ឪពុក​ម្តាយ​កូនសិស្ស​ស្លាប់​ដោយ​ការ​លិច​ទូ​កដថា​កូន​ប្រឹង​រៀន​ទាំង​​គ្មាន​ស្ពាន​​ឆ្លង​ទៅ​សាលា

អ្នកស្រី សុន គន្ធី ម្តាយ​ក្មេងប្រុស​អាយុ១៤​ឆ្នាំ​ម្នាក់ ដែល​បាន​បាត់បង់​ជីវិត​ដោយសារ​ក្រឡាប់​ទូកដ នៅ​ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ថត​នៅ​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

អា​ណា​ព្យាបាលមួយចំនួនរបស់កុមារ​ដែល​បាត់​បង់​ជីវិត​ដោយ​សារ​ការ​លិច​ទូក​ដ​ នៅ​ស្រុក​លើក​ដែក​កាល​ពី​ពេ​លថ្មីៗនេះ បង្ហាញភាព​សោក​សង្រេង​ចំពោះការ​បាត់​បង់​កូន​ៗ ដែល​សុទ្ធ​តែ​ជា​សិស្សប្រឹង​ប្រែង​ក្នុង​រៀន​សូត្រ​ ទោះបី​មាន​ឧបសគ្គ​ក្នុង​ការ​ធ្វើ​ដំណើរ​។ ​

កំពុង​អង្គុយ​ឱប​រូប​ថតកូន​ស្រី​ដែល​បាន​ស្លាប់​ដោយ​ការ​លិច​ទូក​ដក្នុង​ឃុំ​កំពង់​ភ្នំ កាល​ពីសប្តាហ៍​មុន​ អ្នកស្រី សួង ប៊ុន​ថា​ ​បាន​និយាយទាំង​អារម្មណ៍​ក្តុក​ក្តួល​ថា នៅ​មុន​ពេល​កើត​ហេតុ​នេះ អ្នក​ស្រី​បាន​សូម​អង្វរ​កូន​ឱ្យ​ឈប់​រៀន​មួ​យ​រយៈដែរ ព្រោះព្រួយ​បារម្ភអំពីការ​ធ្វើ​ដំណើរ​របស់​កូន ប៉ុន្តែកូនគាត់បែរ​ជា​ទៅ​សុំ​អង្វរ​ឪពុក​ថា ​រៀន​អង់គ្លេស​តែ ​២​ថ្ងៃ​ទៀត​តែប៉ុណ្ណោះ​ នឹង​ផ្អាក​រៀន​ហើយ​ ប៉ុន្តែ​ស្រាប់​តែ​ថ្ងៃនោះ​ជួប​ឧប្បត្តិ​វហេតុ​បែប​នេះ​តែ​ម្តង​ទៅ​។ ​

​អ្នក​ស្រី​រៀប​រាប់ប្រាប់​វីអូអេថា៖ ​«​ដល់​ពេល​រៀន​គួ​អង់គ្លេស​ហ្នឹង​ ខ្ញុំ​ថាផ្អាក​រៀន​គួ​ទៅ​យប់​ ​ខ្លាច​ងងឹត​។ ដល់​ពេល​គាត់​អត់​ព្រម​ទេ ​គាត់​ឱប​ដៃ​ប៉ា​ ​គាត់​ថា​ប៉ា​កូន​សុំតែ​ ២​ថ្ងៃទៀត​ទេ។ ប៉ាក៏​ឃើញ​កូន​អត់​ដាច់​ចិត្ត​ ឃើញ​កូន​ចង់​រៀន​ក៏​ឱ្យ​កូន​ទៅ​ ពេល​កូន​ទៅ​ត្រឡប់​មក​វិញ​ក៏​ជួប​បញ្ហា​ហ្នឹង​ទៅ​ [គាត់​លិច​ទូក​យប់​ថ្ងៃ​ព្រហស្បតិ៍]​។ ​[ដោយ​សារ​]​កូន​ចង់​រៀន​»​។

អ្នកស្រី សួង ប៊ុនថា ដែល​ត្រូវជា​ម្តាយ​របស់​ក្មេងស្រី​អាយុ១៣ឆ្នាំ​ម្នាក់​ដែល​បាន​បាត់បង់​ជីវិត​ដោយសារ​ក្រឡាប់​ទូកដ នៅឃុំ​កំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ថត​នៅ​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

