សភា​គ្រោង​ពិភាក្សា​ថវិកា​២០១៤​ដោយ​គ្មាន​បក្ស​ប្រឆាំង​ចូលរួម

ព្រះមហាក្សត្ស​ព្រះបាទ នរោត្តម សីហមុន្នី ​និង​សមាជិក​សភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ថត​រួម​គ្នា​នៅ​ក្នុង​ថ្ងៃបើក​ប្រជុំ​សភា​ជា​លើ​ក​ដំបូង តាំងពី​ការបោះឆ្នោត​ជាតិ​កាល​ពី​ថ្ងៃ​ទី២៨ ខែកក្កដា ឆ្នាំ​២០១៣ ដោយ​មិន​មាន​វត្តមាន​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ។

គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​គ្រោង​នឹង​បើក​កិច្ច​ប្រជុំ​មួយ​នៅ​ថ្ងៃ​សុក្រ​ដើម្បី​កំណត់​របៀប​វារៈ​ថវិកា​ជាតិ​ឆ្នាំ​២០១៤​សម្រាប់​ដាក់​ជូន​សម័យ​ប្រជុំ​ពេញ​អង្គ​នៃ​រដ្ឋសភា​ដើម្បី​អនុម័ត​ឱ្យបានឆាប់ៗ​ខាង​មុខនេះ។ ​នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក​ ជាម យៀប​ សមាជិក​សភា​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា។​

គណបក្ស​សង្គ្រោះជាតិ​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ក្រោយ​ពី​ការ​បោះ​ឆ្នោត​បាន​បញ្ជាក់​ថា​សមាជិក​ជាប់​ឆ្នោត​ទាំង​៥៥​រូប​នឹង​មិន​ចូល​ប្រជុំ​រដ្ឋ​សភា​ដើម្បី​អនុម័ត​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៤​នេះ​ទេ​ដោយ​បាន​ចាត់​ទុក​ថា​រដ្ឋ​សភា​បាន​បង្កើត​ឡើង​ផ្ទុយ​នឹង​ច្បាប់​រដ្ឋ​ធម្មនុញ្ញ។​

លោក​ ជាម យៀប​ ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​នៃ​រដ្ឋសភា​បាន​បញ្ជាក់​ថា​កាល​ពី​ថ្ងៃ​ពុធ​ម្ស៉ិល​មិញលោក​ អូន ព័ន្ធមុន្នី​រ័ត្ន​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​បាន​ដឹក​នាំ​មន្ត្រី​របស់​លោក​ចំនួន​៣០​នាក់​បាន​មក​ជួប​ប្រជុំ​ជាមួយ​គណៈកម្មការ​ជំនាញនៅ​រដ្ឋសភា​ហើយ​យើង​បាន​សម្រេច​រួច​ហើយ​ថា​ថវិកា​ជាតិ​ឆ្នាំ​២០១៤​នេះ​គ្មាន​អ្វី​រាំង​ស្ទះ​ទេ​បើទោះ​បី​ជាមាន​ការ​ធ្វើ​ពហិការ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចូល​រួមកិច្ច​ប្រជុំ​រដ្ឋសភា​ក៏ដោយ។​

លោក​និយាយ​ថា៖ «យើង​អត់​មាន​រាំង​ស្ទះ​អ្វី​ទាំង​អស់​គឺ​ថា​ការ​អនុម័ត​ថវិកា​ជាតិ​និង​ការ​អនុម័ត​ផ្សេងៗ​ទៅ​ទៀត​គឺ​ថា​សុទ្ធតែ​៥០%​ បូក​១​មាន​ន័យ​ថា ​absolute majority​ គឺ​ថា​មតិ​ភាគ​ច្រើន​ដាច់​ខាត​ប៉ុណ្ណោះ​ទេ»។​

សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៤​នេះ​មាន​ចំនួន​សរុប​ជាង​៣ពាន់​៥រយ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​គឺ​បាន​កើន​ឡើង​ប្រមាណ​ជាង​៤០០​លាន​ដុល្លារ​បើប្រៀប​ធៀប​នឹង​ថវិកា​ជាតិ​ឆ្នាំ​២០១៣​មាន​ចំនួន​តែ៣​ពាន់​លាន​ដុល្លារ​តែប៉ុណ្ណោះ។​

លោក​ កឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​ចូល​រួម​អនុម័ត​ច្បាប់​ថវិកា​ជាតិ​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ទេ។​

លោក​បាន​បញ្ជាក់​ថា​យើង​អត់​ទទួល​ស្គាល់​រដ្ឋសភា​និង​រដ្ឋាភិបាល​ដែល​ព្រាងថវិកា​ហ្នឹង​ទេ​ពី​ព្រោះ​សភា​អត់​ត្រឹម​ត្រូវ​តាម​ច្បាប់​ហើយ​រដ្ឋាភិបាល​ដែល​កើត​ពី​សភា​មិន​គ្រប់ទឹក​ហ្នឹង​គឺមាន​ន័យ​ថា​រដ្ឋាភិបាល​អត់​គ្រប់​ទឹក។​

