អារម្មណ៍​ពុះកញ្ជ្រោល​កើន​ឡើង​សម្រាប់​ក្រុម​ទាំង​សងខាង នៅ​ពេល​បូជនីយដ្ឋាន​តំណាង​សម្ព័ន្ធភាព​រដ្ឋ​ភាគ​ខាង​ត្បូង​សម័យ​សង្គ្រាម​ស៊ីវិល​អាមេរិក​ត្រូវ​បាន​រុះរើ

ក្រុម​បាតុករ​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្រោម​បូជនីយដ្ឋាន​មួយ​ដែល​ឧទ្ទិស​ដល់​លោក​ឧត្តមសេនីយ៍ John B. Castleman ខណៈ​ដែល​ទាមទារ​ឲ្យ​រុះរើ​បូជនីយដ្ឋាន​នេះ​ចេញ​ពី​ទីលាន​សាធារណៈ​នេះ​នៅ​ក្នុង​ក្រុង Louisville កាលពី​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧។

រដ្ឋធានី​វ៉ាស៊ីនតោន​ជា​កន្លែង​បណ្តុំ​នៃ​បូជនីយដ្ឋាន​រាប់​សិប​កន្លែង ដែល​រំឭក​ដល់​សង្គ្រាម​ដែល​សហរដ្ឋ​អាមេរិក​ប្រឡូក​ជាមួយ និង​អ្នក​ដែល​បាន​ប្រយុទ្ធ​នៅ​ក្នុង​សង្គ្រាម​ទាំង​នោះ។ មនុស្ស​រាប់​លាន​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន​នេះ​ជា​រៀងរាល់​ឆ្នាំ ដើម្បី​ទស្សនា​សារមន្ទីរ និង​បូជនីយដ្ឋាន​ទាំង​នេះ។ នា​ពេល​ថ្មីៗ​នេះ មនុស្ស​ជា​ច្រើន​នៅ​តាម​ទីប្រជុំជន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បាន​បញ្ចេញ​មតិ​ចំពោះ​បញ្ហា​នៃ​ការ​រុះរើ​បូជនីយដ្ឋាន​ទាំង​នេះ។

នៅ​ក្នុង​សហរដ្ឋ​អាមេរិក សេចក្ដី​សម្រេច​មួយ​ដែល​ធ្វើ​ការ​ថ្កោលទោស​ដល់​ក្រុម​ពលរដ្ឋ​អាមេរិកាំង​ស្បែក​ស​ដែល​គិត​ថា​ខ្លួន​អស្ចារ្យ​ជាង​គេ ក្រុម neo-Nazis និង​ក្រុម​ដែល​មាន​ទស្សនៈ​ស្អប់​គុំកួន​អ្នក​ដទៃ​ទៀត ត្រូវ​បាន​អនុម័ត​ដោយ​សភា និង​ចុះ​ហត្ថលេខា​ដោយ​លោក​ប្រធានាធិបតី Donald Trump។ លោក​ប្រធានាធិបតី Donald Trump រង​ការ​រិះគន់​ពាក់ព័ន្ធ​នឹង​ការ​ឆ្លើយតប​របស់​លោក​ចំពោះ​អំពើ​ហិង្សា​ដែល​បាន​ផ្ទុះ​ឡើង​នៅ​ឯ​ការ​ជួបជុំ​គ្នា​របស់​ក្រុម​ជាតិ​និយម​ស្បែក​ស​មួយ​ក្រុម កាលពី​ខែ​សីហា​កន្លង​ទៅ​នេះ នៅ​ក្នុង​ទីក្រុង Charlottesville រដ្ឋ Virginia។

