ខួបលើកទី២៩នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅឆ្នាំនេះ ត្រូវបានប្រារព្ធឡើងក្រោមការព្រួយបារម្ភកាន់តែកើនឡើងនឹងវត្តមាន និងឥទ្ធិពលចិននៅកម្ពុជា។
ក្រុមអ្នកតវ៉ាខ្មែរ-អាមេរិកាំង បានជ្រើសរើសយកទិវាប្រវត្តិសាស្ត្រនេះ ធ្វើបាតុកម្មនៅតាមរដ្ឋមួយចំនួនដើម្បីប្រឆាំងនឹងការចូលពាក់ព័ន្ធនៃក្រុមយោធាចិនកាន់តែធំឡើងៗ ដែលអាចនឹងប្រែក្លាយតំបន់សមុទ្រកម្ពុជាដែលមានដូចជាកំពង់ផែរាមនៃខេត្តព្រះសីហនុ និងស្រុកបុទុមសាគរនៃខេត្តកោះកុងជាមូលដ្ឋានកងទ័ពចិន។
អ្នកស្រី លឹម ពិសិដ្ឋ អ្នករៀបចំបាតុកម្មនៅខាងមុខស្ថានទូតចិននៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃសុក្រ បានបញ្ជាក់ប្រាប់វីអូអេថា៖
«សាធារណរដ្ឋចិន គឺជាចំណែកមួយនៃប្រទេសហត្ថលេខីថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ប៉ុន្តែនៅពេលនេះ ចិនបានរំលោភសន្ធិសញ្ញាដែលបានចុះហត្ថលេខាហ្នឹង។ អីចឹងបងប្អូនសមាគមខ្មែរទាំងអស់ហ្នឹងគាត់អត់សុខចិត្តទេ។ ទី១ គាត់មកប្រារព្ធខួបលើកទី២៩ផង ទី២ គាត់ទាមទារមិនឲ្យមានយោធាចិន ឬក៏ទីតាំងកងទ័ពចិននៅក្នុងកម្ពុជា»។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលបានចុះហត្ថលេខាដោយភាគីជម្លោះកម្ពុជាទាំងបួន និងធ្វើជាសាក្សីដោយប្រទេសចំនួន១៨ផ្សេងទៀត ក្នុងនោះមានចិនផងដែរ មានគោលបំណងបញ្ចប់សង្គ្រាមស៊ីវិល រក្សាអធិបតេយ្យភាព បញ្ចប់វត្តមានកងទ័ពបរទេសលើទឹកដីកម្ពុជា និងនាំយកលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សជាដើម។
អ្នកស្រី គឹម ដាឡុង បាតុករមកពីរដ្ឋ South Carolina បានបញ្ជាក់ថា៖
«ចិនមិនដែលល្អសម្រាប់ជនជាតិខ្មែរយើងទេ។ រាល់ពេលដែលមានវត្តមានចិននៅស្រុកខ្មែរយើង ធ្វើឲ្យកូនខ្មែរយើង ប្រជាជនខ្មែរយើងទឹកភ្នែក មកស្រុកខ្មែរយើងប្លន់ដី ប្លន់អ្វីៗសព្វបែបយ៉ាងពីស្រុកខ្មែរ ដូច្នេះយើងអត់ត្រូវការចិនចូលមកស្រុកខ្មែរទេ»។
បាតុកម្មនេះ គឺជាផ្នែកមួយនៃការតវ៉ារបស់ពលរដ្ឋខ្មែរដែលនៅជុំវិញពិភពលោកដែលទាមទារឲ្យប្រទេសចិន គោរពតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលបានចូលរួមបាតុកម្មនោះបានបញ្ជាក់ថា៖
