សភា​នឹង​បើក​ប្រជុំ​វិសាមញ្ញ​ពិភាក្សា​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​​ដោយ​គ្មាន​តំណាងរាស្ត្រ​គណបក្ស​ជំទាស់

រូប​ឯកសារ៖ ក្រុម​តំណាង​រាស្រ្ត​គណបក្ស​កាន់អំណាច​​លើកដៃ​អនុម័ត​​សេចក្តី​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ពាក់ព័ន្ធ នឹង​ការ​បោះ​ឆ្នោត ក្នុង​សំឡេង​៦៧ លើ​៦៧ នៅ​ថ្ងៃទី​១៦ ខែ​តុលា ឆ្នាំ២០១៧។ (កាន់​ ​វិច្ឆិកា/VOA)

លោក​ សុន ឆ័យ​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​រំលាយ​ចោល​ដោយ​តុលាការ​កំពូល​តាម​បណ្តឹង​របស់​ក្រសួង​មហា​ផ្ទៃ ​បាន​ចាត់​ទុក​ថា​​សកម្មភាព​កែប្រែ​រដ្ឋ​ធម្មនុញ្ញ​ជា​ការ​រំលោភ​រដ្ឋ​ធម្មនុញ្ញ​ធ្ងន់ធ្ងរ។

គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​ជាតិ​នៅ​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​បាន​សម្រេច​ទទួល​យក​សេចក្តី​ស្នើ​វិសោធនកម្ម​មាត្រា​ចំនួន​ប្រាំ​នៃ​រដ្ឋ​ធម្មនុញ្ញ​ មក​ពិនិត្យ​ និង​សិក្សា​ ហើយ​បាន​កំណត់​យក​ថ្ងៃ​ទី​១៤ ​ខែ​កុម្ភៈ​ខាង​មុខ​នេះ​ ជា​ថ្ងៃ​ប្រជុំ​វិសាមញ្ញ​ ដើម្បី​ពិភាក្សា​ មុន​នឹង​អនុម័ត​សេចក្តី​ស្នើ​វិសោធន​កម្ម​មាត្រា​ទាំង​នោះ។ ​ការ​ប្រជុំ​វិសាមញ្ញ​របស់​សភា​ក៏​នឹង​ពិភាក្សា​លើ​សេចក្តី​ស្នើ​វិសោធន​កម្ម​ក្រម​ព្រហ្មទណ្ឌ​ ដើម្បី​ផ្តល់​សេចក្តី​យល់ព្រម​ផង​ដែរ។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សភា​ជាតិ​ដែល​ VOA ​ទទួល​បាននៅ​រសៀល​ថ្ងៃច័ន្ទ ​និង​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យសភា​ជាតិ។​

ក្រុម​អ្នក​វិភាគ​ស្ថាន​ការណ៍​នយោបាយ​កម្ពុជា​និយាយ​ថា​ ​កិច្ច​ខិតខំ​កែ​មាត្រា​ជា​ច្រើន​នៃ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការ​រក្សា​អំណាច​របស់​គណបក្ស​គ្រប់​គ្រង​ប្រទេស​ ដោយ​មិន​បាន​តម្កល់​ប្រយោជន៍​ប្រជាជន​ជា​ធំ​នោះ​ទេ ​តែ​បាន​ពង្រីក​ឥទ្ធិពល​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន។​

ផ្នែក​ខ្លះ​នៃ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភាចេញ​ផ្សាយ​នៅ​ថ្ងៃច័ន្ទ​នេះ បាន​បញ្ជាក់​ឲ្យដឹង​ថា​ ​អង្គ​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បាន​អនុម័ត​កោះ​ប្រជុំ​វិសាមញ្ញ​ តាម​សំណើ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​ដើម្បី​ពិនិត្យ​ និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ចំនួន​បួន​ រួមមាន​«សេចក្តី​ព្រាង​ច្បាប់ធម្មនុញ្ញ​ស្តី​ពី​វិសោធនកម្ម​មាត្រា​៣៤​ថ្មី ​មាត្រា​៤២​ មាត្រា​៤៩ ​មាត្រា​៥៣​ និង​មាត្រា១១៨​ថ្មី​នៃ​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​វិសោធន​កម្ម​ក្រម​ព្រហ្ម​ទណ្ឌ»។​

