ក្នុងអំឡុងពេលកំពុងធ្វើសេចក្តីរាយការណ៍ពីបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅក្រុងហុងកុងកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ អ្នកកាសែតជនជាតិឥណ្ឌូណេស៊ី អ្នកស្រី Veby Mega Indah មានអារម្មណ៍ថា ឈឺខ្លាំងនៅគ្រាប់ភ្នែកខាងស្តាំរបស់អ្នកស្រី។
អ្នកស្រីបាននិយាយថា៖ «ពេលនោះខ្ញុំកំពុងធ្វើការរាយការណ៍បន្តផ្ទាល់។ ហើយមុនពេលដែលខ្ញុំបានដឹងពីអ្វីដែលបានកើតឡើង ខ្ញុំបានលឺសំឡេងផ្ទុះខ្លាំងចំនួនពីរដង និងបន្ទាប់មកខ្ញុំបានឃើញផ្សែងពណ៌សចេញពីកាំជណ្ដើរកន្លែងដែលប៉ូលិសកំពុងឈរជើង»។
ពេលអ្នកស្រីដួលផ្ងារក្រោយ អ្នកសារព័ត៌មានស្រីម្នាក់ទៀតរត់ទៅជួយអ្នកស្រី។
អ្នកស្រី Indah អាយុ ៣៩ឆ្នាំបានប្រាប់ VOA ភាសាចិនកុកងឺថា៖ «គាត់មកឱបខ្ញុំ ហើយយើងទាំងពីរដួលលើឥដ្ឋជាមួយគ្នា។ បើមិនដោយសារគាត់ទេ ខ្ញុំប្រហែលជាមានរបួសដល់ខួរក្បាល ឬអាក្រក់ជាងនេះ ... យើងបានដួលលើឥដ្ឋរឹង ហើយគាត់ឱបខ្ញុំរហូត។ ខ្ញុំមិនអាចបើកភ្នែកខ្ញុំបានទៀតទេ ហើយមុខខ្ញុំស្ពឹកអស់ហើយ»។
អ្នកស្រី Indah ត្រូវគេជឿថា បានត្រូវនឹងគ្រាប់កាំភ្លើងជ័រកៅស៊ូ ពេលកំពុងធ្វើការផ្សាយបន្តផ្ទាល់ពីបាតុកម្មពីទីតាំងនៅពីលើស្ពានថ្មើរជើងមួយកន្លែង។
អ្នកស្រី Indah ជានិពន្ធនាយករងនៃបណ្តាញព័ត៌មាន Suara Hong Kong News ដែលជាស្ថាប័នមួយផ្តល់ព័ត៌មានពលរដ្ឋចំណាកស្រុកឥណ្ឌូណេស៊ីនៅក្រុងហុងកុង។ ប៉ុន្តែនៅរសៀលថ្ងៃអាទិត្យនៅចុងខែកញ្ញាឆ្នាំមុននេះ អ្នកស្រីក៏បានក្លាយជាតួអង្គម្នាក់នៅក្នុងរឿងរ៉ាវព័ត៌មានពាក់ព័ន្ធនឹងបាតុកម្មនៅហុងកុងនេះដែរ។
អ្នកស្រី Indah បានឲ្យដឹងថា ដំណឹងអំពីការរបួសរបស់អ្នកស្រីទទួលបានការចាប់អារម្មណ៍ពីអន្តរជាតិ។ ប៉ុន្តែមិនដូចមនុស្សរាប់រយរាប់ពាន់នាក់ផ្សេងទៀត ដែលបានរងរបួសនៅក្នុងបាតុកម្ម អ្នកស្រី Indah អាចដាក់ពាក្យប្តឹងមន្ត្រីប៉ូលិស ដោយមិនព្រួយបារម្ភពីការចាប់ខ្លួន។
អ្នកស្រី Indah បាននិយាយថា៖ «មនុស្សជាច្រើនដែលបានរងរបួសនៅហុងកុង គឺជា អ្នកដែលមិនអាចធ្វើដូចអ្វីដែលខ្ញុំបានធ្វើបាន ដោយសារតែប្រសិនបើពួកគេធ្វើវា [ការតស៊ូមតិ] ពួកគេអាចត្រូវរងការចោទប្រកាន់។ ដូច្នេះ សកម្មភាពនេះមិនមែនត្រឹមតែសម្រាប់ខ្ញុំនោះទេ»។
អ្នកស្រីបានបន្ថែមថា៖ «... ព្រះជាម្ចាស់បានផ្តល់ឱកាសឲ្យខ្ញុំស្វែងរកយុត្តិធម៌។ ប្រសិនបើខ្ញុំមិនធ្វើវានោះទេ ខ្ញុំមិនអាចប្រឈមមុខនឹងខ្លួនឯងបានឡើយ»។
បំណែកគ្រាប់ដែលត្រូវចំអ្នកស្រី Indah បានបង្កឲ្យខ្វាក់ភ្នែកខាងស្តាំរបស់អ្នកស្រី។
ក្រុងហុងកុងកំពុងប្រឈមជាមួយនឹងបាតុកម្ម ដែលពេលខ្លះមានអំពើហិង្សា អស់រយៈពេលជាងប្រាំមួយខែមកហើយ ខណៈពេលដែលសកម្មជនបានទាមទារលទ្ធិប្រជាធិបតេយ្យប្រសើរជាងមុន និងការស៊ើបអង្កេតឯករាជ្យពាក់ព័ន្ធនឹងទង្វើរបស់ប៉ូលិសក្នុងចំណោមការទាមទារដទៃទៀត។
ប៉ូលិស ដែលបានបំបែកបាតុករជាមួយនឹងគ្រាប់កាំភ្លើងជ័រកៅស៊ូ និងឧស្ម័នបង្ហូរទឹកភ្នែក និយាយថា ពួកគេបានបង្ហាញភាពអត់ធ្មត់ពេលកំពុងប្រឈមនឹងការកើនឡើងនៃអំពើហិង្សា។
អ្នកស្រី Indah ដែលមិនទាន់អាចត្រឡប់មកធ្វើការវិញបាន កំពុងទទួលបានការតំណាងក្នុងរឿងក្តីនេះ ដោយមេធាវីការពារសិទ្ធិមនុស្សជនជាតិអង់គ្លេសនៅក្រុងហុងកុង លោក Michael Vidler។ កាសែត South China Morning Post ដែលមានមូលដ្ឋាននៅហុងកុង បានរាយការណ៍ថា អ្នកស្រី Indah បានស្នើសុំជំនួយផ្នែកច្បាប់ដើម្បីជួយទ្រទ្រង់ដំណើរការរឿងក្តីរបស់អ្នកស្រី៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា