លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះ ប្រកាសបង្កើតវេទិកាសំណេះសំណាលក្រៅផ្លូវការមួយជាមួយថ្នាក់ដឹកនាំគណបក្សនយោបាយទាំង២០ ដែលចូលរួមការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដាកន្លងទៅ ដើម្បីប្រមូលគំនិតយោបល់ពីថ្នាក់ដឹកនាំបក្សនយោបាយទាំងនោះ ធ្វើជាធាតុផ្សំក្នុងការដឹកនាំ និងអភិវឌ្ឍន៍កម្ពុជានៅអាណត្តិទី៦ខាងមុខ។
ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី មកពីរោងចក្រ សហគ្រាសចំនួន១៧ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ លោក ហ៊ុន សែន ថ្លែងថា ការបង្កើតវេទិកានេះ គឺដើម្បីផ្តល់ឱកាសឲ្យគណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោត ហើយមិនទទួលបានអាសនៈ អាចចូលរួមកែលំអរគោលនយោបាយ និងផ្តល់ជាគំនិតយោបល់ល្អៗសម្រាប់ចង្អុលបង្ហាញដល់រាជរដ្ឋាភិបាលក្នុងការដឹកនាំ និងអភិវឌ្ឍន៍ជាតិ។ លោកបន្ថែមថា ជំនួបនោះនឹងត្រូវធ្វើឡើងក្នុងវិមានសន្តិភាព នៅមុនការបង្កើតរដ្ឋាភិបាលថ្មីនាដើមខែកញ្ញាខាងមុខនេះ។
លោកនាយករដ្ឋមន្ត្រីដែលកាន់តំណែងជាង ៣០ឆ្នាំបានបញ្ជាក់ថា៖
«ប្រមូលកម្លាំងមនុស្ស កម្លាំងបញ្ញា និងកម្លាំងទ្រព្យសម្បត្តិ ដើម្បីអភិវឌ្ឍន៍ប្រទេស។ ខ្ញុំចង់ប្រើប្រាស់អាណត្តិទី៦នេះ ឲ្យទៅជាអាណត្តិនៃការប្រមូលធនធានខួរក្បាល ព្រោះនៅក្នុងពេលយុទ្ធនាការនៃការឃោសនាការបោះឆ្នោតនេះ យើងបានឃើញមានសៀវភៅនេះ សៀវភៅនោះ ដែលបានបោះចេញជាគោលនយោបាយ គេបាននិយាយតាមនេះ និយាយតាមនោះ យើងក៏បានប្រឹងយកត្រចៀកស្តាប់ និងធ្វើការត្រិះរិះពិចារណាទៅដល់គោលនយោបាយនៃគណបក្សដទៃ»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្ថែមថា លោកនឹងអញ្ជើញប្រធានគណបក្សនយោបាយទាំងនោះមកធ្វើជាទីប្រឹក្សា ឬរដ្ឋលេខាធិការនៅតាមក្រសួងនានា ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ជាតិផងដែរ។
គណបក្សនយោបាយចំនួន២០ បានចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយមិនមានវត្តមានរបស់គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សទទួលបានការគាំទ្រជាង៤០ភាគរយនៅទូទាំងប្រទេស កាលពីការបោះឆ្នោតឆ្នាំ២០១៧។ ក្រោយតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិកាលពីខែវិច្ឆិកា ឆ្នាំកន្លងទៅ គេឃើញគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កា្លយជាគណបក្សមួយដែលមិនមានដៃគូប្រកួតប្រជែង និងកំពុងឈានទៅគ្រប់គ្រងកៅអីរដ្ឋសភាទាំង១២៥ ដោយឯកបក្ស។
ក្រោយការប្រកាសរបស់លោកនាយករដ្ឋមន្រ្តី គណបក្សនយោបាយដែល VOA ទាក់ទងបានមួយចំនួនប្រកាសគាំទ្រ និងមួយចំនួនទៀតនៅមិនទាន់សម្រេចចិត្តថានឹងចូលរួម ឬអត់នៅឡើយ។
លោក យ៉ង សាំងកុមារ បេក្ខភាពនាយករដ្ឋមន្រ្តីរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលជាគណបក្សប្រើប្រាស់គោលនយោបាយបង្កើតរួមគ្នាជាមួយលោកបណ្ឌិត កែម ឡី ក្នុងការដឹកនាំគណបក្ស បានបង្ហោះវីដេអូមួយនារសៀលនេះលើទំព័រហ្វេសប៊ុកគណបក្សរបស់លោកថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គាំទ្រគំនិតនៃការបង្កើតវេទិកាសំណេះសំណាលជាមួយគណបក្សនយោបាយនេះ។
