ក្រុម​អ្នក​ជំនួយ​ពេទ្យ​ដែល​ហៅ​មក​ព្យាបាល​លោក Floyd និយាយ​ថា ពួកគេ​រក​ជីពចរ​លោក Floyd មិន​ឃើញ​ទេ

រូបគំនូរ​បង្ហាញ​អំពី​អតីត​មន្ត្រី​ប៉ូលីស​ក្រុង Minneapolis លោក Derek Chauvin អង្គុយ​នៅមុខ​រូប​របស់ George Floyd ដែល​ត្រូវ​បាន​បង្ហាញ​អំឡុងពេល​សវនាការ​កាត់​ក្ដី​លោក​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​លោក George Floyd។

ក្រុម​អ្នក​ជំនួយ​ពេទ្យ​ដែលគេ​ហៅ​មក​ព្យាបាល​លោក George Floyd បន្ទាប់ពី​មន្ត្រី​ប៉ូលិស​ម្នាក់​បាន​យក​ជង្គង់​សង្កត់​ក​លោក​អស់រយៈពេល​ជាង​៩នាទី​កាលពី​ឆ្នាំទៅ​បាន​ផ្តល់​សក្ខីកម្ម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ពួកគេ​គិត​ថា លោក​បានស្លាប់​បាត់​ទៅហើយ​នៅពេល​ពួកគេ​ទៅ​ដល់។

លោក Derek Smith អ្នកជំនួយពេទ្យ​ម្នាក់​ដែល​បាន​ផ្តល់​សក្ខីកម្ម​នៅ​ក្នុង​បន្ទប់​តុលាការ​ក្រុង Minneapolis កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយ​ថា នៅពេល​ដែល​លោក​បាន​ទៅដល់​កន្លែង​កើតហេតុ​ លោក​មិន​បានរក​ឃើញ​ថា​លោក Floyd នៅមាន​ជីពចរ​ទេ។ លោក Smith ថា «ខ្ញុំ​គិត​ថា លោក Floyd បាន​ស្លាប់​បាត់​ហើយ»។

លោក Seth Bravinder ដែល​ជាអ្នក​ជំនួយ​ពេទ្យ​ទី២ បាន​ប្រាប់​គណៈវិនិច្ឆ័យ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា មន្ត្រី​ប៉ូលិសលោក Derek Chauvin កំពុង​តែ​សង្កត់​ក​លោក Floyd នៅពេល​ដែល​ពួកគេ​បាន​ទៅដល់។

លោក Chauvin បាន​សង្កត់​ក​លោក Floyd អស់​៩នាទី​ និង២៩​វិនាទី ខណៈ​ដែល​លោក Floyd បាន​ស្រែក​ម្តង​ហើយ​ម្តង​ទៀត​ថា លោក​មិន​អាច​ដក​ដង្ហើម​ ដែលជា​ការ​បណ្តាល​ឲ្យ​មាន​ការធ្វើ​បាតុកម្ម​នៅ​ទូទាំង​ប្រទេស​និង​ទូទាំង​ពិភពលោក​ដើម្បី​គាំទ្រ​ជីវិត​ជន​ស្បែក​ខ្មៅ​និង​ដើម្បី​ប្រឆាំង​ប្រព័ន្ធ​របស់​ប៉ូលិស។

លោក Chauvin ដែល​ជា​ជន​ស្បែកស ត្រូវ​បាន​ក្រសួង​ប៉ូលិស​របស់​ក្រុង​បណ្តេញ​ពី​ការងារ​មួយ​ថ្ងៃ​បន្ទាប់ពី​លោក Floyd ដែល​ជា​ជនជាតិ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​បាន​ស្លាប់​នៅ​ក្រោម​សមត្ថកិច្ច​ប៉ូលិស៕