កិច្ចពិភាក្សានានានៅប៉ុន្មានសប្តាហ៍ចុងក្រោយ រៀបចំដោយអង្គការមួយចំនួនក្នុងរដ្ឋធានីវ៉ាស៊ីនតោន កើតឡើងនៅទីកន្លែងនិងពេលវេលាខុសៗគ្នាជាបន្តបន្ទាប់នោះ រាប់ទាំងអង្គការតាក់តែងគោលនយោបាយ Carnegie Endowment for International Peace អង្គការតាក់តែងគោលនយោបាយ Stimson Center ហើយនឹងការពិភាក្សានៅក្នុងសាកលវិទ្យាល័យ George Washington University។
កិច្ចពិភាក្សាតាមអនឡាញទាំងនេះ បានផ្តោតជាសំខាន់ទៅលើគោលនយោបាយអាមេរិកថ្មី ដែលអាចមានការប្រជែងអំណាចថ្មីក្នុងតំបន់អាស៊ីដែលជាតំបន់មានកំណើនឥទ្ធិពលចិនយ៉ាងខ្លាំងទាំងនយោបាយ សេដ្ឋកិច្ច សន្តិសុខ ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការជាច្រើន នៅពេលរដ្ឋបាលលោកប្រធានាធិបតី Donald Trump ត្រូវចប់អាណត្តិនៅខែមករាខាងមុខ ហើយរដ្ឋបាលថ្មីរបស់លោក Joe Biden នឹងចូលមកជំនួស ហើយនឹងរៀបចំគោលនយោបាយថ្មីនោះ។
លោកស្រី Chan Heng Chee ឯកអគ្គរដ្ឋទូតគោចរនៃក្រសួងការបរទេសសិង្ហបុរី បានថ្លែងថា ប្រទេសក្នុងតំបន់មិនចង់មានការកំណត់ឲ្យជ្រើសរើសមហាអំណាចណាមួយរវាងសហរដ្ឋអាមេរិកនិងចិនទេ តែចង់បានកិច្ចសហប្រតិបត្តិការជាមួយមហាអំណាចទាំងពីរ។
«ហើយខ្ញុំអាចនិយាយថាសហរដ្ឋអាមេរិកនិយាយ ហើយពលរដ្ឋសើច។ អ្នកដឹងទេក្នុងតំបន់និយាយថា ពួកគេមិនចង់ជ្រើសរើសមួយចោលមួយទេ។ កុំឲ្យយើងជ្រើសរើស។រឿងនេះវាសឹងតែក្លាយទៅជារឿងកំប្លែង តែវាជាការណ៍ពិត។ ហើយមិនមែនតែតំបន់ អាស៊ី ឬ អាស៊ានទេ សូម្បីតែសហភាពអឺរ៉ុប ក៏គេមិនចង់ជ្រើសរើសមួយចោលមួយដែរ»។
ក្រៅពីស្តីបន្តោសថារដ្ឋបាលលោក Trump មិនបានដោះស្រាយបញ្ហាកូវីដ១៩ ក្នុងឋានៈជាប្រទេសមានវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជាខ្ពស់នោះ លោកស្រីក៏បានយោងទៅលើការវាយតម្លៃខុសពីការបែកបាក់ក្នុងតំបន់ដែលថា ពួក គេខ្លះជ្រើសរើសចិនខ្លះត្រូវជ្រើសរើសសហរដ្ឋអាមរិក ដែលជាប៉ូលមហាអំណាចទាំងពីរ តែលោកស្រីថា ប្រទេសក្នុងតំបន់មានការរួមគ្នានិងចងក្រងគ្នាជាក្រុមតែប៉ុណ្ណោះ។
«តែពួកគេទាំងអស់ (ប្រទេសក្នុងតំបន់) មានបំណងដូចគ្នា។ ពួកគេចង់ក្លាយជាមិត្តរបស់មហាអំណាចទាំងពីរ ពីព្រោះមហាអំណាចទាំងពីរមានកម្លាំង ហើយគេមើលឃើញថា ការភ្ជាប់ទំនាក់ទំនងឡើងវិញ គឺជារឿងសំខាន់»។
លោកស្រីបានពន្យល់ថា ប្រទេសក្នុងតំបន់មានទំនាក់ទំនងផ្សេងៗគ្នាជាមួយមហាអំណាចទាំងពីរ។ ពួកគេខ្លះជ្រើសរើសការធ្វើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកលើបញ្ហាសន្តិសុខ ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយគ្នាដោយទុកចិត្ត ហើយប្រទេសខ្លះទៀតជ្រើសរើសចិនលើបញ្ហាសេដ្ឋកិច្ច។