លោកបញ្ជាក់ថា៖
«គណបក្សប្រជាធិបតេយ្យមូលដ្ឋានសូមស្វាគមន៍នូវគំនិតហ្នឹង ក៏ប៉ុន្តែយើងសូមសំណូមពរឲ្យការសន្ទនាមតិរវាងគណបក្សនយោបាយហ្នឹង ឈរទៅលើគុណតម្លៃស្មោះត្រង់ និងចូលរួមចំណែកលើកស្ទួយនូវសាមគ្គីជាតិ និងឯកភាពជាតិ ក្នុងសង្គមប្រជាធិបតេយ្យ សេរីពហុបក្ស»។
សម្រាប់លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចរបស់ព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ លើកឡើងថា គណបក្សហ៊្វុនស៊ិនប៉ិច គាំទ្រការរៀបចំវេទិកានេះ និងថា គណបក្សហ៊្វុនស៊ិនប៉ិចអាចនឹងមានយោបល់សម្រាប់ចូលរួមក្នុងវេទិកានោះផងដែរ។
លោកមានប្រសាសន៍ថា៖
«ប្រសិនបើបានជាអចិន្ត្រៃយ៍រឹតតែប្រសើរ។ ឧទាហរណ៍ថា បីខែម្តង ឬក៏ប្រាំមួយខែម្តង យើងជួបជុំគ្នា ឲ្យយោបល់មកតើវាមានបញ្ហាស្អីដែលត្រូវការឲ្យរាជរដ្ឋាភិបាល ឬក៏នីតិបញ្ញត្តិ និងនីតិប្រតិបត្តិហ្នឹងដើរ ទៅរកចំគោលដៅដែលធ្វើឲ្យស្រុកទេសដើរទៅមុខ អាហ្នឹងល្អ»។
ចំណែកលោក ចិន ថុន អគ្គលេខាធិការគណបក្សសម្ព័ន្ធដើម្បីប្រជាធិតេយ្យរបស់លោក ខឹម វាសនា ដែលជាគណបក្សផ្តោតលើគោលនយោបាយចំនួន៨ចំណុច ប្រាប់ VOA ថាគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នឹងសម្រេចបន្ទាប់ពីមានការប្រជុំសម្រេចរបស់គណបក្សជាមុន។
លោកបញ្ជាក់ថា៖
«ព្រោះថា យើងមើលសិន បើសិនជាការងារហ្នឹងយើងធ្វើទៅ វាបានផលប្រយោជន៍ដល់ជាតិយើងពិតប្រាកដមែន យើងនឹងចូលរួមធ្វើតាមហ្នឹងទៅ។ ក៏ប៉ុន្តែបើអត់ទេយើងធ្វើការបដិសេធតាមហ្នឹង»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីសប្តាហ៍មុនបានប្រកាសថា រដ្ឋសភាអាណត្តិទី៦ នឹងបើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួននៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ចំណែករាជរដ្ឋាភិបាលអាណត្តិថ្មី នឹងត្រូវបង្កើតឡើងមួយថ្ងៃបន្ទាប់ពីនោះ។ លោកក៏បានអះអាងថារាជរដ្ឋាភិបាលថ្មី និងក្បាលម៉ាស៊ីនរដ្ឋសភា ព្រមទាំងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី បានធ្វើរួចរាល់អស់ហើយ។
ក្រោយការបោះឆ្នោតដែលមិនមានវត្តមានគណបក្សសង្គ្រោះជាតិ និងស្ថាប័នឃ្លាំមើលការបោះឆ្នោតឯករាជ្យក្នុងប្រទេសផងនោះ សហគមន៍អន្តរជាតិមួយចំនួនដែលប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យ បានចេញសេចក្ដីថ្លែងការណ៍រិះគន់រដ្ឋាភិបាលកម្ពុជា ជាបន្តបន្ទាប់។
សហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា និងសហភាពអឺរ៉ុបជាដើម បានចោទសួរអំពីការបោះឆ្នោតដែលបានកើតមាន ជាមួយនឹងការរំលាយគណបក្សសង្គ្រោះជាតិ និងការបង្ក្រាបអង្គការសង្គមស៊ីវិល ព្រមទាំងការបង្ក្រាបប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនានា នៅមុនការបោះឆ្នោត។
ក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជានិង គ.ជ.ប បានច្រានចោលការរិះគន់របស់អន្តរជាតិថា ការរិះគន់ទាំងនោះមិនបានឆ្លុះបញ្ចាំងពីការពិត និងថារដ្ឋាភិបាលកម្ពុជា និង គ.ជ.ប បានអនុវត្តទៅតាមច្បាប់ ស្របតាមលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាប៉ុណ្ណោះ៕