ក្រុម​អន្តរសាសនា​រៀបចំ​ធម្មយាត្រា​នៅ​តាម​បណ្តោយ​ព្រំដែន​ដើម្បី​សន្តិភាព

ការដើរ​ក្បួន​ធម្មយាត្រា​​ក្នុង​ថ្ងៃ​បុណ្យ​វិសាខ​បូជា​នេះ​បាន​ចាប់​ផ្តើម​នៅ​ម៉ោង​៨​ព្រឹក​នៅ​វត្ត​អន្លង់វែង ​ស្រុក​អន្លង់វែង ​ខេត្ត​ឧត្តរមានជ័យ។

មនុស្ស​ប្រហែល​២០០​នាក់​មកពី​ចម្រុះ​សាសនា​នៅ​ប្រទេស​កម្ពុជា​និង​ថៃ​នៅ​ថ្ងៃ​សុក្រ​នេះ​បានប្រារព្ធ​ពិធី​វិសាខ​បូជា​និង​ធ្វើ​ធម្មយាត្រា​រួមគ្នា​នៅ​តាម​បណ្តោយ​ព្រំដែន​ប្រទេស​ទាំងពីរ។

ការដើរ​ក្បួន​ធម្មយាត្រាក្នុង​ថ្ងៃ​បុណ្យ​វិសាខ​បូជា​នេះ​បាន​ចាប់​ផ្តើម​នៅ​ម៉ោង​៨​ព្រឹក​នៅ​វត្ត​អន្លង់វែង ​ស្រុក​អន្លង់វែង ​ខេត្ត​ឧត្តរមានជ័យ។ ក្បួន​ត្រូវ​បាន​រៀប​ជា​ជួរ​ហើយ​អ្នក​ចូលរួម​ទាំង​អស់បាននាំ​គ្នា​កាន់​បដា​សន្តិភាព​ ទង់​សាសនា ​និង​ផ្កា​ឈូក ​និង​មាន​ព្រះសង្ឃ​និមន្តនាំ​មុខ ​ទេសនា​ពី​ប្រវត្តិ​ថ្ងៃ​បុណ្យ​វិសាខ​បូជា​និង​ទស្សនៈ​សន្តិភាព ​ដោយ​បាន​ចេញ​ដំណើរ​ពី​ទីធ្លា​វត្ត​ កាត់​តាមភូមិ​ប្រជា​ពលរដ្ឋ​ឆ្ពោះ​ទៅ​កាន់​ផ្សារ​អន្លង់វែង​ ចម្ងាយ​ប្រមាណ​២​គីឡូម៉ែត្រ ​ទើប​ត្រឡប់​មក​វិញ។

អ្នក​ចូលរួម​ប្រហែល​២០០​នាក់ ​មាន​ពលរដ្ឋ​ខ្មែរ​មកពី​ក្រុង​ភ្នំពេញ​និង​នៅ​មូលដ្ឋាន ​ពលរដ្ឋ​ខ្មែរ​ឥស្លាម ​ពលរដ្ឋ​ថៃ​ចំនួន​៩​នាក់ ​និង​ចិន​ចំនួន​២​នាក់​ដែល​គោរព​សាសនាព្រះពុទ្ធ​ សាសនា​ឥស្លាម​ គ្រឹស្ត​សាសនា​និង​សាសនា​តៅ។

ស្ថិត​ក្នុង​សម្លៀក​បំពាក់​អាវ​ស ​សំពត់​ហូល ​និង​ដៃ​កាន់​ផ្កា​ឈូក ​អ្នកស្រី ​យេ យឿន ​អាយុ​៥២​ឆ្នាំ ជា​ពលរដ្ឋ​មូលដ្ឋាន​ម្នាក់​ ថ្លែង​ពី​មូលហេតុ​ដែល​អ្នកស្រី​ចូលរួម​ហែរ​ក្បួនធម្មយាត្រា​នេះ។