ស្ត្រី​វ័យ ៣២ ឆ្នាំ​ម្នាក់​គឺ​អ្នកស្រី Heather Heyer បាន​ស្លាប់ ហើយ​មនុស្ស ១៩ នាក់​ផ្សេង​ទៀត​បាន​រងរបួស នៅ​ពេល​ដែល​រថយន្ត​មួយ​គ្រឿង​ដែល​គេ​ចោទ​ថា​បាន​បើក​ដោយ​ពលរដ្ឋ​ស្បែក​ស​ដែល​គិត​ថា​ខ្លួន​អស្ចារ្យ​ជាង​គេ បាន​បើក​បុក​ចូល​ហ្វូង​មនុស្ស។ មន្ត្រី​ប៉ូលិស​រដ្ឋ​ពីរ​នាក់​ដែល​បាន​តាមដាន​ការ​តវ៉ា​នោះ បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ។

ការ​តវ៉ា​អំពី​ផែនការ​ក្នុង​ការ​រុះរើ​រូប​សំណាក​របស់​មេបញ្ជាការ​យោធា​មួយ​រូប​តំណាង​ឲ្យ​សម្ព័ន្ធភាព​របស់​រដ្ឋ​ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក ដែល​កាលពី ១៤០ ឆ្នាំ​មុន បាន​ធ្វើ​ការ​វាយ​ប្រយុទ្ធ​ជាមួយ​នឹង​រដ្ឋាភិបាល​សហព័ន្ធ ដើម្បី​ទាមទារ​ឯករាជ្យ​សម្រាប់​តំបន់​ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក​ដែល​ហៅ​ថា American South បាន​ធ្វើ​ឲ្យ​មាន​ការ​ជជែក​ដេញ​ដោល​ជា​ថ្មី​ឡើង​វិញ​នៅ​តាម​រដ្ឋ​ជា​ច្រើន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក អំពី​ថា​តើ​គួរ​ត្រូវ​រុះរើ​រូបសំណាក​ក្នុង​សម័យ​សង្គ្រាម​ស៊ីវិល​នានា​ចោល ឬ​ក៏​យ៉ាង​ណា​នោះ។

រូបសំណាក​នៅ​ក្នុង​សម័យ​សង្គ្រាម​ស៊ីវិល​ទាំង​នេះ​មួយ​ចំនួន​ជា​និមិត្តរូប​នៃ​មោទនភាព​របស់​ពលរដ្ឋ​អាមេរិកាំង​មួយ​ចំនួន និង​ជា​ផ្នែក​មួយ​នៃ​ប្រវត្តិសាស្ត្រ​សហរដ្ឋ​អាមេរិក ប៉ុន្តែ​ចំពោះ​អ្នក​ផ្សេង​ទៀត​ រូបសំណាក​ទាំង​នេះ​គឺ​ជា​និមិត្តរូប​នៃ​ការ​រើសអើង។

ការ​ប្រឈម​មុខ​នឹង​ការ​ពិត

លោក Kevin Levin ដែល​ជា​អ្នក​ប្រវត្តិសាស្ត្រ​ឯករាជ្យ បាន​ប្រាប់ VOA តាមរយៈ​ប្រព័ន្ធ Skype ថា៖ «ខ្ញុំ​គិត​ថា មនុស្ស​កាន់​តែ​ច្រើន​ឡើង​សម្លឹង​មើល​រូបសំណាក និង​កន្លែង​រំឭក​វិញ្ញាណក្ខន្ធ​ទាំង​នោះ ដោយ​ហាក់​ដូចជា​ប្រឈម​មុខ​នឹង​ការ​ពិត ដែល​ពួកគេ​បាន​លះបង់​ជីវិត​របស់​ពួកគេ ហើយ​នេះ​ហើយ​គឺ​ជា​ការ​បង្កើត​ប្រទេស​ឯករាជ្យ​មួយ​ដែល​ប្រើ​អំពើ​ទាសភាព»។

