ការ​វាយប្រហារ​នៅ​ទីក្រុង​ប៉ារីស​នឹង​ស្ថិត​នៅ​កំពូល​​របៀប​វារៈ​នៃ​កិច្ច​ពិភាក្សា​ក្រុម​ប្រទេស​ G-20

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់ អូបាម៉ា (ឆ្វេង) ពិភាក្សា​ជាមួយ​ប្រធានាធិបតី​តួកគី Recep Tayyip Erdogan ក្នុង​អំឡុងកិច្ច​ប្រជុំ​នៅ​ទីក្រុង​ Antalya ប្រទេស​តួកគី កាលពី​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥។

លោក​ប្រធានាធិបតី​ស.រ.អា. បារ៉ាក់​ អូបាម៉ា​ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​សម្រាក​កាយ Antalya ​ដែល​នៅ​ជាប់​ឆ្នេរ​សមុទ្រ​មេឌីទែរ៉ាណេ​ នៃ​ប្រទេស​តួកគី​ហើយ​នៅ​ថ្ងៃ​អាទិត្យនេះ ដើម្បី​ចូល​រួម​ក្នុង​ការ​ប្រជុំ​មួយ​នៃ​បណ្តាមេដឹកនាំ​ក្រុម​ប្រទេស ​G-20 ​ដែល​នៅ​ទី​នោះ​ ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​សុក្រ​ក្នុង​ប្រទេស​បារាំង​ត្រូវ​គេ​កំណត់​ថា​នឹង​មាន​សារៈសំខាន់​ជាង​គេ​ក្នុង​របៀបវារៈ​នៃ​ការ​ប្រជុំនេះ។​

កិច្ច​ចរចា​រវាងមេដឹកនាំ​នៃប្រទេស​២០​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ក្នុង​ពិភពលោក​ នឹង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ពាណិជ្ជកម្ម ថាមពល​និង​បរិស្ថាន។​ ក៏​ប៉ុន្តែ​ បញ្ហា​ទាំង​នេះ​ ទោះ​ណា​ជាឋិត​នៅ​លើ​របៀប​វារៈ​ជា​ផ្លូវការ​ក៏​ដោយ​ ក៏​នឹង​នៅ​លំដាប់​ទី​ពីរ​នៅ​ពី​ក្រោយ​សេចក្តី​ត្រូវ​ការ​បង្កើន​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ជន​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​ ដែល​បាន​អះអាង​ទាម​ទារ​ការ​ទទួល​ខុស​ត្រូវ​ដល់​ការ​វាយ​ប្រហារ​នៅ​ក្នុង​ក្រុង​ប៉ារីស។​

គេក៏​រំពឹង​ដែរ​ថា​ ការ​វាយ​ប្រហារ​ទាំង​នេះ​ក៏​នឹង​ជំរុញ​ឱ្យ​មាន​ការ​ពង្រឹង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ដោះស្រាយ​ជម្លោះ​នៅ​ក្នុងប្រទេស​ស៊ីរី​ផងដែរ។​

នៅ​ពេល​ប៉ុន្មាន​ម៉ោង​មុន​ការ​វាយ​ប្រហារទាំង​នោះ លោកស្រី​ Susan Rice ទីប្រឹក្សា​សន្តិសុខ​ជាតិ​ស.រ.អា.​ បាន​មាន​ប្រសាសន៍​ថា ​ការ​ប្រជុំ​នៃ​ក្រុម​ប្រទេស​ G-20​ ជា​ «ឱកាស​សំខាន់»​មួយ​សម្រាប់​ក្រុម​មេដឹកនាំ​សំខាន់ៗ​ក្នុង​ការ​សម្រប​សម្រួល​កិច្ច​ខិត​ខំប្រឹង​ប្រែង​អំពី​បញ្ហា​ប្រទេស​ស៊ីរី។ ក៏​ប៉ុន្តែ​ លោកស្រី​បាន​មាន​ប្រសាសន៍​ដោយ​ប្រុង​ប្រយ័ត្ន​ប្រឆាំង​នឹង​ការរំពឹង​ទុក​ដែល​ថា​នឹង​មាន​ការទម្លាយ​ភាព​ទាល់​ច្រក​ណា​មួយ៕