ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi កំពុងតែអំពាវនាវឲ្យសមាជិករដ្ឋសភាត្រឡប់ពីសម្រាកវិស្សមកាលរដូវក្ដៅវិញ ដើម្បីបោះឆ្នោតលើការផ្ដល់ថវិកាដល់ទីភ្នាក់ងារប្រៃសណីយ៍(ជាតិ)សហរដ្ឋអាមេរិក។ ការអំពាវនាវនេះធ្វើឡើង បន្ទាប់ពីអគ្គនាយកប្រៃសណីយ៍ថ្មីស្នើវិធានការកាត់បន្ថយការចំណាយនានា។
សមាជិកគណបក្សប្រជាធិបតេយ្យមានការភ័យខ្លាចថា ការកាត់បន្ថយសេវាកម្មនានារបស់ទីភ្នាក់ងារប្រៃសណីយ៍មានគោលបំណងពន្យារពេលសេវាដឹកជញ្ជូនសន្លឹកឆ្នោតដែលបោះតាមប្រៃសណីយ៍ នៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី ៣ ខែវិច្ឆិកា ខាងមុខនេះ។
រដ្ឋសភា នឹងពិចារណាលើច្បាប់មួយ ដើម្បីរារាំងកុំឲ្យប្រៃសណីយ៍ជាតិធ្វើនូវអ្វី ដែលអ្នកស្រី Pelosi ហៅថា ជាការផ្លាស់ប្ដូរ «ប្រតិបត្តិការ ឬបែបផែននៃការផ្ដល់សេវាដល់ពលរដ្ឋ» ដែលទីភ្នាក់ងារនេះបានចាប់ធ្វើកាលពីដើមឆ្នាំ ២០២០។
អ្នកស្រី Pelosi ថ្លែងថា៖ «ស្ថាប័នប្រៃសណីយ៍ជាតិគឺជាសសរស្ដម្ភនៃលទ្ធិប្រជាធិបតេយ្យរបស់យើង ដែលត្រូវបានចែងនៅក្នុងរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក និងដើរតួនាទីសំខាន់ក្នុងការផ្ដល់សេវាកម្មដ៏សំខាន់នានា ដូចជាការដឹកជញ្ជូនថ្នាំពេទ្យ សែកបើកប្រាក់សន្ដិសុខសង្គម សែកបើកប្រាក់បៀវត្សរ៍ ឯកសារបង់ពន្ធ និងសន្លឹកឆ្នោតដែលបោះតាមប្រៃសណីយ៍របស់ពលរដ្ឋអាមេរិកាំងរាប់លាននាក់ ដោយរួមទាំងសហគមន៍របស់យើងដែលស្ថិតនៅតំបន់ដាច់ស្រយាលបំផុតផងដែរ»។
លោក Chuck Schumer មេដឹកនាំគណបក្សប្រជាធិបតេយ្យនៅព្រឹទ្ធសភា កំពុងតែអំពាវនាវឲ្យលោក Mitch McConnell មេដឹកនាំព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋ កោះហៅសមាជិកព្រឹទ្ធសភាជាបន្ទាន់ ដើម្បីចាត់វិធានការភ្លាមៗលើអ្វីដែលលោកនិយាយថា គឺជា«ការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ» ដែលលោក Louis DeJoy អគ្គនាយកប្រៃសណីយ៍បានធ្វើ ដើម្បីឲ្យ«ពលរដ្ឋអាចទទួលបានប្រាក់បៀវត្សរ៍ ថ្នាំពេទ្យ និងរបស់របរសំខាន់ៗដទៃទៀតទាន់ពេលវេលា និងដើម្បីធានាថា ការបោះឆ្នោតរបស់យើងនឹងនៅតែប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ពេញលេញ»។
លោកស្រី Pelosi និងលោក Schumer បានស្នើឲ្យលោក DeJoy និងប្រធានក្រុមប្រឹក្សាភិបាលប្រៃសណីយ៍ជាតិសហរដ្ឋអាមេរិកលោក Robert Duncan ផ្ដល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការត្រួតពិនិត្យ និងកំណែទម្រង់នៃរដ្ឋសភានៅសប្ដាហ៍ក្រោយនេះ។
កន្លងមក លោកប្រធានាធិបតី Donald Trump បានចោទប្រកាន់ដោយគ្មានភស្តុតាងថា ការបោះឆ្នោតតាមប្រៃសណីយ៍នឹងនាំឲ្យមានការលួចបន្លំសន្លឹកឆ្នោត។ លោកបានសារភាពកាលពីសប្ដាហ៍មុនថា លោកកំពុងតែពន្យារពេលផ្ដល់ថវិកាចំនួន ២៥ ពាន់លានដុល្លារ ដែលជាថវិកាសម្រាប់គ្រាមានអាសន្ន សម្រាប់ទីភ្នាក់ងារប្រៃសណីយ៍ ដើម្បីធ្វើឲ្យការបោះឆ្នោតតាមប្រៃសណីយ៍កាន់តែលំបាកជាងមុន។
ប៉ុន្តែក្រោយមកលោកដកខ្លួនពីការថ្លែងនេះវិញដោយលោកថាលោកនឹងអនុម័តថវិកាសម្រាប់ប្រៃសណីយ៍ប្រសិនបើក្រុមគណបក្សប្រជាធិបតេយ្យគាំទ្រកញ្ចប់ថវិកាជំនួយទប់ទល់វិបត្តិកូរ៉ូណារបស់ក្រុមគណបក្សសាធារណរដ្ឋ។
កាលពីថ្ងៃអាទិត្យនាយកខុទ្ទកាល័យសេតវិមានលោក Mark Meadows បានបដិសេធការចោទប្រកាន់ថាលោកប្រធានាធិបតី Trump ព្យាយាមជ្រៀតជ្រែកការបោះឆ្នោត ដោយលោកថ្លែងប្រាប់ទូរទស្សន៍ CNN ថា៖ «លោកប្រធានាធិបតីសហរដ្ឋអាមេរិកនឹងមិនជ្រៀតជ្រែកនឹងពលរដ្ឋណាដែលបោះឆ្នោតដោយត្រឹមត្រូវនោះទេ មិនថាឡើងបោះតាមប្រៃសណីយ៍ឬតាមមធ្យោបាយដទៃ»៕