ចំពោះបញ្ហានយោបាយផ្ទៃក្នុងសហរដ្ឋអាមេរិកដែលកំពុងមានការបែកបាក់ធ្ងន់ធ្ងរ លោកស្រីក៏បានពោលបន្ថែមថា តំបន់អាស៊ីមានការផ្លាស់ប្តូរ ហើយសហរដ្ឋអាមេរិកក៏មានការផ្លាស់ប្តូរដែរ ហើយបែកបាក់ទៀត។
«សហរដ្ឋអាមេរិកមានការបែកបាក់ ដូច្នេះហើយថា តើសហរដ្ឋអាមេរិកដំណើរការទៅដោយរបៀបណា។ មានកិច្ចការល្អៗជាច្រើនដែលសហរដ្ឋអាមេរិកបានផ្តល់ជូនតំបន់នេះ ដូចជាភាពជាអ្នកដឹកនាំក្នុងវិស័យខ្លះ តែតើសហរដ្ឋអាមេរិក នឹងធ្វើកិច្ចការជាអន្តរជាតិយ៉ាងម៉េច? នេះជាអ្វីដែលស្ថិតក្នុងគំនិតរបស់យើង»។
លោកស្រីបានបញ្ជាក់ន្ថែមថា ទោះបីជាសហរដ្ឋអាមេរិកដែលជាមហាអំណាចធំ មិនសប្បាយចិត្តនឹងកិច្ចសហប្រតិបត្តិការទៅតាមវិស័យ ជាជាងការជ្រើសរើសក្តី តែសហរដ្ឋអាមេរិកត្រូវតែទទួលស្គាល់ពីការចង់បានរបស់ប្រទេសក្នុងតំបន់។ ក្នុងការថ្លែងដែលទំនងជានិយាយអំពីរដ្ឋបាលថ្មីរបស់លោក Biden លោកស្រីបាននិយាយសង្កត់ធ្ងន់ថា គេត្រូវមករៀនហើយស្តាប់ប្រទេសក្នុងតំបន់ ហើយមិនត្រូវបង្ខំឲ្យគេជ្រើសរើសនោះទេ។
សហរដ្ឋអាមេរិកក្នុងរដ្ឋបាលលោក Joe Biden គេនៅមិនដឹងច្បាស់ថា នឹងមានគោលនយោបាយឬវិធីយ៉ាងណាក្នុងការធ្វើទំនាក់ទំនងឡើងវិញផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាពិសេសកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) ដែលលោក Trump បានដកស.រ.អា.ចេញកាលពីឆ្នាំ២០១៧ ដោយយល់ថា មិនផ្តល់ផលប្រយោជន៍ដល់សហរដ្ឋអាមេរិក ហើយបែរមកធ្វើទំនាក់ទំនងទ្វេភាគី ដោយទុកចោលគម្រោងការរបស់លោក Barack Obama ដែលខិតខំប្រឹងប្រែងចរចាជាមួយបណ្តាប្រទេសជាច្រើនក្នុងតំបន់នេះ ហើយធ្វើឲ្យប្រទេសក្នុងតំបន់ជាច្រើនខកចិត្ត។ ដូចគ្នានេះដែរ ចំពោះកិច្ចព្រមព្រៀង RCEP គេក៏មិនដឹងថា សហរដ្ឋអាមរិកនឹងពិចារណាយ៉ាងណា ឬបានសម្រេចយ៉ាងណាដែរ។ កិច្ចព្រមព្រៀងRCEP ដែលមានន័យថា ដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ដែលមានពលរដ្ឋជាង២ពាន់១លាននាក់ ក្នុងប្រទេសចំនួន១៥ នោះ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១២។ ប្រទេសទាំងនោះ មានសមាគមអាស៊ានចំនួន១០ប្រទេស រួមទាំងកម្ពុជាដែលជាសមាជិកផង ហើយនឹងប្រទេសចំនួន៥ទៀត ដែលមានចិន កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី និងនូវែលហ្សេឡង់។ ប្រទេសឥណ្ឌា បានដកខ្លួនចេញដោយសារបារម្ភថា តម្លៃថោកនៃផលិតផលកសិកម្មចិននឹងធ្វើឲ្យខូចប្រយោជន៍ផលិតផលក្នុងស្រុករបស់ខ្លួន ជាពិសេសលើវិស័យកសិកម្មនិងឧស្សាហកម្ម។