ស្ត្រី​អាយុ​ ៤០ឆ្នាំ ជាម្តាយកូន ​២​នាក់​គឺ​ ប្រុស​ម្នាក់​និង​ស្រីម្នាក់​ ហើយ​ដែលកំពុងរស់​នៅ​ក្នុង​ភូមិ​កោះ​ចំរើន ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ខេត្ត​កណ្តាល​ បាន​ឱ្យ​ដឹងទៀតថា​ ​កូន​ស្រី​ដែល​ស្លាប់នោះ​គឺ​កូន​ច្បងអាយុ​ ១៣​ឆ្នាំ ​រៀន​ថ្នាក់​ទី​៧ ​នៅវិទ្យា​ល័យ​ហ៊ុនសែន​កំពង់​ភ្នំ។​

បើតាម អ្នកស្រី សួង ប៊ុន​ថា​ កូនគាត់គឺ​ជា​សិស្ស​ពូកែ និ​ងខិត​ខំរៀន​សូត្រ​ណាស់​។ ​អ្នក​ស្រី​តក់​ស្លុត​យ៉ាង​ខ្លាំង​ពេល​ទទួល​បាន​ដំណឹង​ថា​មាន​ការ​លិច​ទូកដ​ចម្លងកូន​សិស្ស​ដែល​ចេញ​ពី​រៀនកាល​ពីថ្ងៃព្រហស្បតិ៍​ទី​១៣​ ខែតុលា។

អ្នក​ស្រី​ថ្លែង​ថា​៖ ​«ថ្ងៃ[​លិច​ទូក​ដ]ហ្នឹង​ គ្រាន់​តែឮ​ប្អូន​ខ្ញុំ​តេ​មក​ប្រាប់​ ប៉ា​វា​ក៏​ស្ទុះ​ទៅ​ ​ជិះ​ម៉ូតូ​មក​រកកូន មាន​ឃើញគេ​ហែល[ទឹក​] ប៉ា​វាហែល​រក​មួយ​ស្របក់ដែរ [​តែ​]អត់​ឃើញ​កូនទេ​ អស់​សង្ឃឹម​ពេល​ហ្នឹង​ហើយ​។ ទាល់​តែពេល​ព្រឹក​ឡើង​ម៉ោង​៧ ​បាន​រក​កូន​ឃើញ​ ពេល​រក​កូន​ឃើញ​ មាន​អារម្មណ៍​ស្តាយ​ក្រោយ​ ព្រោះ​កូន​ខ្ញុំ​ ខ្ញុំ​ស្រឡាញ់​ណាស់​ ធ្វើ​ការ​រាល់​ថ្ងៃដើម្បី​តែកូន​ មក​ពី​ធ្វើ​ការ​វិញ​ឃើញ​កូន​ក៏​សប្បាយ​ចិត្ត​ មកដល់​ផ្ទះ​ម៉ោង​៤​ មុន​កូន​ ចាំ​មើលផ្លូ​វកូន​មក​ហូប​បាយ​ជុំគ្នា​ តែ​ថ្ងៃ​ហ្នឹង​ធ្វើ​បាយ​ធ្វើម្ហូប​ហើយ​ អត់បាន​ជុំគ្នា​ទេ កូន​ក៏បាត់​បង់​ទៅ​»​។

ផ្តើម​ចេញពី​ការលិច​ទូកដដ៏ប្រល័យនោះ​ ​អ្នក​ស្រី ​ប៊ុន​ថា​ ស្នើ​សុំ​ឱ្យ​មាន​ការ​សាង​សង់​ស្ពាន​ឆ្លង​កាត់ពីសាលារៀនទៅ​កោះ​ចំម្រើន ​ដើម្បី​បង្ក​ការ​ងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ​ និង​ចៀស​វាង​កុំ​ឱ្យ​កើតមាន​គ្រោះ​ថ្នាក់បែប​នេះបន្ត​ទៀត​។​

អ្នក​ស្រី​ថ្លែងថា៖ ​«​សុំ​ស្នើ​សុំ​ឱ្យ​សម្តេច​ ​ជួយ​ធ្វើ​ស្ពាន​ឱ្យ​ដើម្បី​ប្រជា​ជន និង​សិស្ស​ដទៃ​ទៀត​ កុំ​ឱ្យ​មាន​បញ្ហា​អ៊ី​ចឹង​ ច៎ា​!​»​។