លោក Ernie Williams ដែល​ជា​ពលរដ្ឋ​ម្នាក់​រស់នៅ​ក្នុង​រដ្ឋ Virginia បាន​និយាយ​អំពី​រូបសំណាក​នេះ​យ៉ាង​ដូច្នេះ​ថា៖ «មនុស្ស​គ្រប់​គ្នា​ចង់​ឲ្យ​មាន​ការ​រុះរើ​រូបសំណាក​ទាំង​នោះ​ចេញ។ ខ្ញុំ​មិន​ដឹង​ថា​ហេតុអ្វី​នោះ​ទេ។ រូប​សំណាក​ទាំង​នេះ​មិនមែន​ជា​ការ​រើសអើង​នោះ​ទេ និង​មិន​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​រើសអើង​អ្វី​នោះ​ដែរ។ វា​ជា​រឿង​សង្គ្រាម​ស៊ីវិល​ឯណោះ​វិញ​ទេ»។

លោក Kevin Levin បាន​និយាយ​ថា៖ «វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ចងចាំ​ថា សកម្មភាព​រំឭក​ពី​ប្រវត្តិសាស្ត្រ​តែ​មួយ​គត់​ក៏​ពាក់ព័ន្ធ​នឹង​ការ​លុប​បំបាត់​ចោល​នូវ​ប្រវត្តិសាស្ត្រ​ដូច្នេះ​ដែរ។ ហេតុ​ដូច្នេះ​ហើយ នៅ​ពេល​អ្នក​សម្លឹង​មើល​ទៅ​លើ​រូបសំណាក​ទាំង​នោះ វា​ប្រាកដ​ណាស់​ថា រូប​ទាំង​នោះ​បង្ហាញ​អំពី​ការ​យល់​ដឹង​តិចតួច​បំផុត​អំពី​អតីតកាល ហើយ​នៅ​ក្នុង​ករណី​ភាគ​ច្រើន វា​បង្ហាញ​ពី​ប្រវត្តិសាស្ត្រ​កាល​ពី​អតីតកាល​ដែល​ខុស​ពី​ការ​ពិត និង​បែប​ប្រឌិត​ខ្លាំង។ ប៉ុន្តែ​ក៏​មាន​ប្រវត្តិសាស្ត្រ​ជាច្រើន​ផង​ដែរ​ដែល​ត្រូវ​បាន​លុប​បំបាត់​ចោល​ទាំង​ស្រុង»។

លោក Kevin Levin បាន​បញ្ជាក់​ថា វា​អាស្រ័យ​លើ​សហគមន៍​នីមួយៗ ដូចជា​ក្រុង ឬក៏​ភូមិ​ជា​ដើម រួម​គ្នា​សម្រេច​នូវ​អ្វី​ដែល​ពួកគេ​ចង់​ធ្វើ​ជាមួយ​នឹង​រូបសំណាក​ទាំង​នេះ។

លោក​បាន​បន្ថែម​ទៀត​ថា៖ «នៅ​ពេល​ដែល​រូបសំណាក​ទាំង​នេះ​មាន​កាន់​តែ​ច្រើន ប្រហែល​ជា​នៅ​ចន្លោះ​ឆ្នាំ ១៨៩០ និង​ឆ្នាំ ១៩៤០ យើង​មាន​ការ​ជជែក​គ្នា​ច្រើន​អំពី​សហគមន៍​ជនជាតិ​ស្បែក​ស​នៅ​ក្នុង​ទីក្រុង​ជាច្រើន​នៅ​ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក​ដែល​មាន​ការ​ពាក់ព័ន្ធ​តែ​ប៉ុណ្ណោះ។ ដូច្នេះ​ហើយ នៅ​ក្នុង​ឆ្នាំ ២០១៧ នេះ វា​ជា​ការ​សមរម្យ​ខ្លាំង​ណាស់​ដែល​សំណួរ​ថា​តើ​រូបសំណាក​ទាំង​នេះ​គួរ​ត្រូវ​រុះរើ​ចេញ ឬ​ប្តូរ​ទីតាំង​ទៅ​កន្លែង​ផ្សេង​នោះ ក៏​គួរតែ​ត្រូវ​សម្រេច​ដោយ​សហគមន៍​មូលដ្ឋាន​ផង​ដែរ»។