«ថ្ងៃ​នេះ​ថ្ងៃ​សីល ​ថ្ងៃ​វិសាខបូជា ​ហើយ​ជា​ទំនៀម​ទម្លាប់​ពី​បុរាណ​មកហើយ។ ហើយ​យើង​ថ្ងៃ​នេះ​ចង់​ឱ្យ​មាន​សន្តិភាព ​ជោគជ័យ​សេរីសួស្តី ​ហើយ​ទឹក​ដី​ខ្មែរ​យើង ​សូម​ឱ្យ​សុខ​សប្បាយ​រៀង​រហូត»។

អ្នក​ចូលរួម​ប្រហែល​២០០​នាក់ ​មាន​ពលរដ្ឋ​ខ្មែរ​មកពី​ក្រុង​ភ្នំពេញ​និង​នៅ​មូលដ្ឋាន ​ពលរដ្ឋ​ខ្មែរ​ឥស្លាម ​ពលរដ្ឋ​ថៃ​ចំនួន​៩​នាក់ ​និង​ចិន​ចំនួន​២​នាក់​ដែល​គោរព​សាសនាព្រះពុទ្ធ​ សាសនា​ឥស្លាម​ គ្រឹស្ត​សាសនា​និង​សាសនា​តៅ។

វិសាខបូជា ​ជា​ពិធី​បុណ្យ​រំលឹក​ដល់​ថ្ងៃ​ព្រះពុទ្ធ​បាន​ប្រសូត ​ត្រាស់ដឹង ​និង​បរិនិព្វាន ​ហើយ​ត្រូវ​បាន​ពុទ្ធសាសនិក​ទូទាំង​ពិភពលោក​ប្រារព្ធ​នៅថ្ងៃ​១៥​កើត ​ខែ​ពិសាខ ​ជា​រៀង​រាល់​ឆ្នាំ។
អ្នកស្រី​ បេនចាផន អ៊ីនង៉ាម (Benjaporn Inngarm) ​អាយុ​២៨​ឆ្នាំ ​ថ្លែង​ថាអ្នកស្រី​និង​ពលរដ្ឋ​ថៃ​ផ្សេង​ទៀត​ឆ្លងដែន​មក​ចូលរួម​ក្នុង​ធម្មយាត្រា​នេះ ​គឺ​ដើម្បី​រឹត​ចំណង​សាមគ្គីភាព​រវាង​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​សងខាង។

«ព្រោះ​ថា ​ទោះ​បី​យើង​ជា​ជាតិ​សាសន៍​ផ្សេង​គ្នា​ក៏​ដោយ ​ក៏​ប៉ុន្តែ​យើង​មាន​វប្បធម៌​ដូច​គ្នា ​ដូច្នេះ​នា​ពេល​នេះ ​យើង​ចង់​ចែក​រំលែក​សាមគ្គី​ភាព​របស់​យើង ​ថា​យើង​ជា​ប្រទេស​ជិត​ខាង ​ហើយ​យើង​អាច​កសាង​សន្តិភាព​បាន​ជា​មួយ​គ្នា»។

លោក ឡៃ សាន ​អាយុ​២២​ឆ្នាំ ​ជា​សាសនិក​អ៊ីស្លាម​និង​និស្សិត​ឆ្នាំ​ទី​១​ម្នាក់​នៅ​សាកល​វិទ្យាល័យ​ន័រតុន។ លោក​ថ្លែង​ថា​លោក​ចូលរួម​ក្នុង​ធម្មយាត្រា​នេះគឺ​ដើម្បី​ចូលរួម​លើក​កម្ពស់​សន្តិភាព​ជាមួយ​សាសនា​ដទៃ។