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​ឲ្យដឹង​ថា​«អង្គ​ប្រជុំ​បាន​កំណត់​កាល​បរិច្ឆេទ​សម្រាប់​សម័យ​ប្រជុំ​រដ្ឋសភា​វិសាមញ្ញ​នីតិកាល​ទី​៥​ នៅ​ព្រឹក​ថ្ងៃ​ពុធ​ ទី​១៤​ខែកុម្ភៈ​ ឆ្នាំ​២០១៨»។​

សេចក្តី​សម្រេច​របស់​គណៈ​កម្មការ​អចិន្ត្រៃយ៍​រដ្ឋ​សភាដែល​គ្រប​ដណ្ដប់​ដោយ​តំណាង​រាស្ត្រ​គណបក្ស​កាន់​អំណាច នៅ​ថ្ងៃ​ច័ន្ទនេះ​ ធ្វើ​ឡើង​មួយ​សប្តាហ៍​ក្រោយ​ពី​មាន​ប្រតិកម្ម​ពី​សមាជិក​សភា​អាស៊ាន​ ដើម្បី​សិទ្ធិ​មនុស្ស​ (ASEAN Parliamentarians for Human Rights) ​ដែល​បាន​ព្រមាន​ថា​ ​សេចក្តី​ស្នើ​វិសោធនកម្ម​មាត្រា​មួយ​ចំនួន​នៃ​រដ្ឋធម្មនុញ្ញ​ និង​ក្រម​ព្រហ្មទណ្ឌ​ នឹង​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជា​សង្គម​មួយ​ ដែល​កាន់​តែ​រឹត​បន្តឹង​លើ​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​ និង​ការ​អនុវត្ត​សិទ្ធិ​ផ្សេង​ទៀត។​

កាលពី​ថ្ងៃ​ទី​៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​ សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ឆ្លើយ​តប​ទៅ​នឹង​ការ​សម្រេច​របស់​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ ដែល​បាន​ផ្តល់​ភ្លើង​ខៀវ​ឲ្យ​មាន​សេចក្តី​ស្នើ​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​ ​និង​ក្រម​ព្រហ្មទណ្ឌ​របស់​ប្រទេស​កម្ពុជា។ ​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ បាន​ព្រមាន​ថា​ ការ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​សុំ​ឲ្យ​មាន​វិសោធន​កម្ម​ទាំង​អម្បាល​ម៉ាន​នេះ​ បាន​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​បន្ថែម​ទៀត​ ចំពោះ​ដំណើរការ​ធ្លាក់​ចុះ​នៃ​ប្រទេស​កម្ពុជា​ទៅ​រក​ភាព​ផ្តាច់ការ​ ក្រោយ​ពី​មាន​ការ​ចាប់​ខ្លួន​មេដឹកនាំ​គណបក្ស​ប្រឆាំង​ គឺ​លោក​ កឹម សុខា​ ក្នុង​ខែ​កញ្ញា និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ (CNRP)នៅ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧។​

ប្រធាន​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស ​លោក​ Charles Santiago​ ​ត្រូវ​បាន​ស្រង់​សម្តី​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ដែល​ VOA ​បាន​ទទួល​កាល​ពី​ថ្ងៃ​ទី​ ៦​ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​ ក្នុង​ន័យ​ដើម​ថា៖​

