សភា​គ្រោង​ចាត់​វិធានការ​លើ​តំណាងរាស្ត្រ​គណបក្ស​​ប្រឆាំង

រូបឯកសារ៖ លោក​ ហេង សំរិន ប្រធាន​រដ្ឋសភាជាតិ អង្គុយ​ជាមួយ​លោក​ ងួន ញិល ​អនុប្រធាន​រដ្ឋសភា​ជាតិ ​​​នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋសភា​លើកទី​៦​និតិកាល​ទី​៥ ដែល​គ្មាន​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​ណាមួយ​ចូលរូម​ នៅ​វិមាន​រដ្ឋសភា​ កាលពីថ្ងៃ​ច័ន្ទ​ ទី​៦ ​ខែ​ឧសភា​ ឆ្នាំ​២០១៦​។ ​(ឡេង ឡែន/VOA)

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សភា​បាន​សរសេរ​ថា​ អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​មិន​មក​បំពេញ​ការងារ​ ប៉ុន្តែ​នៅ​តែមក​បើក​ប្រាក់​បៀវត្សរ៍​ និង​ប្រាក់​បំណាច់​ផ្សេងៗ​យ៉ាង​ពេញ​លេញ។

រដ្ឋ​សភា​ខ្មែរ​បាន​ប្រកាស​ប្រគល់​ភារកិច្ច​ឲ្យ​គណៈកម្មការ​សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ​ ធនាគារ​ និង​សវន​កម្ម​នៃ​រដ្ឋសភា​ និង​អគ្គ​លេខាធិការដ្ឋាន​រដ្ឋសភា​ ធ្វើ​ការ​សិក្សា​ពិចារណា​លើ​ករណី​អវត្តមាន​របស់​តំណាង​រាស្ត្រ ​ដែល​ពុំ​បាន​ចូល​មក​បំពេញ​ការងារ​ និង​ភារកិច្ច​របស់​ខ្លួន​ជា​យូរ​ថ្ងៃ​ ដែល​ល្មើស​នឹង​បទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋ​សភា។​

នេះ​បើ​យោង​ទៅតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សភា​ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ និង​យោង​តាម​អ្នក​នាំពាក្យ​តំណាងរាស្ត្រ​គណបក្ស​គ្រប់គ្រង​ប្រទេស។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សភា​បាន​សរសេរ​ថា​ អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​មិន​មក​បំពេញ​ការងារ​ ប៉ុន្តែ​នៅ​តែមក​បើក​ប្រាក់​បៀវត្សរ៍​ និង​ប្រាក់​បំណាច់​ផ្សេងៗ​យ៉ាង​ពេញ​លេញ​ ​ក្នុង​នោះរួម​ទាំង​ការ​ប្រើ​ប្រាស់​មធ្យោបាយ​របស់​រដ្ឋ​សព្វ​យ៉ាង​ទៀត​ផង។​ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សភា​បន្ត​ថា​ ការណ៍​នេះបាន​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ពី​គ្រប់​មជ្ឈដ្ឋាន​នៃ​សង្គម​កម្ពុជា​ទូទាំង​ប្រទេស​ ពី​សំណាក់​ប្រជា​ពលរដ្ឋ​ តំណាងរាស្ត្រ​ រាជ​រដ្ឋាភិបាល​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ។​

រូបឯកសារ៖ លោក ​ឈាង វុន​ អ្នក​តំណាងរាស្រ្ត ​និង​ជា​អ្នក​នាំពាក្យ​តំណាងរាស្រ្ត​សភា​គណបក្ស​កាន់​អំណាចប្រាប់​អ្នក​សារព័ត៌មាន ​បន្ទាប់​ពី​កិច្ច​ប្រជុំពេញអង្គ​នៅ​វិមាន​រដ្ឋសភា​នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ទី​០៩ ​ខែ​មិថុនា ​ឆ្នាំ​២០១៦​។ ​(ឡេង ឡែន/VOA)

លោក​ ឈាង វុន ​អ្នក​តំណាងរាស្រ្ត​គណបក្សប្រជាជន​កម្ពុជា​ បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​នៅ​ឯ​វិមាន​រដ្ឋសភា​ថា​ ​តំណាង​រាស្ត្រ​គណបក្សប្រឆាំង​មិន​មក​ធ្វើ​ការ​ក្នុង​សភា ​និង​បាន​យក​សម្បត្តិ​របស់​រដ្ឋ​ ដូចជា​រថយន្ត​ទៅ​បម្រើ​សកម្មភាព​នយោបាយ​របស់​ខ្លួន។

