ក្រសួងអប់រំ យុវជន និង កីឡា នៅថ្ងៃពុធ បានប្រកាសថា បេក្ខជនប្រឡងជាប់បាក់ឌុបឆ្នាំ ២០២៤ នេះមានចំនួន ៧៩% នៃចំនួនបេក្ខជនប្រឡងសរុបជាង ១៣ ម៉ឺននាក់។
ក្នុងចំណោមអ្នកជាប់នោះ បេក្ខជនទទួលបាននិទ្ទេស A មានចំនួន ២.២១៦ នាក់។
ភាគរយនៃបេក្ខជនប្រឡងជាប់ឆ្នាំនេះកើនឡើងជាងឆ្នាំមុន។ បេក្ខជនប្រឡងជាប់ក្នុងឆ្នាំ ២០២៣ មានប្រមាណ ៧៣% តែប៉ុណ្ណោះ ហើយបេក្ខជននិទ្ទេស A មានចំនួន ១.៦៧៣ នាក់។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ បេក្ខជនប្រឡងជាប់សរុបមានចំនួន ១០៦.៣៥១ នាក់។ បេក្ខជនជាប់និទ្ទេស B មានចំនួន ៩.៧០១ នាក់ និទ្ទេស C ចំនួន ២២.៦៧៥ នាក់ និទ្ទេស D ចំនួន ៣៦.៦៨៣ នាក់ និងនិទ្ទេស E ចំនួន ៣៥.០៧៦ នាក់។
យុវតី ហេង នីសា អាយុ ១៧ឆ្នាំ រៀននៅវិទ្យាល័យជាស៊ីមបឹងកេងកង ប្រាប់វីអូអេនៅរសៀលថ្ងៃពុធថា កញ្ញាសប្បាយចិត្ត ពេលដែលខ្លួនដឹងលទ្ធផលជាប់និទ្ទេស A។ ស្របពេលលទ្ធផលប្រឡងបាក់ឌុបបានចេញ កញ្ញាថា កញ្ញានឹងបន្តសិក្សានៅថ្នាក់សាកលវិទ្យាល័យខាងមុខទៀត ដោយជ្រើសរើសជំនាញផ្នែកគ្រប់គ្រង ដោយសារតែការស្រឡាញ់ និងការជំរុញពីក្រុមគ្រួសារផង។
កញ្ញាប្រាប់វីអូអេថា៖ «បើតាមខ្ញុំគ្រោងមក ខ្ញុំគិតថា ខ្ញុំរៀនជំនាញគ្រប់គ្រង នៅមហាវិទ្យាល័យជាតិគ្រប់គ្រង។ ខ្ញុំចាប់ផ្តើមព្យាយាមគិតរកជំនាញរបស់ខ្ញុំតាំងពីថ្នាក់ទី ១០មក ហើយខ្ញុំរាងចាប់អារម្មណ៍ជំនាញហ្នឹងតិចៗមក។ ពេលបងខ្ញុំគាត់រៀនទៅ ខ្ញុំរាងចាប់អារម្មណ៍ទៅ ទើបខ្ញុំចាប់រៀនដែរ»។
ទោះជាយ៉ាងណា កញ្ញានៅមានភាពស្ទាក់ស្ទើរនៅឡើយក្នុងការចាប់យកជំនាញផ្នែកគ្រប់គ្រងនេះ ខណៈកញ្ញាមិនទាន់ច្បាស់ថា តើទីផ្សារការងារសម្រាប់ជំនាញនេះមានស្ថានភាពបែបណា។
អ្នកជំនាញមួយចំនួនលើកឡើងថា សិស្សដែលទើបប្រឡងជាប់បាក់ឌុបថ្មីៗ នៅតែមានការលំបាកក្នុងការចាប់យកមុខវិជ្ជាជំនាញរបស់ខ្លួន ដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យ។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ប្រាប់វីអូអេថា ការប្រឈមរបស់សិស្ស គឺមិនទទួលបានព័ត៌មានគ្រប់គ្រាន់។ ចំពោះសិស្សមកពីខេត្តត្រូវប្រឈមបញ្ហាថវិកាកន្លែងស្នាក់នៅ ហើយពួកគេមានការលំបាកក្នុងការជ្រើសរើសជំនាញត្រឹមត្រូវទៅតាមទីផ្សារនៅក្នុងប្រទេស។
លោកថ្លែងថា៖ «ទីមួយរដ្ឋត្រូវតែបង្ហាញអំពីឱកាសការងារទៅលើមុខជំនាញផ្សេងៗថា មានការងារអីខ្លះ។ រដ្ឋអាចប្រមើលមើលដែរថា ៥ឆ្នាំទៅមុខការងារទៅលើវិស័យអីហ្នឹងវាមានកម្រិតណា។ យើងអាចមើលទៅលើឱកាសការងារសម្រាប់ទៅលើវិស័យសេដ្ឋកិច្ចមានប៉ុន្មាន។ ទៅលើវិស័យផ្សេងៗទៀត យើងអាចប៉ាន់ប្រមាណសម្រាប់រយៈពេល៥ឆ្នាំម្ដងៗ ដើម្បីឱ្យកូនសិស្សមើល»។
លោកបន្ថែមថា និស្សិតគ្មានការងារធ្វើ ដោយសារតែកំណើនមុខជំនាញមានការកើនឡើង ចំណែកទីផ្សារការងារក៏មានតិច ធ្វើឱ្យនិស្សិតធ្វើការងារខុសពីមុខជំនាញដែលខ្លួនបានរៀន៕