«ប្រសិន​បើ​វិសោធន​កម្ម​នេះ​ត្រូវ​បាន​អនុម័ត​ វា​នឹង​ធ្វើ​ឲ្យ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ និង​យូរ​អង្វែង​ដល់​ក្រប​ខណ្ឌ​ស្ថាប័ន​របស់​ប្រទេស​កម្ពុជា​ ដែល​ធ្វើ​ឲ្យ​រិចរិល​បន្ថែម​ទៀត​ដល់​នីតិរដ្ឋ​ និង​ពង្រឹង​ប្រព័ន្ធ​ផ្តាច់ការ​ ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ ចាប់​តាំង​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ»។​

លោក​បណ្ឌិត ​មាស​ នី​ អ្នក​សិក្សា​ស្រាវ​ជ្រាវ​កិច្ចអភិវឌ្ឍ​សង្គម​ និង​ជា​អ្នក​វិភាគ​ស្ថាន​ការណ៍​នយោបាយ​កម្ពុជា ​មាន​ប្រសាសន៍​ប្រាប់​ VOA ​ថា ​ការ​កែ​រដ្ឋ​ធម្មនុញ្ញ​ញឹក​ញាប់​ដែល​បាន​ធ្វើឡើង​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ ​រហូតដល់​ការ​រំលាយ​ចោល​គណបក្ស​ប្រឆាំងនោះ​ មិន​បាន​ផ្តល់​ប្រយោជន៍​ដល់​ប្រជាជន​នោះ​ឡើយ។ ​លោក​មាន​ប្រសាសន៍​ថា៖​

«បើ​សិន​ជា​យើង​មើល​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ ឬ​ក៏​រដ្ឋ​ធម្មនុញ្ញ​មក​ដល់​ពេល​នេះ​បាទ​ ការ​ព្រួយ​បារម្ភ​មួយ​របស់​យើង​ហ្នឹង​គឺ​យើង​ឃើញ​ថា​ ​ការ​កែ​ហ្នឹង​ហាក់​ដូច​ជា​ញាប់​ពេក​ មួយ​ឆ្នាំ​បីបួន​ដង​ហើយ​ ហើយ​ការ​កែ​ច្បាប់​ហ្នឹង​ទៀត​សោត​ក៏មិន​សូវ​ មិន​ឃើញ​មាន​ច្បាប់​ណា​ ដែល​ធ្វើការ​កំណែ​ទម្រង់​ដើម្បី​ផល​ប្រយោជន៍​ពលរដ្ឋ​ទេ​ គឺ​ជា​ច្បាប់​ដើម្បី​គ្រាន់​តែ​ជា​ការ​បង្ក្រាប​នូវ​ ដូច​ជា​គូបដិបក្ខ​របស់​ខ្លួន ​ឬក៏​ច្បាប់​ដើម្បី​ធ្វើ​ម៉េច​ឲ្យ​រដ្ឋាភិបាល​នេះ​មាន​សិទ្ធិ​អំណាច​កាន់​តែ​ច្រើន​ថែមទៀត​ ដើម្បី​គ្រប់​គ្រង​ ឬ​មួយ​ក៏​ធ្វើ​ការ​គាប​សង្កត់​ទៅលើ​ពលរដ្ឋ​ខ្លួន​ឯង​ ពិសេស​ដូច​ទៅលើ​គណបក្ស​ប្រឆាំង​ បាទ!​ នេះ​ជា​ការ​មើល​ឃើញ​របស់​យើង​ក្នុង​ពេល​នេះ​ បាទ»។​

លោក​ សុន ឆ័យ​ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​រំលាយ​ចោល​ដោយ​តុលាការ​កំពូល​តាម​បណ្តឹង​របស់​ក្រសួង​មហា​ផ្ទៃ ​បាន​ចាត់​ទុក​ថាសកម្មភាព​កែប្រែ​រដ្ឋ​ធម្មនុញ្ញ​ជា​ការ​រំលោភ​រដ្ឋ​ធម្មនុញ្ញ​ធ្ងន់ធ្ងរ។​