លោក Barry Proctor មេធាវី​ម្នាក់​នៅ​រដ្ឋ Virginia បាន​និយាយ​អំពី​បញ្ហា​នេះ​ថា៖ «អ្វី​ដែល​ខ្ញុំ​មិន​ចង់​ឃើញ​នោះ​គឺ​ប្រតិកម្ម​ដែល​ធ្វើ​ឡើង​ភ្លាមៗ​ដោយ​មិន​មាន​ការ​ពិចារណា​ចំពោះ​ប្រធានបទ​មួយ​ដែល​ត្រូវការ​ពេល​ច្រើន​ដើម្បី​ពិភាក្សា​គ្នា។ វា​ជា​សំណួរ​អំពី​ថា​តើ​យើង​ចងចាំ​ប្រវត្តិសាស្ត្រ​របស់​យើង ឬ​ក៏​យើង​រំឭក​ដល់​ឫស​គល់​មួយ​ដែល​ជា​អំពើ​ទាសភាព និង​សិទ្ធិ​របស់​រដ្ឋ​មួយ​ចំនួន ឬ​ក៏​យ៉ាង​ណា​នោះ»។

ស្រប​ពេល​ដែល​ការ​ជជែក​ដេញ​ដោល​នៅ​តែ​បន្ត​ធ្វើ​ឡើង អារម្មណ៍​ពុះ​កញ្ជ្រោល​មាន​កាន់​តែ​ខ្លាំង​សម្រាប់​ភាគី​ទាំង​សង​ខាង។

រដ្ឋធានី​វ៉ាស៊ីនតោន​ជា​កន្លែង​បណ្តុំ​នៃ​បូជនីយដ្ឋាន​រាប់​សិប​កន្លែង ដែល​រំឭក​ដល់​សង្គ្រាម​ដែល​សហរដ្ឋ​អាមេរិក​ប្រឡូក​ជាមួយ និង​អ្នក​ដែល​បាន​ប្រយុទ្ធ​នៅ​ក្នុង​សង្គ្រាម​ទាំង​នោះ។ មនុស្ស​រាប់​លាន​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន​នេះ​ជា​រៀងរាល់​ឆ្នាំ ដើម្បី​ទស្សនា​សារមន្ទីរ និង​បូជនីយដ្ឋាន​ទាំង​នេះ។ នា​ពេល​ថ្មីៗ​នេះ មនុស្ស​ជា​ច្រើន​នៅ​តាម​ទីប្រជុំជន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បាន​បញ្ចេញ​មតិ​ចំពោះ​បញ្ហា​នៃ​ការ​រុះរើ​បូជនីយដ្ឋាន​ទាំង​នេះ។

លោក Bruce Andersen បាន​ប្រាប់​ VOA ថា៖ «ជា​ទូទៅ ខ្ញុំ​គិត​ថា រូបសំណាក​ដែល​តំណាង​ឲ្យ​សម្ព័ន្ធភាព​នៃ​រដ្ឋ​នៅ​ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក​កាល​ពី​សម័យ​សង្គ្រាម​ស៊ីវិល គួរតែ​ត្រូវ​ដក​ចេញ។ ខ្ញុំ​គិត​ថា អ្នក​ឈ្នះ​សង្គ្រាម​ស៊ីវិល​គួរតែ​ជា​អ្នក​កត់ត្រា​ប្រវត្តិសាស្ត្រ ហើយ​អ្នក​ដែល​ឈ្នះ​សង្គ្រាម​ស៊ីវិល​នោះ គឺ​រដ្ឋាភិបាល​អាមេរិក​ទាំង​មូល​នេះ​ឯង។ ដូច្នេះ ក្នុង​នាម​ជា​ពលរដ្ឋ​អាមេរិកាំង ប្រវត្តិ​របស់​ទាហាន​នានា​នៃ​សម្ព័ន្ធភាព​របស់​រដ្ឋ​ទាំង ១១ នៅ​ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក​កាល​ពី​សម័យ​សង្គ្រាម​ស៊ីវិល​គួរតែ​លុប​បំបាត់​ចោល​នៅ​ក្នុង​ប្រវត្តិសាស្ត្រ»។

