លោក វិល្លៀម ហែដ៍ (William A.Heidt) ឯកអគ្គរដ្ឋទូតតែងតាំងថ្មីរបស់ស.រ.អា.ប្រចាំនៅកម្ពុជា កាលពីព្រឹកថ្ងៃសុក្រនេះ បានបង្ហាញមុខជាសាធារណេៈជាលើកដំបូងនៅប្រទេសកម្ពុជាក្នុងពិធីស្បថចូលបំពេញការងាររបស់យុវជនស្ម័គ្រចិត្ត Peace Corps នៅឯស្ថានទូតអាមេរិក។ លោកថ្លែងថា ទីភ្នាក់ងារ Peace Corps គឺជាមធ្យោបាយល្អមួយផ្សារភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក ជាពិសេសគឺការលើកកម្ពស់ការអប់រំ និងវិស័យសុខាភិបាលនៅតាមជនបទ។
ក្រុមយុវជនស្ម័គ្រចិត្ត Peace Corps គឺជាមធ្យោបាយល្អមួយក្នុងការពង្រឹកទំនាក់ទំនងល្អរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។ នេះបើតាមការឲ្យដឹងរបស់លោក វិល្លៀម ហែដ៍ (William A.Heidt) ឯកអគ្គរដ្ឋទូតស.រ.អា.តែងតាំងថ្មីប្រចាំនៅកម្ពុជា។
ថ្លែងនៅក្នុងសុន្ទរកថាដំបូងគេបង្អស់របស់លោកជាសាធារណៈ នៅក្នុងពិធីស្បថចូលបំពេញការងាររបស់ក្រុមយុវជនស្ម័គ្រចិត្តនៃទីភ្នាក់ងារ Peace Corps នៅឯស្ថានទូតអាមេរិកកាលពីព្រឹកថ្ងៃសុក្រនេះ លោកវិល្លៀម ហែដ៍ (William A.Heidt) ដែលចូលមកកាន់តំណែងបន្តពីលោក William Todd ថ្លែងជាភាសាខ្មែរយ៉ាងដូច្នេះថា៖
«ខ្ញុំមានសេចក្តីរំភើបរីករាយជាខ្លាំងដោយបានចូលរួមក្នុងពិធីនាថ្ងៃនេះ តាំងពីខ្ញុំបានមកដល់ប្រទេសកម្ពុជា កាលពីចុងសប្តាហ៍មុន។ ទីភ្នាក់ងារ Peace Corps តំណាងឲ្យការទាក់ទងគ្នាដ៏ល្អរវាងប្រជាជន និងប្រជាជនដែលយើងមានរវាងប្រទេសយើងទាំងពីរ»។
Peace Corps កម្ពុជាត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧ និងមានសមាជិកសរុបជាង៤០០នាក់។
Peace Corps កម្ពុជាធ្វើការទៅលើការលើកកម្ពស់វិស័យសុខភាព និងការអប់រំតាមរយៈការបង្រៀនភាសាអង់គ្លេសនៅតាមសហគមន៍ជនបទ នៅតាមបណ្តាខេត្តនានានៅកម្ពុជា។
ទីភ្នាក់ងារ Peace Corps គឺជាទីភ្នាក់ងារសហរដ្ឋអាមេរិក ដែលសហការជាមួយនិង លោកស្រី Michelle Obama ភរិយារបស់ប្រធានាធិតីបារ៉ាក់អូបាម៉ាដែលបានធ្វើទស្សនកិច្ចមកកម្ពុជាជាលើកទី១ តាមរយៈគម្រោង Let Girls Learn នាខែមិនាកន្លងទៅ។ គម្រោង Let Girls Learn ឬកម្មវិធី«ចូរឲ្យក្មេងស្រីទៅរៀន»នេះបានជំរុញនិងលើកកម្ពស់ឲ្យក្មេងស្រីនៅកម្ពុជា ទទួលបានការអប់រំកម្រិតខ្ពស់កាន់តែច្រើនឡើង។
