អ្នក​ធ្វើការ​ជាមួយ​មេធាវី​លោក Trump ថា លោក Trump ដឹង​យ៉ាង​ច្បាស់​អំពី​សកម្មភាព​របស់​មេធាវី​របស់​លោក​នៅ​អ៊ុយក្រែន

រូបឯកសារ៖ លោក Lev Parnas ដែល​ជា​អ្នក​ធ្វើ​ការ​ជាមួយ​នឹង​មេធាវី​ផ្ទាល់​ខ្លួន​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump មកដល់តុលាការ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩។

លោក Lev Parnas ដែល​ជា​អ្នក​ធ្វើ​ការ​ជាមួយ​នឹង​មេធាវី​ផ្ទាល់​ខ្លួន​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ដែល​មេធាវី​របស់​លោក Trump នោះ​បាន​ធ្វើ​ការ​ដើម្បី​ដាក់​សម្ពាធ​លើ​ប្រទេស​អ៊ុយក្រែន​ឲ្យ​ស៊ើប​អង្កេត​លើ​លោក Joe Biden នោះ បាន​ប្រាប់​កាសែត The New York Times និង​បណ្ដាញ​ព័ត៌មាន MSNBC របស់​សហរដ្ឋ​អាមេរិក ថា លោក Trump ដឹង​អំពី​សកម្មភាព​របស់​មេធាវី​របស់​លោក​គឺ​លោក Rudy Giuliani នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

លោក Parnas បាន​ប្រាប់​អ្នកស្រី Rachel Maddow នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ដែល​បាន​ចាក់​ផ្សាយ​កាល​ពី​យប់​ថ្ងៃ​ពុធ​ម្សិលមិញ​ថា លោក Trump «ដឹង​យ៉ាង​ច្បាស់​អំពី​អ្វី​ដែល​បាន​កើត​ឡើង»។

កាសែត The New York Times បាន​ស្រង់​សម្ដី​របស់​លោក Parnas ដែល​បាន​និយាយ​ដូច្នេះ​ថា៖ «ខ្ញុំ​ហ៊ាន​ភ្នាល់​ដាក់​ជីវិត​ថា លោក Trump ដឹង​រឿង​អ្វីៗ​ទាំង​អស់​ដែល​លោក Rudy Giuliani បាន​ធ្វើ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន»។

កាល​ពី​មុន លោក Trump បាន​បដិសេធ​ថា លោក​មិន​បាន​បញ្ជូន​លោក Giuliani ទៅ​កាន់​ប្រទេស​អ៊ុយក្រែន ដើម្បី​តាមដាន​រឿង​អាក្រក់​ណា​មួយ​លើ​លោក Joe Biden ដែល​ជា​អតីត​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និង​អាច​ជា​គូ​ប្រជែង​របស់​លោក​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ទេ។

លោក Parnas បាន​បញ្ជាក់​ថា តួនាទី​របស់​លោក​នៅ​ក្នុង​ការ​ធ្វើ​ការ​ជាមួយ​នឹង​លោក Giuliani គឺ​ការ​ជួប​ជាមួយ​នឹង​មន្ត្រី​ជាន់​ខ្ពស់​អ៊ុយក្រែន ដើម្បី​ស្វែងរក​ភស្តុតាង​អំពី​អំពើ​ពុករលួយ​របស់​លោក Joe Biden និង​កូន​ប្រុស​របស់​លោក Biden គឺ​លោក Hunter Biden ដែល​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​ឧស្ម័ន Burisma របស់​ប្រទេស​អ៊ុយក្រែន។

លោក Trump ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា បាន​ផ្អឹប​ទុក​ជំនួយ​យោធា​របស់​អ៊ុយក្រែន លុះ​ត្រា​ណា​តែ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymir Zelenskiy យល់ព្រម​ស៊ើប​អង្កេត​លើ​លោក Joe Biden និង​លោក Hunter Biden ហើយ​ការ​ចោទ​ប្រកាន់​ទាំង​នេះ​គឺ​ជា​ចំណុច​ស្នូល​នៃ​ការ​ចោទ​ប្រកាន់​របស់​រដ្ឋសភា​ដើម្បី​ទម្លាក់​លោក Trump ពី​តំណែង៕