លោក Thomas Arzu យល់​ផ្សេង​ពី​នេះ។ លោក​បាន​និយាយ​ថា៖ «វា​ជា​ប្រវត្តិសាស្ត្រ ហើយ​វា​ត្រូវ​តែ​ស្ថិត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ដើម្បី​ជា​ការ​រំឭក​អំពី​ភាព​ឃោរឃៅ​ដែល​បាន​កើត​ឡើង​កាល​ពី​អតីតកាល។ ប្រសិន​បើ​អ្នក​ដក​រូប​សំណាក​ទាំង​នោះ​ចេញ ក្មេង​ជំនាន់​ក្រោយ​នឹង​មិន​មាន​ការ​យល់​ដឹង​ពី​អ្វី​ដែល​រូបសំណាក​ទាំង​នេះ​តំណាង​ឲ្យ​នោះ​ទេ»។

សម្រាប់​អ្នកស្រី Loretta Turner បញ្ហា​មិន​មែន​ថា​តើ​បូជនីយដ្ឋាន​ទាំង​នោះ​គួរតែ​រក្សា​នៅ​ដដែល ឬ​ក៏​គួរ​រុះរើ​ចេញ​នោះ​ទេ ដោយ​អ្នកស្រី​បាន​និយាយ​ថា៖ «បញ្ហា​គឺ​អ្វី​ដែល​ធ្វើ​ឲ្យ​មនុស្ស​មាន​អាកប្បកិរិយា​ប្រកាន់​ពូជ​សាសន៍ ដែល​ធ្វើ​ឲ្យ​ពួកគេ​ស្អប់​អ្នក​ដទៃ​ណា​ដែល​មាន​ទស្សនៈ​មិន​ដូច​យើង។ ដូច្នេះ នៅ​ពេល​ដែល​យើង​រក​ឫស​គល់​នេះ​ឃើញ​ហើយ ខ្ញុំ​គិត​ថា យើង​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ដោយសារ​តែ ការ​ផ្លាស់ប្តូរ​បូជនីយដ្ឋាន ការ​រើ​បូជនីយដ្ឋាន​ចេញ ឬ​ការ​រក្សា​ទុក​បូជនីយដ្ឋាន​ឲ្យ​នៅ​ដដែល នឹង​មិន​ផ្លាស់​ប្តូរ​គំនិត​របស់​មនុស្ស​នោះ​ទេ»។

នេះ​ជា​ទីតាំង​នៃ​បូជនីយដ្ឋាន​ដែល​ត្រូវ​បាន​រុះរើ កំពុង​ត្រូវ​បាន​រុះរើ ឬ​មន្ត្រី​មូលដ្ឋាន​កំពុង​ពិចារណា​ថា​ នឹង​រុះរើ។

បូជនីយដ្ឋាន​អាមេរិកាំង

បើ​យោង​តាម​មជ្ឈមណ្ឌល​ច្បាប់ Southern Poverty Law Center ដែល​តាមដាន​ក្រុម​ដែល​មាន​ទស្សនៈ​ស្អប់​គុំកួន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ការ​សិក្សា​មួយ​នា​ពេល​ថ្មីៗ​នេះ​បាន​បញ្ជាក់​ថា នៅ​ទូទាំង​សហរដ្ឋ​អាមេរិក មាន​និមិត្តរូប​របស់​សម្ព័ន្ធភាព​នៃ​រដ្ឋ​ភាគ​ខាង​ត្បូង​កាល​ពី​សម័យ​សង្គ្រាម​ស៊ីវិល​អាមេរិក ចំនួន ១ ពាន់ ៥ រយ កន្លែង ដែល​ក្នុង​នោះ​មាន​ទាំង​បូជនីយដ្ឋាន និង​រូបសំណាក​ចំនួន ៧១៨ ផង​ដែរ។