ថ្លែងនៅក្នុងពិធីស្បថរបស់ទីភ្នាក់ងារ Peace Corps នៅព្រឹកថ្ងៃសុក្រកន្លងទៅនេះ លោក វិល្លៀម ហែដ៍ ថ្លែងកោតសរសើរក្រុមការងារនេះ ដោយលើកឡើងយ៉ាងដូច្នេះថា៖
«ពួកគេគឺជាមុខមាត់ពិតប្រាកដនៃប្រទេសអាមេរិក ក្នុងការកសាងទំនាក់ទំនងនេះ តាមរយៈទឹកចិត្តបម្រើការងារ ការចង់រៀនសូត្រ ការចង់ចែករំលែកជំនឿលើការផ្លាស់ប្តូរ និងភាពសោមនស្សយ៉ាងច្រើន។ នៅពេលប្រជាជនកម្ពុជារៀនពីពួកគេ ពួកគេក៏នឹងរៀនពីប្រជាជនកម្ពុជាវិញដែរ ពិសេសគ្រួសារដែលគេនៅជាមួយ»។
លោក Blaal Ahmadi នៅក្នុងចំណោមយុវជនស្ម័គ្រចិត្ត Peace Corpsទាំង៦៤នាក់ ដែលនឹងចុះបំពេញការងារសហគមន៍ជនបទនៅក្នុងប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីលោកបានសាកល្បងរស់នៅ និងស្វែងយល់អំពីជីវភាពរស់នៅក្នុងសហគមន៍មួយ នាជនបទរបស់ប្រទេសដ៏ក្រីក្រនេះអស់រយៈពេលជាង២ខែមកនេះ។
លោក Blaal Ahmadi បង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនជាខេមរភាសាយ៉ាងដូច្នេះថា៖
«ប៉ុន្តែយើងមានចំណុចដូចគ្នាមួយគឺពួកយើងជាជនជាតិអាមេរិក ហើយពួកយើងជាកូនសិស្សរបស់ប្រទេសកម្ពុជាជារឿងរហូត។ ប្រជាជនខ្មែរបានឆ្លងកាត់រឿងជាច្រើន តែពួកគេនៅតែស្វាគមន៍ឲ្យយើងនៅជាមួយពួកគេ និងចាត់ទុកពួកយើងដូចគ្រួសារតែមួយ។ លើសពីនេះទៅទៀត មកទល់ពេលនេះ ប្រជាជនកម្ពុជានៅតែមានការលំបាក»។
ស្របគ្នានោះដែរ លោក អ៊ឹម គុជ រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា ដែលជាភ្ញៀវកិត្តិយសមួយរូបនៅក្នុងពិធីស្បថរបស់ Peace Corpsនេះ បានលើកឡើងថា ការសិក្សាភាសាអង់គ្លេសជារឿងសំខាន់មួយ ជាពិសេសនៅពេលសមាហរណកម្មអាស៊ានកាន់តែខិតជិតមកដល់។ ហេតុនេះ អ្វីដែល Peace Corps ធ្វើកន្លងមកបាននិងកំពុងតែរួមចំណែកក្នុងការបង្កើនសមត្ថភាពភាសាអង់គ្លេសសម្រាប់ប្រជាជនកម្ពុជានៅតាមសហគមន៍ជនបទ ខណៈដែលប្រព័ន្ធអប់រំកម្ពុជានៅតាមជនបទនៅមានបញ្ហាប្រឈមច្រើននៅឡើយ។
ទីភ្នាក់ងារ Peace Corps គឺជាក្រុមអ្នកស្ម័គ្រចិត្តអាមេរិក ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៦១ ដោយលោកប្រធានាធិបតី Jonh F. Kennedy ដើម្បីលើកកម្ពស់សន្តិភាពពិភពលោក និងមិត្តភាព។ ជាសរុប ទីភ្នាក់ងារ Peace Corps មានសមាជិកជាង២០ម៉ឺននាក់ នៅក្នុងប្រទេសចំនួន១៣៩ទូទាំងពិភពលោក៕