«ទ្រព្យ​សម្បត្តិ​រដ្ឋ​ បម្រើ​រដ្ឋ។ ឡាន​ហ្នឹង​គេ​ទុក​ឲ្យ​ប្រធាន​គណៈកម្មការ​ចុះ​ទៅ​មូលដ្ឋាន​ ទៅ​ធ្វើ​ការ​ងារ​សម្រាប់​រដ្ឋ​សភា​ ក្នុង​នាម​ខ្លួន​ជា​ប្រធាន​គណៈកម្មការ​ មិន​អនុញ្ញាត​ឲ្យ​យក​ឡាន​ទៅ​ហែ​ញ្ញតិ្ត​ទេ»។​

កាល​ពី​ចុង​ខែ​ឧសភា ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​បាន​ហែ​ញ្ញតិ្ត​យក​ទៅ​ថ្វាយ​ព្រះ​មហា​ក្សត្រ​ខ្មែរ តាម​រថយន្ត​ប្រមាណ​២០គ្រឿង ដើម្បី​សើ្ន​សុំ​ព្រះរាជ​អន្តរាគមន៍​ចំពោះ​ការ​បំពាន​លើ​អភ័យ​ឯកសិទ្ធិ​របស់​អ្នក​តំណាងរាស្ត្រ​ដោយ​រដ្ឋ​អំណាច​កម្ពុជា។ រថយន្ត​មួយ​ចំនួន​ត្រូវ​គេ​មើល​ឃើញ​ថា​ មាន​ពាក់​ស្លាក​លេខ​រដ្ឋសភា។​

លោក​ សុន ឆ័យ ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្សសង្គ្រោះ​ជាតិ​ ​បាន​ប្រាប់​ VOA ​ថា លោក​ ឈាង វុន ​ពុំមាន​អំណះ​អំណាង​គ្រប់​គ្រាន់​ចំពោះ​ការ​ថ្លែង​របស់​លោក​ទាក់​ទិន​នឹង​អវត្តមាន​របស់​ក្រុម​អ្នក​តំណាង​រាស្ត្រ​៥៥​រូប​របស់​គណបក្ស​ប្រឆាំង​នៅ​រដ្ឋ​សភា​ទេ។​

លោក​បន្ថែម​ថា​ ក្រុម​អ្នក​តំណាង​រាស្ត្រ​បាន​ជូន​ដំណឹង​ដល់​ប្រធាន​រដ្ឋ​សភា​អំពី​ការ​មិន​ចូល​ប្រជុំរបស់​ក្រុម​អ្នក​តំណាង​រាស្រ្ត​ ជាង​មួយ​ខែមុន​មក​ហើយ​ ដោយសារ​តែ​ការ​បំពារ​បំពាន​លើ​អភ័យ​ឯកសិទ្ធិ​របស់​អ្នក​តំណាង​រាស្ត្រ​ តែ​ពុំទាន់​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​ទេ។​

រូបឯកសារ៖ លោក ​សុន ឆ័យ ​អ្នក​តំណាង​រាស្រ្ត​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្រ្គោះជាតិ​ និយាយ​ទៅកាន់​ព្រះសង្ឍ​និង​អ្នក​ចូលរូម ប្រមាណ​ជាង​៧០០​នាក់​នៅ​វត្តចាស់​នៃ​រាជធានី​ភ្នំពេញ នៅថ្ងៃទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៦។ ​(ឡេង ឡែន/VOA)

«ដូច្នេះ​យើង​មិន​ទាន់​ឃើញ​ចម្លើយ​ពី​គាត់​ថា​ តើ​ហេតុផល​របស់​យើង​ហ្នឹង​ វា​សម​ហេតុផលយ៉ាង​ណា​នៅ​ឡើយ​ ហើយ​កិច្ចការ​នេះ​ពាក់ព័ន្ធ​ទៅ​នឹង​កិច្ចការ​នយោបាយ។​ គ្មាន​មូលដ្ឋាន​ច្បាប់​ណា​ដែល​នឹង​ត្រូវ​កាត់​ប្រាក់​ខែ​ ឬ​ក៏​ត្រូវ​ដក​រថយន្ត ​ដូច​ដែល​គាត់​និយាយ​នោះ​ទេ​ បាទ»។

លោក​ សុន ឆ័យ ​បញ្ជាក់​ថា​ អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ក៏​នឹង​មិន​ចូល​ប្រជុំ​សភា​នៅ​ថ្ងៃ​ស្អែក​នេះ​ផង​ដែរ។

