្នានឹងគណ:កម្មការព្រឹត្តិការណ៍ភេរវកម្មថ្ងៃទី១១ ខែកញ្ញា ដើម្បីស៊ើបអង្កេតលើករណីប៉ះបោរដ៏សាហាវ នៅឯវិមានសភាសហរដ្ឋអាមេរិក កាលពីដើមឆ្នាំនេះ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
អ្នកស្រី Pelosi បាននិយាយថា គណ:កម្មការនេះនឹង «ស៊ើបអង្កេត និងរាយការណ៍អំពីអង្គហេតុ និងមូលហេតុ ជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ថ្ងៃទី ០៦ ខែមករា ដែលជាការវាយប្រហារភេរវកម្មក្នុងស្រុកមកលើវិមានសភាសហរដ្ឋអាមេរិក... និងការទាក់ទងនឹងការជ្រៀតជ្រែកការផ្ទេរអំណាចដោយសន្តិវិធី»។
នៅក្នុងលិខិតផ្ញើទៅកាន់សហការីខាងគណបក្សប្រជាធិបតេយ្យ អ្នកស្រី Pelosi បានឲ្យដឹងថារដ្ឋសភាក៏នឹងបង្កើនការចំណាយបន្ថែម ដើម្បីបង្កើនសន្តិសុខនៅវិមានសភា។
បន្ទាប់ពីអតីតប្រធានាធិបតី Donald Trump រួចទោសពីការចោទប្រកាន់និងជំនុំជម្រះរបស់ព្រឹទ្ធសភាជាលើកទី ២ មក ការគាំទ្រពីគណបក្សទាំងពីររបស់អាមេរិក ទំនងជាកំពុងកើនឡើងសម្រាប់ [ការបង្កើត] គណ:កម្មការ ដើម្បីស៊ើបអង្កេតលើការប៉ះបោរដ៏ប្រល័យនោះ។
ថ្លែងនៅក្នុងកម្មវិធីព័ត៌មានកាលពីថ្ងៃអាទិត្យ សមាជិកសភាមកពីគណបក្សទំាងពីរបានឲ្យសញ្ញាថាទំនងជាមានការស៊ើបអង្កេតជាច្រើនទៀត។
សាលក្រមរបស់ព្រឹទ្ធសភាកាលពីថ្ងៃសៅរ៍ ជាមួយលទ្ធផល ៥៧ ទល់នឹង ៤៣ សំឡេង ខ្វះ ១០ សំឡេងដើម្បីអាចផ្តន្ទាទោសលោកអតីតប្រធានាធិបតី Donald Trump មិនបានធ្វើឱ្យស្ងប់ស្ងាត់ការជជែកអំពីការជាប់ពាក់ព័ន្ធរបស់លោកក្នុងព្រឹត្តិការណ៍វាយប្រហារលើវិមានសភាទេ។
លោក Bill Cassidy សមាជិកគណបក្សសធារណរដ្ឋម្នាក់ដែលបោះឆ្នោតឲ្យផ្ដន្ទាទោសលោក Trump បាននិយាយថា៖ «វាគួរតែមានការស៊ើបអង្កេតពេញលេញលើអ្វីដែលបានកើតឡើង។ អ្វីដែលគេដឹង អ្នកដែលបានដឹង ហើយដឹងនៅពេលណា ទាំងអស់នេះឯង ព្រោះថាវាបង្កើតជាមូលដ្ឋានដើម្បីឱ្យវានឹងមិនកើតឡើងម្ដងទៀត»៕