តុលាការ​ទីក្រុង​ប៉ារីស​ចាប់ផ្តើម​កាត់ទោស​ពួក​អ្នក​វាយ​ប្រហារ​ភេរវកម្ម​ឆ្នាំ២០១៥

រូបឯកសារ៖ កងកម្លាំង​សន្តិសុខ​យាមត្បាត​នៅ​ក្រៅ​ក្រសួង​យុត្តិធម៌​កាលពី​ថ្ងៃទី៨ ខែកញ្ញា​ ឆ្នាំ២០២១ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។ (Reuters)

មនុស្ស​២០​នាក់​ដែល​ជាប់ទាក់​ទិន​នឹង​ការវាយ​ប្រហារ​ភេរវកម្ម​ខែ​វិច្ឆិកា ឆ្នាំ២០១៥ នៅ​ក្នុង​ប្រទេស​បារាំង​ បាន​ឡើង​តុលាការ​នៅ​ក្នុង​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃ​ពុធនៅ​ក្នុង​ដំណើរការ​កាត់ទោស​ដែល​ត្រូវ​គេ​រំពឹង​ថា មាន​រយៈពេល​៩ខែ។

ចុង​ចោទ​៦នាក់​ ​ត្រូវ​រង​ការ​ចោទ​ប្រកាន់ក្នុង​ការ​កាត់​ទោស​កំបាំង​មុខ​មួយ។ សេចក្តី​រាយការណ៍​បាន​បញ្ជាក់​ថា ចុងចោទ​៥នាក់ក្នុង​ចំណោម៦នាក់ ​ត្រូវ​បាន​សន្និដ្ឋាន​ថា​បានស្លាប់​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ឬ​ស៊ីរី។

ពួក​ភេរវជន​រដ្ឋ​អ៊ីស្លាម​៩នាក់ ភាគច្រើន​មកពី​ប្រទេស​បារាំង​និង​ប៊ែលហ្ស៊ិក បាន​បន្សល់​ទុក​នូវ​ក្តីរន្ធត់​នៅ​ក្នុង​ការវាយ​ប្រហារ​ជា​ច្រើន​កន្លែង​នៅឯ​ពហុកីឡាដ្ឋាន​ជាតិ រង្គសាល​និង​ភោជនីយដ្ឋានជាច្រើន​និង​នៅឯ​កន្លែង​ប្រគំដន្ត្រី​នៅឯ​មហោស្រព Bataclan។ ការ​វាយ​ប្រហារ​ទាំង​នោះ​បាន​សម្លាប់​មនុស្សសរុប​ប្រមាណ​១៣០​នាក់​ ដែល​ក្នុង​នោះ​៩០​នាក់នៅ​ក្នុង​សាល​ប្រគំតន្ត្រី​មួយ។ យ៉ាង​ហោច​ណាស់​មាន​អ្នក​រង​របួស​ប្រមាណ​៤៩០នាក់​ នៅ​ក្នុងការ​វាយ​ប្រហារ​ទាំង​នោះ។

Salah Abdeslam ជា​សមាជិក​ទី១០​នៃ​ក្រុម​ភេរវកម្មនិង​ជា​អ្នក​នៅ​រស់រាន​មាន​ជីវិត​តែ​ម្នាក់​គត់ ដែល​ត្រូវបាន​ចាប់​ខ្លួន​នៅ​ក្នុង​ទីក្រុងប្រ៊ុចសែល ​ប្រទេស​ប៊ែលហ្ស៊ិក​ ៤ខែ​បន្ទាប់ពី​ការវាយ​ប្រហារ​ថ្ងៃ​ទី១៣ ខែ វិច្ឆិកា ឆ្នាំ​២០១៥។ ជន​នោះ​ត្រូវ​បាន​ចោទប្រកាន់​ពីការជួយ​ភេរវជន​ផ្សេងៗ​ទៀត។

លោក Michael Dantinne ជាសាស្ត្រាចារ្យ​ផ្នែក​ឧក្រិដ្ឋកម្ម​នៅឯ​សាកល​វិទ្យាល័យ Liege បាន​ប្រាប់​ទូរទស្សន៍បារាំង​២៤​ថា «ការកាត់ទោស​នេះ​ជា​ជំហាន​ដ៏​មាន​សារៈសំខាន់​មួយ​សម្រាប់​ជន​រងគ្រោះ ​សម្រាប់​អ្នក​ដែល​ត្រូវ​បាន​រងរបួស​និង​សម្រាប់អ្នក​ដែល​បាន​បាត់បង់​សមាជិក​របស់​ក្រុម​គ្រួសារ​គេ»។

ការកាត់ទោស​នោះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​តុលាការ​ដែល​បាន​សាង់សង់​ពិសេស​នៅ​ក្នុង​ក្រុង​ប៉ារីស​ហើយ​ត្រូវ​បាន​គេ​ពណ៌នា​ថាជា​ជា​ការកាត់ទោស​ធំបង្អស់​នៅ​ក្នុង​ប្រវត្តិសាស្ត្រទំនើប​របស់​បារាំង៕

(ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្តីរាយការណ៍​នេះ​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន AP និង AFP)