យោង​តាម​ជំពូក​ទី​១៤​នៃ​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​រដ្ឋសភា​ មាន​ប្រការ​មួយ​ចំនួន​បាន​និយាយ​ពីការ​ខាន​មក​ប្រជុំរបស់​អ្នក​តំណាងរាស្ត្រ។​ ប្រការ​៧០បាន​ចែង​ថា​ តំណាង​រាស្ត្រ​ណា​ឈប់​ខាន​មក​ប្រជុំ​លើស​ពី​បី​ថ្ងៃ​ ដោយ​គ្មាន​ការ​អនុញ្ញាត​ ​ត្រូវ​កាត់​ប្រាក់​បំណាច់​រដ្ឋសភា ចំពោះ​ថ្ងៃ​ដែល​អវត្តមាន​នោះ។​ ប្រការ​៧១​បាន​ចែង​ថា​ ​អ្នក​តំណាង​រាស្ត្រ​រូបណាបាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​ឈប់​ ហើយ​ឈប់​លើស​ចំនួន​ថ្ងៃ​អនុញ្ញាត​នោះ​ ​ត្រូវ​កាត់​ប្រាក់​បំណាច់​ចំពោះ​ថ្ងៃ​ដែល​ឈប់​លើស​ពី​ការ​អនុញ្ញាត។​ ​បទ​បញ្ជា​ផ្ទៃ​ក្នុង​នេះ​ពុំ​មាន​ប្រការ​ណាមួយ​និយាយ​ជាក់​លាក់​ពីការ​កាត់​ប្រាក់​បៀវត្សរ៍​របស់​អ្នក​តំណាង​រាស្ត្រ​នោះ​ទេ។​

បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ដាក់​កម្លាំង​អាជ្ញាធរ​មាន​សមត្ថកិច្ចតាម​ឃាត់​ខ្លួន​លោក​កឹម សុខា​ ដែល​កំពុង​ជាប់​សង្ស័យ​ថា ​មាន​រឿង​អាស្រូវ​ស្នេហា​លួច​លាក់​កាល​ពី​ចុង​ខែ​ឧសភា​នោះ​មក​ ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​បាន​ប្រកាស​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​សភា។ តុលាការ​បាន​ចេញ​ដីការ​កោះហៅ​លោក​ កឹម សុខា​ ប្រធាន​សី្តទី​គណបក្សជំទាស់​ជា​បន្តបន្ទាប់​ បង្គាប់​ឲ្យ​លោក​ចូល​មក​បំភ្លឺ​បណ្តឹង​បរិហារ​កេរ្តិ៍​ និង​ការ​ប្រព្រឹត្ត​អំពើ​សញ្ចរ​កម្ម​ ​ ខណៈ​ដែល​លោក​នៅ​មាន​អភិយ​ឯកសិទ្ធិ​ជា​អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម​នៅ​ឡើយ​នោះ។​

ក្រៅ​ពី​ក្រុម​មន្ត្រី​គណបក្សជំទាស់​មួយ​ចំនួន​ដែល​កំពុង​ជាប់​ឃុំ​ឃាំង​ មាន​អ្នក​តំណាង​រាស្ត្រ​ និង​សមាជិក​ព្រឹទ្ធ​សភា​មកពីគណបក្សប្រឆាំង​ពីររូប​គឺ​លោក អ៊ុំ​ សំអាន​ និង​លោក​ ហុង​ សុខហួរ ​កំពុងស្ថិត​ក្នុង​មន្ទីរ​ឃុំ​ឃាំង​ទាំង​នៅ​មាន​អភ័យ​ឯកសិទ្ធិ​ជា​អ្នក​តំណាង​រាស្ត្រ។​ ​ អ្នក​ទាំង​ពីរ​ត្រូវ​តុលាការ​ក្រុង​ភ្នំពេញសម្រេច​ដាក់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ បន្ទាប់​ពី​ពួក​គេ​បានបកស្រាយ​អំពី​បញ្ហា​ផែនទី​ និង​បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម​ ដែល​រដ្ឋាភិបាល​យល់​ថា​ អាច​បង្ក​ចលាចល​ក្នុង​សង្គម​ និង​អរិភាព​រវាង​ប្រទេស​កម្ពុជា​ និង​វៀតណាម។​

អ្នក​តំណាង​រាស្ត្រ​ម្នាក់ៗ​ត្រូវ​គេ​ដឹង​ថា​ ទទួល​បាន​ប្រាក់​បៀវត្សរ៍​ ​ប្រមាណ​ជាង​២០០០​ដុលា្លរ​ក្នុង​មួយ​ខែ។ ចំនួន​នេះ​គឺរាប់​បញ្ចូល​ទាំង​ប្រាក់​បំណាច់​ និង​ការ​ចុះ​បេសកកម្ម។​ សភា​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ននេះមានអ្នក​តំណាង​រាស្ត្រ​ចំនួន​១២៣​រូប​ មក​ពីគណបក្សប្រជាជន​កម្ពុជា​ និង​គណបក្សសង្គ្រោះ​ជាតិ៕