​កាលពីថ្ងៃ​សុក្រ​កន្លងទៅ​ អាជ្ញាធរ​មានសមត្ថកិច្ចនៅ​ក្នុង​ខេត្ត​កណ្តាលបា​ន​ឱ្យដឹង​ថា មានឧប្បតិ្តហេតុ​លិច​ទូក​ដ​ ក្នុង​ស្រុក​លើកដែក ដែល​បាន​សម្លាប់​សិស្ស​សាលា​យ៉ាង​ហោច​ណាស់ ១០ ​នាក់​ ហើយ​សិស្ស​ម្នាក់​ទៀត​បាន​បាត់​ខ្លួន។ ប៉ុន្តែក្រោយមក​ អាជ្ញាធរ​មាន​សមត្ថកិច្ច​ឱ្យដឹង​ថា​សិស្សដែលបាន​ខ្លួន​នោះ​ ក៏បាន​ស្លាប់​ផងដែរ។

អធិការ​នគរបាល​ស្រុក​លើកដែក លោក​ អាំ ធូ ​ប្រាប់​វីអូអេកាលពីថ្ងៃសុក្រថា​ ការ​លិចលង់​ទូកដ​នោះ​បាន​កើត​ឡើង ​នៅ​ពេល​ទូកមាន​សភាព​ឃ្លីងឃ្លោង ​ពេល​បើកឆ្លង​កាត់​ផ្ទៃ​ទឹក​ទន្លេ​មេគង្គក្បែរ​ស្ពាន​អ្នក​លឿង។

នៅ​ក្នុងភូមិកោះចំរើន​ ទូកដ​ចាស់​ទ្រុឌ​ទ្រោម​ ​ដែល​លិចលង់​កាល​ពីយប់​ថ្ងៃ​ព្រហស្ប​តិ៍​ត្រូវ​បាន​គេលើក​យក​មកដាក់​លើមាត់​ច្រាំង​ទន្លេមេគង្គ​ ដែល​ហូរឆ្ពោះ​ទៅ​ស្ពាន​អ្នក​លឿង​។ សៀវភៅ​របស់​កូន​សិស្សដែលបាន​ស្លាប់នោះ ក៏​គេឃើញនៅរាយប៉ាយ​ក្បែរ​ទូក​ដែល​ស្រង់​ចេញ​ពីទឹក​ទន្លេ។ ​

អ្នកស្រី សុន គន្ធី ជាម្តាយ​ម្នាក់​ទៀត​ដែលបាន​បាត់​បង់​កូនប្រុស​ម្នាក់​ទៅក្នុង​ហេតុ​ការណ៍​លិច​ទូកកាលពីយប់​ថ្ងៃព្រហស្បតិ៍​នោះ។

អ្នកស្រី​ប្រាប់​អ្នក​យក​ព័ត៌មាន​ឱ្យ​សំឡេង​សហ​រដ្ឋ​អាមេ​រិក (វីអូអេ)​ ​ថា កូន​ប្រុស​ច្បងរបស់​អ្នក​ស្រី ដែល​បាត់​បង់ជីវិត​មាន​អាយុ​១៤​ឆ្នាំ រៀន​ថ្នាក់​ទី០៨ ហើយជា​សិស្ស​ពូកែ​ម្នាក់ផងដែរ​។ ​អ្នក​ស្រីមិន​ទាន់​អាច​បំភ្លេច​កូន​បាន​នៅឡើយ​ ព្រោះមិន​នឹក​ស្មាន​ថា​កូនត្រូវ​បាត់​បង់ជីវិត​ដោយ​សារ​តែ​ការ​ចង់​ចេះ ចង់​ដឹងបែប​នេះ​នោះទេ។ ​

កាតាប និង​សៀវភៅ​របស់​កូន​សិស្ស ត្រូវបាន​គេស្រង់​ពីទឹក បន្ទាប់ពី​ទូកដ​ក្រឡាប់លិច ក្នុង​ស្រុក​លើកដែក កាលពី​ថ្ងៃទី១៣ ខែតុលា ថត​នៅ​កំពង់​ចម្លង​កោះចំរើន ឃុំកំពង់ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល កាលពី​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