កាលពី​សប្តាហ៍​មុន ព្រះវិហារ​គ្រិស្ត​សាសនា National Cathedral ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​រើ​បង្អួច​កញ្ចក់​មាន​ស្នាម​ឆ្កូត​ចេញ។ បង្អួច​នោះ​មាន​រូប​របស់​លោក​ឧត្តមសេនីយ៍ Robert E. Lee និង​លោក​ឧត្តមសេនីយ៍ Thomas "Stonewall" Jackson ដែល​ជា​យោធា​នៃ​សម្ព័ន្ធភាព​របស់​រដ្ឋ​ភាគ​ខាង​ត្បូង​កាល​ពី​សម័យ​សង្គ្រាម​ស៊ីវិល​អាមេរិក។

លោក Randolph Hollerith បព្វជិត​គ្រិស្ត​សាសនា​នៃ​ព្រះវិហារ National Cathedral បាន​និយាយ​ថា «យើង​បាន​ផ្ដោត​លើ​ការ​ពិត​នៃ​បង្អួច​ទាំង​នេះ និង​ធ្វើ​ការ​កាន់តែ​ខ្លាំង​ជាង​មុន​ដើម្បី​ព្យាយាម​ដោះស្រាយ​ជាមួយ​នឹង​បញ្ហា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ឫសគល់​នៃ​បូជនីយដ្ឋាន​ទាំង​នេះ ដែល​នោះ​គឺ​បញ្ហា​នៃ​ការ​រើស​អើង និង​អំពើ​ទាសភាព ដែល​ជា​ការ​បន្សល់​ទុក​នៃ​អំពើ​ទាសភាព​នៅ​ក្នុង​ប្រទេស​របស់​យើង និង​ការ​ផ្សះផ្សារ​ជាតិ​សាសន៍»។

លោក Randolph Hollerith បាន​បញ្ជាក់​ថា ដំណើរការ​នេះ​បាន​ចាប់ផ្តើម​កាល​ពី ២ ឆ្នាំ​មុន​មក​ម្ល៉េះ បន្ទាប់​ពី​មាន​ការ​សម្លាប់​រង្គាល​នៅ​ឯ​ព្រះ​វិហារ​របស់​ពលរដ្ឋ​អាមេរិកាំង​ស្បែក​ខ្មៅ​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង Charleston រដ្ឋ South Carolina ដែល​នៅ​ទី​នោះ មនុស្ស ៩ នាក់​បាន​ស្លាប់ ដោយសារ​ថ្វីដៃ​របស់​លោក Dylann Roof ដែល​ជា​ជនជាតិ​ស្បែក​ស​ជ្រុល​និយម។

លោក Randolph Hollerith បាន​បន្ថែម​ថា៖ «ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​នា​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​ទីក្រុង Charlottesville រដ្ឋ Virginia បាន​ផ្លាស់​ប្តូរ​ការ​ពិភាក្សា​ក្នុង​កម្រិត​ខ្លះ ហើយ​យើង​មិន​អាច​ជួយ​អ្វី​បាន​នោះ​ទេ ប៉ុន្តែ​ចង់​ធ្វើ​ការ​ឆ្លើយតប​ចំពោះ​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​ទាំង​នោះ​ផង​ដែរ»។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មនុស្ស​មួយ​ចំនួន​បាន​លើក​ឡើង​ថា ការ​រុះរើ​បូជនីយដ្ឋាន​ទាំង​នោះ​ចេញ​គឺ​ប្រៀប​ដូចជា «ការ​លុប​បំបាត់​ប្រវត្តិសាស្ត្រ​ចោល» អញ្ចឹង​ដែរ៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