«ជា​ការ​រំលោភ​ធម្មនុញ្ញ​ធ្ងន់​ហើយ​ ធ្ងន់​ទៀត​ បាទ»។​

លោក​អះអាង​ថា​ សភា​មិន​មាន​សំឡេង២ភាគ​៣​ដើម្បី​ធ្វើ​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​បាន​ទេ​ ព្រោះ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ ហើយ​តំណាង​រាស្ត្រ​ដែល​មក​កាន់​កាប់​អាសនៈ​សភា​ ដោយ​យកអាសនៈ​គណបក្ស​ប្រឆាំង​នោះ​ មិន​បាន​ឆ្លុះ​បញ្ចាំង​ភាព​ជា​តំណាង​របស់​ម្ចាស់​ឆ្នោត​ដែល​បោះឆ្នោត​ផ្តល់​ការ​គំាទ្រ​ដល់គណបក្ស​ប្រឆាំង​នោះ​ឡើយ។​

«ហើយ​យើង​ដឹង​ហើយថា​ ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​តាំង​ពី​ថ្ងៃ​១៦​ ខែ​វិច្ឆិកា​មក ​យើង​យល់​ថា​ វា​ជា​ការ​មិន​គ្រប់ចំនួន​ទៅ​រដ្ឋសភាគឺ​ជា​ការ​ប្រព្រឹត្ត​ទៅ​ ​ដោយ​មិន​ស្រប​ទៅ​តាម​រដ្ឋ​ធម្មនុញ្ញ​ ហើយ​សភា​មិន​អាច​ប្រើ​ប្រាស់​អ្នក​តំណាង​រាស្ត្រ​ដែល​យក​ទៅ​បន្តុប​ហ្នឹង​ ​ទៅ​ធ្វើ​ការ​សម្រេច​ វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​បាន​ទេ​ បាទ»។​

ប៉ុន្តែ​លោក​ ឡេង ប៉េងឡុង​ អ្នក​នាំ​ពាក្យ​សភា​ជាតិ​ បានការពារ​កិច្ចការរបស់​សភា​យ៉ាង​ដូច្នេះ៖​

«បាទ​ អានេះ​គឺ​លទ្ធិ​ប្រជាធិបតេយ្យ​ សេរី​ ពហុបក្ស​ហ្នឹង​ មិន​មាន​ការ​ប៉ះពាល់​អី​ទេ​ បាទ​ ពីព្រោះ​ថា ហ្នឹង​គឺ​កំណត់​ដោយ​ច្បាប់។​ អ្វីៗ​ត្រូវ​កំណត់​ដោយ​ច្បាប់​ ដូច្នេះ​ហើយ​ ច្បាប់មាន​សភាជា​អ្នក​ធ្វើ​ ដូច្នេះ​ហើយមិន​ មិន​បាន​ប៉ះពាល់​ទៅ​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ ពហុបក្ស​ទេ​បាទ»។​

ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ សហគមន៍​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​រួមមាន​សហ​រដ្ឋ​អាមេរិក​ សហភាព​អឺរ៉ុប​ និង​ប្រទេស​ស៊ុយអែត​ បាន​ប្រកាស​មិន​ទទួល​ស្គាល់​ការ​បោះឆ្នោត​ឆ្នាំ​២០១៨​ និង​កាត់​ផ្តាច់​ជំនួយ​អភិវឌ្ឍន៍​មក​ដល់​រដ្ឋាភិបាល​កម្ពុជា។​ ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស​បាន​កត់​សម្គាល់​ផង​ដែរ​ថា​ ការ​បែងចែក​អាសនៈ​សភា​ បន្ទាប់​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​បាន​ធ្វើ​ឲ្យ​សភា​ [កម្ពុជា]​ ​លែង​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​មូលដ្ឋាន​ និង​មិន​អាច​ធ្វើ​ឲ្យ​វិសោធន​កម្ម​នេះ​ស្រប​តាម​លក្ខខណ្ឌ​នៃ​រដ្ឋធម្មនុញ្ញ​ជា​ធរមាន​នោះ​ឡើយ»៕