ស្រ្តី​ដែល​មាន​កូន​ប្រុស​ពីរ​នាក់រូបនេះ​លើកឡើងថា៖ ​«គាត់​ខំ​ឆ្លង​ទឹក​ទៅ​រៀន ដើម្បី​បាន​ចំណេះ​ ​តែស្មាន​មិន​ដល់ថាគាត់​បាន​បាត់​បង់​ជីវិត​ ដោយសារ​ការ​សិក្សា​របស់គាត់​។ ខ្ញុំ​សង្វេគ​គាត់ អាណិត​គាត់​ ហេតុ​តែ​ចង់​ចេះ​ចង់​ដឹង​ ត្រូវ​បាត់​បង់ជីវិត​ដោយ​សារ​ការ​សិក្សា ស្តាយគាត់​ អាណិត​គាត់ត្រង់​ហ្នឹង​»​។

អ្នក​ស្រី​បន្ថែមថា៖ ​«គាត់​រៀន​ពូកែ​ ខ្ញុំអត់ដែល​ឱ្យគាត់​រៀនគួ​សូម្បីតែមួយ​ម៉ោង​ សូម្បីតែមួយ​មុខ​វិជ្ជា​ គាត់​មិនដែល​រៀនគួ​ទេ​ កូនគេបាន​រៀនគួ តែគាត់​គាត់អត់រៀន​គួទេ ​ដូច​ថា​គាត់ឃើញ​ម៉ែអត់​ គាត់សុខចិត្ត​អត់​ទៅរៀន​ទេ​ គាត់​រៀនធម្មតា​តាមសមត្ថភាព​របស់​គាត់​ តែ​គាត់​រៀន​ពូកែ​ គាត់​មិន​រៀន​គួរ​ពិត​មែន​ តែ​គាត់​បាន​លេខ​៨ ឬ៩ ឬ​លេខ​២​ ឱ្យ​ម៉ាក់​»។

នៅក្នុង​ឧប្បត្តិត​លិចទូក​ដនោះ​ មាន​កុមារ ៤នាក់ ដែល​ជា​សិស្សសាលា​បាន​រស់​រាន​មាន​ជីវិត​ ក្នុងចំណោមសិស្ស​សាលាចំនួន ១៥នាក់​ ដែល​ស្ថិត​នៅលើទូក​ ជាមួយ​ ​កម្មករ​ទូក​ ២នាក់​ និង​អ្នករួម​ដំណើរ​ជា​កសិករ​ពីរនាក់ទៀត​ ដែល​បាន​រួចផុត​ពី​ការស្លាប់​ដោយសារ​ការ​លិច​ទូក​នោះ​ដែរ​។

​កុមារ​ចំនួន​ ៣​នាក់ ក្នុង​ចំណោម​អ្នក​ដែល​រួច​ផុត​ពី​គ្រោះថ្នាក់នៃ​ការ​លិច​ទូកដនោះ ​ប្រាប់​អ្នក​សារ​ព័ត៌​មាន​វីអូអេ​នៅថ្ងៃ​ទី​១៦ ​ខែតុលាថា ពួក​គេ​ចង់​ឱ្យ​មាន​ស្ពាន​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ឆ្លង​ចេញពីកោះ​ឆ្ពោះ​ទៅ​សាលារៀន ដែល​អាច​បញ្ចៀសគ្រោះថ្នាក់​បែប​នេះ​ម្តង​ទៀត​។ កុមារ​ខ្លះ និយាយទៀត​ថា ​ម្តាយ​ពួកគេ​ឱ្យ​ផ្អាក​ទៅ​រៀន​មួយ​រយៈ រង់ចាំ​ដល់​ពេល​ទឹក​ស្រក។ ចំណែក​កុមារ​ខ្លះ ​លើក​ឡើង​ថាឪពុក​ម្តាយពួក​គេ ​នឹង​ជូន​ទៅ​រៀន​ ដោយ​លែង​ឱ្យ​ធ្វើ​ដំណើរ​តាម​ទូក​ចម្លងដូច​មុនទៀត​ហើយ​។

​វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អភិ​បាល​ខេត្ត​កណ្តាល ​លោក​ គង់ សោ​ភ័ណ្ឌ ​បាន​ទេ​នៅ​ថ្ងៃចន្ទ​នេះ​ ដោយលោក​ប្រាប់​តាម​ទូរសព្ទ​ថា​ជាប់​រវល់​។​

យ៉ាង​ណាក៏ដោយ​ ក្រោយហេតុការណ៍​លិច​ទូក​ដ​នោះ​ នគរបាលក្នុង​ខេត្ត​កណ្តាល​បាន​ឃាត់​ខ្លួន​ម្ចាស់​ទូក​ និងអ្នកធ្វើ​ការ​នៅទូក​ពីរនាក់ ក្នុងនោះមានក្មេង​អាយុ ១៥​ឆ្នាំ​ម្នាក់​ដើម្បី​សាក​សួរ។ ក៏​ប៉ុន្តែ​ អ្នកទាំងបី​ត្រូវ​បាន​ព្រះរាជអាជ្ញា​តុលាការ​ខេត្តកណ្តាល​អនុញ្ញាត​ឱ្យ​ត្រឡប់ទៅផ្ទះ ដោយ​ទុក​ពេល​ឱ្យ​នគរបាល​យុត្តិធម៌​កសាង​សំណុំរឿង។ នេះ​បើ​យោង​តាម​ព្រះ​រាជ​អាជ្ញា​រង​លោក ឯក ស៊ុនរស្មី។​

លោក ឡេង ​ពៅ ​អាយុ​ ៣៨​ឆ្នាំ​ ជា​កូន​ប្រសា​របស់​អ្នក​ស្រី ឆឹង ស្រីនាង ​អាយុ​៦៣​ឆ្នាំ ​ជា​ម្ចាស់​ទូក​ដ ដែល​ទូក​ដ​នេះ​មាន​ចំណែក​របស់អ្នកស្រី ឆឹង វណ្ណា ដែល​ត្រូវ​ជាប្អូន​ស្រីបង្កើតរបស់​អ្នក​ស្រី ​ស្រី​នាង​។

ទូកដ​ឈើ​ដែល​ក្រឡាប់​លិច​ក្នុង​ស្រុក​លើកដែក​កាលពី​ថ្ងៃទី១៣ ខែតុលា ដែល​បណ្តាល​ឱ្យ​សិស្ស​សាលា​ជាង១០​នាក់​បាត់បង់​ជីវិត ត្រូវបាន​ស្រង់ឡើង​នៅ​កំពង់ចម្លង​កោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ថត​នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

លោកបាន​ប្រាប់​វីអូអេ​នៅ​រសៀសថ្ងៃ​ចន្ទ​នេះ​ថា មនុស្ស​ ៣​នាក់​ដែល​អាជ្ញាធរ​បាន​នាំ​ខ្លួន​ទៅ​សួរ​នាំ គឺ​ស្នងកា​រ​នគរបាល​ខេត្ត​កណ្តាល ​បាន​ឱ្យ​ធ្វើ​កិច្ច​សន្យា​ត្រឡប់​មក​ផ្ទះ​វិញនៅថ្ងៃ​ចន្ទនេះ​។ ​ប៉ុន្តែ​លោកមិន​ទាន់​ដឹង​ច្បាស់​ថា​មា​ន​ ការ​កសាង​សំណុំ​រឿងនេះ​ដើម្បី​បញ្ជូន​ទៅតុលាការ​បន្ត​ទៀត ឬ​យ៉ាង​ណា​នោះ​ទេ​។ ហើយ​លោក​ក៏​ស្នើ​សុំ​តុលាការ​មិន​ឱ្យ​មានការ​ចោទប្រកាន់​អ្នក​ទាំង ​៣​នាក់ បន្ត​ទៀត​។