«ខ្ញុំ​គិត​ថា​ការ​ចូលរួម​ក្នុង​ធម្មយាត្រា​នេះ វា​ធ្វើ​ឱ្យ​សន្តិភាព​រវាង​សាសនា​ទាំង​អស់ ​សាសនា​ព្រះពុទ្ធ ​សាសនា​គ្រឹស្ត ​និង​សាសនា​អ៊ីស្លាម។ តាម​ពិត​វា​មិន​មែន​ជា​ពិធី​របស់​អ៊ីស្លាម​ទេ ​ប៉ុន្តែ​ខ្ញុំ​គិត​ថា​ការចូលរួម​នេះ​ជា​ការ​ចែក​រំលែក​សន្តិភាព​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​ក៏​ដូចជា​ពី​សាសនា​មួយ​ទៅ​សាសនា​មួយ​ដើម្បី​ស្វែង​រក​សន្តិភាព​ទាំង​អស់​គ្នា»។

ជា​មួយ​គ្នា​នេះ ​អ្នក​ចូលរួម​ទាំង​អស់​បានធ្វើ​សមាធិ​រួម​គ្នា ​ចែក​រំលែក​ទស្សនៈ​សន្តិភាព​តាម​សាសនា​រៀង​ខ្លួន ​និង​បញ្ហា​ចោទក្នុង​សង្គម​និង​សាសនា​ពួកគេ។

កម្មវិធី​នេះ​រៀបចំ​រួម​គ្នាដោយ​ក្រុម​ការងារ​ដើម្បី​សន្តិភាព​របស់​កម្ពុជា​និង​អង្គការ​ស្ម័គ្រចិត្ត​បម្រើ​សេវា​សង្គម​របស់​ប្រទេស​ថៃ។

លោក​ បូ ពៅ ​សមាជិក​ក្រុម​ការងារ​ដើម្បី​សន្តិភាព​ម្នាក់​ដែល​បាន​រៀបចំ​កម្មវិធី​នេះ ​បាន​ពន្យល់​ពី​មូលហេតុ​ដែល​ក្រុម​ការងារ​ជ្រើសរើស​យកស្រុក​អន្លង់​វែង​សម្រាប់​គម្រោង​នេះ ​ដោយសារ​នេះ​ជា​តំបន់​មួយ​ដែលមាន​ពលរដ្ឋ​ខ្មែរ​លួច​ឆ្លង​ដែន​ទៅ​រកស៊ី​នៅ​ប្រទេស​ថៃ​ហើយ​ត្រូវ​បាន​ទាហាន​ថៃ​បាញ់​សម្លាប់​ជា​រឿយៗ។

«យើង​ធ្វើ​នៅ​ទី​នេះ​ដោយ​សារ​ចង់​ផ្ញើ​សារ​ដល់​ទាហាន​ឈុត​ខ្មៅ​ថៃ​ឬ​ក៏​អាជ្ញាធរ​ថៃ​សូម​មេត្តា​ជួយ​សម្រួល​ កុំ​សម្លាប់​ជីវិត​មនុស្ស​ទៀត ​ពីព្រោះ​យើង​ជា​អ្នក​ជិតខាង​យើង​ជា​[អ្នកកាន់]​ពុទ្ធសាសនា​ទៅ​ទៀត»។

លោក​ បូ ពៅ ​បន្ថែម​ថា​មូលហេតុ​ដែល​ក្រុម​ការងារ​នេះអញ្ជើញ​អ្នក​ចូល​រួម​ពី​សាសនា​ផ្សេងៗ​និង​ជនជាតិ​ថៃ​គឺ​ដើម្បី​ពង្រឹង​សាមគ្គីភាពនិង​មិត្តភាព​រវាង​ពុទ្ធសាសនិក​ជនជាតិ​ខ្មែរ ​និង​ពុទ្ធសាសនិក​ថៃ​ព្រម​ទាំង​សាសនិក​មក​ពី​អន្តរ​សាសនា​ដទៃ​ទៀត​ដែល​ស្រឡាញ់​សន្តិភាព​និង​លើក​កម្ពស់​ការ​យល់​ដឹង​ពី​ដំណើរ​ការ​កសាង​សន្តិភាព៕