«រយៈពេលជិត១០ឆ្នាំចុងក្រោយនេះខ្ញុំឃើញប្រទេសចិន គឺប្រើប្រាស់ឱកាសដែលមេដឹកនាំកម្ពុជាដែលមេដឹកនាំកម្ពុជា គឺលោក ហ៊ុន សែន ដែលគាត់ការពារអំណាចហ្នឹង គឺប្រទេសចិនបានយកឱកាសហ្នឹងយកកម្ពុជាធ្វើជាឈ្នាន់សម្រាប់ខ្លួនឯងវាតទីនិយម។ នេះ ជាចំណុចដែលជាការរំលោភលើសន្តិភាពទីក្រុងប៉ារីស ប៉ុន្តែមុនឆ្នាំ២០០០ យើងឃើញថា ប្រទេសចិន មានគោលការណ៍គោរពស្មារតីទីក្រុងប៉ារីស។ ប៉ុន្តែជិត១០ឆ្នាំចុងក្រោយនេះ គឺចិនលែងគោរពលែងរវីរវល់គិតតែពីរឿងបំពេញមហិច្ឆតាវាតទីរបស់ខ្លួន»។
បាតុកម្មនៅទីក្រុងប៉ារីស ប្រទេសបារាំង បានធ្វើឡើងដោយមានការចូលរួមពីលោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែការតវ៉ានៅកម្ពុជា ត្រូវបានអាជ្ញាធរបំបែកភ្លាមៗនៅពេលដែលក្រុមប្រជាពលរដ្ឋមួយចំនួនតូចបានខិតខំប្រមូលកម្លាំងជួបជុំនៅពីខាងមុខស្ថានទូតចិន។ មានអ្នកគាំទ្រគណបក្សសង្គ្រោះជាតិយ៉ាងហោចណាស់២នាក់ត្រូវបានចាប់ខ្លួន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានមិនឲ្យតវ៉ាប្រឆាំងនឹងចិនទេ ដោយលោកលើកហេតុផលថា ប្រទេសជាតិកំពុងជួបគ្រោះមហន្តរាយទឹកជំនន់ដែលបានជន់លិចខេត្តជាច្រើនរបស់កម្ពុជា និងជំងឺកូវីដ១៩។
ការព្រួយបារម្ភរបស់ពលរដ្ឋនិងអ្នកនយោបាយគណបក្សប្រឆាំង កាន់តែមានមូលដ្ឋានរឹងមាំ ក្រោយពីមានសេចក្តីរាយការណ៍នានាពីការពង្រីកវត្តមានយោធាចិននៅក្នុងតំបន់តាមរយៈគម្រោងនានាដែលជ្រកក្រោមស្លាកអភិវឌ្ឍន៍ និងជាពិសេសនៅពេលដែលប្រទេសកម្ពុជា បានវាយកម្ទេចចោលអគារជំនួយរបស់សហរដ្ឋអាមេរិកនៅក្នុងមូលដ្ឋានទ័ពជើងទឹករាមដែលទើបសាងសង់ឡើងកាលពីឆ្នាំ២០១២ដើម្បីជានិម្មិតរូបនៃទំនាក់ទំនងយោធារវាងប្រទេសទាំងពីរ។ ការណ៍នោះនាំឲ្យសហរដ្ឋអាមេរិកខកចិត្ត និងបារម្ភថា វាទំនងជាមានការចងភ្ជាប់ទៅនឹងផែនការផ្តល់ឲ្យចិនដាក់សម្ភារៈយោធា និងកងទ័ពនៅមូលដ្ឋានកងទ័ពជើងទឹករាម។
មន្ត្រីនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក Chad Roedemeierបានបញ្ជាក់ប្រាប់វីអូអេកាលពីដើមខែតុលាថា៖
«វត្តមានបែបនេះ នឹងធ្វើឲ្យប៉ះពាល់ជាអវិជ្ជមានមកលើទំនាក់ទំនងទ្វេភាគីសហរដ្ឋអាមេរិកកម្ពុជា ហើយវាមានការរំខាន និងអាចបង្កឲ្យមានអស្ថិរភាពទៅដល់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។