លោក​បញ្ជាក់​ថា​៖​ «ឥឡូវ​ម្តាយ​ខ្ញុំ​គេ​បាន​លែង​មក​វិញ​ហើយ​ ដោះ​លែង​មកវិញ​ហើយ​ជា​មួយ​មីង​ខ្ញុំ​។ សូម​ជម្រា​បបងប្អូនប្រជាពលរដ្ឋ​នៅកោះចំរើន​ គេក៏មិនជា​ យក​ទោស​អូស​ដំណើរ​គាត់​ដែរ​ ព្រោះអីគាត់ជាអ្នកចិត្ត​ល្អ​នៅ​កោះចំរើន​ ហើយ​គេ​ក៏ទទួលស្គាល់​មួយ​ភូមិ​ ថា​គាត់​ហ្នឹង​ គ្រួសារ​ចិត្ត​ល្អ ពេលខ្លះអាច​ឱ្យលុយចម្លង​ទូកក៏​បាន មិន​ឱ្យ​ក៏​គាត់​មិន​ថា​អី​ ហើយ​ជាពិសេស​គ្រួសារ​សព​ ១១​គ្រួសារ​ គេ​មិន​យក​ទោស​អូស​ដំណើរ​ព្រោះវា​ជា​ឧប្បត្តិ​ហេតុ​ ដោ​យ​យើង​មើល​អត់​ឃើញ»។

បើ​តាម​ការ​អះអាង​របស់​កូនប្រសាររបស់អ្នក​ស្រី ឆឹង ស្រីនាង ​ការ​រត់​ទូក​ដ​នេះ គឺមាន​តែ​ក្នុងពេល​ទឹក​ឡើង​តែ​ប៉ុណ្ណោះ​ ពោល​គឺចាប់​ពីខែ​កក្កដា​ ទៅ​ដល់​ខែ​មករា ជាអំឡុង​ពេល​ទឹក​ឡើង​ និងទឹកស្រក​ទៅវិញ​ ហើយ​ជារៀងរាល់​ឆ្នាំ​ គឺក្នុងរយៈពេល ​១០ឆ្នាំចុង​ក្រោយ​នេះ​ ក៏មិន​ដែលមាន​គ្រោះ​ថ្នាក់​ណាមួយ​កើ​ត​ឡើង​នោះ​ឡើយ​។ ​

អ្នក​នាំ​ពាក្យ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ លោក ​ស៊ឹង សែនករុណា ចូល​រួម​សោក​ស្តាយ​ជាមួយ​ក្រុម​គ្រួសារ​ដែល​មានសមា​ជិ​ក​បាត់​បង់​ជីវិត​នេះ​។ លោកថា​នេះ​ជា​បទពិសោធន៍​មួយ​ សម្រាប់​ពិចារណា ​និងបង្កើន​ការ​ប្រុងប្រយ័ត្ន ព្រម​ទាំងត្រូវ​ការ​ការពារកុមារ​ឱ្យ​បាន​ខ្ពស់​ ដើម្បីឱ្យ​ពួកគេ​ទទួល​បាន​ការ​អប់រំមួយ​ដោយ​សុវត្ថិ​ភាព។

លោកបន្ថែមថា រូប​ភាពប៉ះពាល់​ដល់​កុមារ​បែប​នេះ​ ក៏​ជាបញ្ហាជិះឥទ្ធិ​ពល​ដល់​កុមារកម្ពុជាពីសំណាក់​សហគមន៍អន្តរជាតិ​ផង​ដែរ។​ ដូច្នេះ​កម្ពុជា ដែល​ជា​ភាគី​ផ្តល់​សច្ចា​ប័ន​ស្តីពី​ការ​ការពារ​សិទ្ធិកុមារ​ ​ត្រូវ​តែយកចិត្ត​ទុកដាក់ ពង្រឹង​យន្ត​ការការ​ពារ​កុមារ ដែល​ស្តែង​តាម​សកម្មភាព​របស់​អាជ្ញាធរ​មូលដ្ឋាន​ និង​រដ្ឋាភិបាល​។ ​

លោក​ថ្លែង​ថា៖ ​«ដូច្នេះ​ហើយអាជ្ញាធរ​រួម​ទាំង​រដ្ឋា​ភិបាល​ត្រូវ​ពិនិត្យ​មើល​ឡើងវិញ​ ទាំង​នៅមូល​ដ្ឋាន​របស់​ខ្លួន​ ទាំង​នៅថ្នាក់ជាតិ​ ថាតើ​យន្តការ​នៃការ​ ការពារ​ និង​ការ​បង្កាទប់ស្កាត់​អ្វីខ្លះដែល​គួរ​ត្រូវ​ធ្វើ​ ដើម្បី​យ៉ាង​ណា​ការ​ពារ​នឹង​ទប់ស្កាត់​កុំ​ឱ្យមាន​ គ្រោះ​មហន្ត​រាយ ឬក៏​គ្រោះថ្នាក់ផ្សេង​ៗ​ទៀត ដែលអាច​នឹង​កើត​មាន​ឡើង​លើកុមារ​កម្ពុជា​បន្ត​ទៀត​»។ ​