លោក​និយាយ​ថា៖​«គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្តី​ប្រកាស​ហើយ​ថា​បើ​សិន​ជា​ប្រទេស​ណា​ អ្នក​វិនិយោគ​ទុន​ណា​ អ្នក​ផ្តល់​ប្រាក់​កម្ចី​ណា​ ទៅ​ចុះ​ហត្ថលេខា​ជាមួយ​នឹង​រដ្ឋាភិបាល​ដែល​កើត​អត់​ស្រប​ច្បាប់​អធម្មនុញ្ញ​ហ្នឹង​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​មិន​ទទួល​ទេ​និង​សើរើ​ឡើង​វិញ​នៅ​ពេល​ដែល​យើង​ចូល​កាន់​អំណាច»។​

លោក​ អ៊ូ វីរៈ​ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​បញ្ជាក់​មិន​ខុស​ពី​អ្វី​ដែល​ជាការ​អះ​អាង​ពី​គណបក្ស​ប្រជាជន​ទេ។ ​លោក​បាន​និយាយ​ថា​ការ​ធ្វើ​ពហិការ​មិន​ចូល​រួម​ប្រជុំ​របស់​សមាជិក​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​មិន​បាន​រាំង​ស្ទះ​ដល់​ការ​អនុម័ត​ថវិកា​ជាតិ​ទេ​ក៏ប៉ុន្តែ​វា​អាច​ធ្វើ​ឱ្យមាន​ការ​រិះ​គន់​ច្រើន​ដោយ​សារ​តែ​ការ​អនុម័ត​នោះ​គ្មាន​វត្ត​មាន​គណបក្ស​ប្រឆាំង​ចូល​រួម​តែប៉ុណ្ណោះ។​

លោក​និយាយ​ថា៖​«ការ​អនុម័ត​ច្បាប់​នៅ​សភា​ដោយ​គណបក្ស​ប្រឆាំង​មិន​បាន​ចូល​រួម​តវ៉ា​ឬ​មួយ​មិន​បាន​ចូល​រួម​ក្នុង​ការ​ឈ្លិច​ សួរ​នៃ​បញ្ហា​នៃ​ថវិកា​ជាតិ​ដ៏​សំខាន់​ហ្នឹង។​ប៉ុន្តែ​បើ​យើង​មើល​ពី​អណត្តិ​មុន​ហើយ​ការ​អនុម័ត​ថវិកា​ជាតិ​ពី​មុន​មក​ក៏​គណបក្ស​ប្រឆាំង​ដើរ​ចេញ​មិន​បាន​ចូល​រួម​ក្នុង​ការ​អនុម័ត​ដូច​គ្នា​ដែរ។​អញ្ចឹង​ចំពោះ​ខ្ញុំ​មិន​មាន​អ្វី​គួរ​ឱ្យចាប់​អារម្មណ៍​ប៉ុន្មាន​ទេ»។​

ក្រសួង​សំខាន់​ៗ​ដែល​មាន​អាទិភាព​សម្រាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៤​នេះ​រួម​មាន​ក្រសួង​អប់រំ​ សុខាភិបាល​ កសិកម្ម​ អភិវឌ្ឍន៍​ជន​បទ​ ក្រសួង​ការងារ​ សង្គម​កិច្ច​និង​ក្រសួង​នគរ​រូប​នីយកម្ម​និង​សំណង់។ ​ដោយ​ឡែក​ក្រសួង​ការ​ពារ​ជាតិ​បាន​ស្ថិត​ក្នុង​លំដាប់​អាទិភាព​ដែរ​តែ​ការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​និង​លើក​ទឹក​ចិត្ត​ដល់​ក្រុម​យុវជន​មាន​ស្ថិត​នៅ​ក្នុង​លំដាប់​អាទិភាព​ខ្ពស់​ជាងគេ​បំផុត។​

ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​២០១៤​នេះ​រដ្ឋាភិបាល​បាន​ផ្តោត​យ៉ាង​សំខាន់​ទៅ​លើ​ការ​ស្តារ​ហេដ្ឋារចនា​សម្ព័ន្ធ​ខូច​ខាត​ដោយ​ទឹក​ជំនន់​ ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​១.០០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​និង​មួយ​ផ្នែក​ទៀត​តំឡើង​ប្រាក់​បៀវត្សរ៍​ដល់​មន្ត្រី​រាជការ​រាប់​ម៉ឺន​នាក់​ដែល​មាន​កាំ​ប្រាក់​«ប្រភេទ​គ​និង​ប្រភេទឃ»៕