លោកនាយករដ្ឋមន្តី្រ ហ៊ុន សែន អះអាងថា មូលដ្ឋានកងទ័ពជើងទឹករាមមិនត្រូវបានផ្តល់ឲ្យប្រទេសចិនប្រើប្រាស់ផ្តាច់មុខនោះទេ គឺកម្ពុជាស្វាគមន៍ប្រទេសដទៃដែលសុំការអនុញ្ញាត មកចូលចត ចាក់ប្រេង ឬឡើងគោកដើម្បីសមយុទ្ធជាមួយនឹងកម្ពុជា ឬធ្វើកិច្ចការអ្វីមួយជាមួយនឹងកម្ពុជា។
ការព្រួយបារម្ភនឹងឥទ្ធិពលរបស់ចិនទាំងយោធា និងនយោបាយគឺបន្ថែមទៅនឹងបញ្ហាដែលមានស្រាប់ និងកំពុងតែគ្រប់ដណ្តប់លើនយោបាយប្រទេសកម្ពុជាដែលមានដូចជាការរំលោភសិទ្ធិនយោបាយ សិទ្ធិអង្គការសង្គមស៊ីវិល សិទ្ធិមនុស្ស និងសិទ្ធិដីធ្លីជាដើម។
អ្នកស្រី ទេព វន្នី អតីតជនរងគ្រោះដោយសារការអភិវឌ្ឍន៍នៅតំបន់បឹងកក់រាជធានីភ្នំពេញបានថ្លែងពីស្ថានភាពនៅកម្ពុជាថា៖
«ក្នុងនាមនាងខ្ញុំជាអ្នករងគ្រោះនៅសហគមន៍បឹងកក់ និងជាអតីតតំណាងសហគមន៍១រូបដែរ ហើយនាងខ្ញុំធ្លាប់រស់ឆ្លងកាត់របបផ្តាច់ការរបស់លោក ហ៊ុន សែន នេះ គឺនាងខ្ញុំមានបទពិសោធន៍ពាក់ព័ន្ធនឹងក្រុមហ៊ុនចិនជាច្រើនដែលក្រុមហ៊ុនចិន១នេះ ធ្វើការសហការជាមួយរដ្ឋាភិបាលផ្តាច់ការ គឺថាគាត់មិនបានគោរពនូវសិទ្ធិមនុស្សទេ»។
គណបក្សសង្គ្រោះជាតិ ក៏បានអំពាវនាវឲ្យប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសធ្វើអន្តរាគមន៍ផងដែរ។
លោក Julian Hill អ្នកតំណាងរាស្ត្រអូស្ត្រាលីប្រចាំមណ្ឌល Bruce បានអំពាវនាវឲ្យរដ្ឋាភិបាលអូស្ត្រាលីចូលរួមដោះស្រាយការរំលោភសិទ្ធិមនុស្សនៅកម្ពុជាក្នុងនាមជាប្រទេសហត្ថលេខីមួយ។
លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អ បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធនានាចាត់ទុកថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាយន្តកាការពារមួយដល់អធិបតេយ្យភាពកម្ពុជា និងត្រូវស្វែងរកដំណោះស្រាយនយោបាយឲ្យបានតាមស្មារតីនៃកិច្ចព្រមព្រៀងនេះ។
ទំនាក់ទំនងរវាងចិន និងកម្ពុជា បានឈានមកដល់កម្រិតយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលបន្តិចម្តងៗឈានមកជំនួសឥទ្ធិពលបស្ចិមប្រទេសដែលបានជួយជ្រោមជ្រែងនិងស្តារនិងអភិវឌ្ឍន៍កម្ពុជានៅក្រោយពីកិច្ចព្រមព្រៀង បានចូលជាធរមាន។ បច្ចុប្បន្នកម្ពុជា គឺជាសម្ព័ន្ធមិត្តដ៏ស្និទ្ធបំផុតរបស់ចិននៅសហគមន៍អាស៊ាន៕