លោក នៅ ទូច មេឃុំ​កំពង់ភ្នំ ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​នៅក្នុង​ទីធ្លា​វត្ត​កំពង់ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល កាលពី​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

ចំណែក​ មេឃុំ​កំពង់​ភ្នំ ​លោក នៅ ទូច មាន​ការ​សោក​ស្តាយ​ផង​ដែរចំពោះការ​បាត់​បង់​អាយុ​ជីវិត​ក្មេង​ៗ​បែប​នេះ​ ដែល​លោក​ថា​ពួកគេ​សុទ្ធ​សឹង​តែ​ជា​កុមារ​ដែល​រៀន​ពូកែនៅ​ក្នុង​ភូមិ​។ លោក​បន្ថែម​ថា​ គម្រោង​សាង​ស្ពាន​គឺ​អាជ្ញាធរ ​បាន​គ្រោង​នឹង​សាង​សង់នៅ​ឆ្នាំ​នេះ ប៉ុន្តែ​បែរ​ជា​ជួប​គ្រោះ​បែប​នេះមុនទៅ​វិញ​។

​លោក​ប្រាប់​វីអូអេថា៖ «​គណៈ​អភិ​បាល​ខេត្ត​ ឯក​ឧត្តម គង់ សោភ័ណ្ឌ ក៏​បាន​ជម្រាប​បង​ប្អូន​ដែល[មាន​សាច់​ញាតិ​]ស្លាប់​ហ្នឹង​ [ថា]​មិន​មែន​ថា​ ស្ពាន​មិន​ធ្វើ​ទេ គឺ​ត្រូវ​ធ្វើ​ឆ្នាំ​ហ្នឹង​ ក៏​ប៉ុន្តែ​ធ្វើ​ម៉េច​បង​ប្អូន​បាន​ស្លាប់​ទៅ​ហើយ ​មិន​មែន​បាន​ន័យ​ថា​មាន​គ្រោះ​ហើយ​បា​ន​ធ្វើ​ទេ​។ ​អ៊ីចឹង​ស្ពាន​ហ្នឹង​គម្រោង​សិក្សា​ធ្វើ​ ​ដោយ​ក្នុង​នា​មខ្ញុំ​ជា​មេឃុំ​ បា​នថ​វិកា​វិភាគ​[​ទាន​]​របស់​រាជរដ្ឋាភិបាល​ ក៏​បាន​ដាក់​គម្រោង​ជា​ប្រចាំទាំង​ថ្នាក់​ស្រុក ទាំង​ថ្នាក់​ខេត្ត ទាំង​ថ្នាក់​ជាតិ​ គឺ​យើង​ដាក់​រាល់ឆ្នាំ​នៃការ​សំណើរ​ដើម្បី​ឱ្យបាន​ស្ពាន។ អ៊ីចឹង​ស្ពាន​នឹង​បាន​នៅ​ពេល​ខ្លី​ខាង​មុខ​ហ្នឹង ដែល​ថ្នាក់​ដឹក​នាំ​ត្រូវ​តែ​គិត​អំពី​ហានិ​ភ័​យ​ដែល​កើត​ឡើង​ មិន​ឱ្យ​កើត​ឡើង​ទៀត​»។

​បើ​តាម​លោក​មេឃុំ ​នៅ ទូច នៅ​លើ​កោះ​ចម្រើន គឺ​មាន​តែ​មួយ​ភូមិប៉ុណ្ណោះ​ គឺ​ភូមិកោះ​ចម្រើននេះ​ ដែល​ជាជម្រក​របស់​ពលរដ្ឋចំនួន​៥២៩​គ្រួសារ​ ដែល​ស្មើនឹង​ចំនួន​ប្រជា​ជន​រស់​នៅ​ស​រុប​១០​៩០​នាក់ ហើយពលរដ្ឋ​ភាគច្រើន​ដែល​រស់​នៅ​លើ​កោះនោះ​ ពឹង​អាស្រ័យ​លើ​របរ​កសិកម្ម៕​