សហរដ្ឋអាមេរិកក្រោមរដ្ឋបាលលោក អូបាម៉ា បានក្លាយជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយជាមួយប្រទេសនានាក្នុងតំបន់អាស៊ានទាំង១០ ដែលមានពលរដ្ឋជាង៦៥០លាននាក់។តំបន់នេះមានការនាំចេញចូលទំនិញមកកាន់ទីផ្សារអាមេរិកធំជាងគេលំដាប់ទី៤ក្នុងពិភពលោក ដែលមានទឹកប្រាក់ដល់ទៅ២៧០ពាន់លានកាលពីឆ្នាំកន្លងទៅ។
លោក Michael Froman អតីតអ្នកតំណាងនិងទីប្រឹក្សាពាណិជ្ជកម្មរបស់លោកអតីតប្រធានាធិបតី Barack Obama បានថ្លែងថា សហរដ្ឋអាមេរិកទំនងជាមានវិធីផ្សេងដើម្បីចូលរួមជាមួយតំបន់អាស៊ីឡើងវិញទាក់ទងនឹងសេដ្ឋកិច្ច និងភាពជាអ្នកដឹកនាំ តែលោកមិនប្រាកដថា តើស.រ.អា. នឹងចូលក្នុងកិច្ចព្រមព្រៀង TPP ដ៏សំខាន់ និងកិច្ចព្រមព្រៀង RCEP ដែលទំនងជាមិនមែនជាមហិច្ឆតារបស់រដ្ឋបាលលោក Biden នោះទេ។
«វានៅតែជាបំណងដ៏ធំរបស់សហរដ្ឋអាមរិកក្នុងការភ្ជាប់ទំនាក់ទំនងនិងបង្ហាញពីភាពជាអ្នកដឹកនាំ។ ហើយពេលចិនកាន់តែបង្ហាញឥទ្ធិពលខ្លាំងឡើងនោះ ការផ្តោតទៅខាងក្រៅកាន់តែខ្លាំង និងតម្លៃពិតនិងគោលការណ៍ជាក់លាក់ កាន់តែបង្ហាញច្បាស់ឡើង។ ហើយជម្រើសទាំងសេដ្ឋកិច្ច ការទូត ក៏ដូចជាសន្តិសុខ គឺជាអ្វីដែលប្រទេសក្នុងតំបន់ចង់ឲ្យសហរដ្ឋអាមេរិកមានវត្តមានក្នុងតំបន់ ដោយមិនចាំបាច់ថា ទៅទប់ទល់ទេ តែគ្រាន់តែរក្សាតុល្យភាព»។
លោកបានបន្ថែមថា វាជារឿងពិបាកក្នុងការនាំយកកិច្ចព្រមព្រៀងពាណិជ្ជកម្មស្នើឲ្យសភាអនុម័តក្នុងពេលដែលសហរដ្ឋអាមេរិកមិនទាន់មានដំណោះស្រាយនយោបាយតែលោកថា មានវិស័យមួយចំនួនដែលសហរដ្ឋអាមេរិកអាចធ្វើទំនាក់ទំនងបាន ដូចជាទំនាក់ទំនងសេដ្ឋកិច្ច ព័ត៌មានពីទិន្នន័យ ពាណិជ្ជកម្ម បរិស្ថាន ទំនិញ ការធានាសុខភាព ការចាត់ចែងវ៉ាក់សាំងកូវីដ១៩ ដោយវិធីត្រឹមត្រូវ ដែលរឿងនេះអាចឲ្យប្រទេសជាច្រើនចូលរួមសហការ។
«តែមានវិស័យខ្លះដែលសហរដ្ឋអាមេរិកទំនងជាត្រូវធ្វើទំនាក់ទំនងហើយជារឿងសំខាន់ មិនមែនទៅប្រឈមមុខជាមួយចិនតាមរបៀបផ្សេង ថែមទាំងប្រឈមជាមួយអឺរ៉ុបនិងប្រទេសដទៃទៀតផងដែរនោះទេ តែត្រូវចាប់ផ្តើមធ្វើការរួមគ្នាក្នុងការបង្កើតបញ្ញតិច្បាប់កំណត់ទិសដៅសម្រាប់ជំនាន់ក្រោយ។ ខ្ញុំគិតថាវាជាសក្តានុពលដ៏ធំមហិមាសម្រាប់យើង (សហរដ្ឋអាមរិក) ដើម្បីប្រើប្រាស់ឱកាសនេះដើម្បីធ្វើដូច្នេះ»។
លោក Shivshankar Menon សាស្ត្រាចារ្យនៅសកលវិទ្យាល័យ Ashoka និងធ្លាប់ជាទីប្រឹក្សាសន្តិសុខឥណ្ឌា បានថ្លែងថា តុល្យភាពអំណាចក្នុងតំបន់មានការផ្លាស់ប្តូរដែលនាំឲ្យតំបន់នេះមានការផ្លាស់ប្តូរ។
«ប្រសិនបើគេមើលពីការឆ្លើយតបទៅនឹងអ្វីដែលបានកើតឡើងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ឬឥណ្ឌូប៉ាស៊ីហ្វិក ពីមូលហេតុដែលប្រទេសជាច្រើនត្រូវបង្កើនសន្តិសុខផ្នែកការពារជាតិ និង កិច្ចសហប្រតិ្តបត្តិការផ្នែកព័ត៌មានសម្ងាត់ ដូចជាជប៉ុន អូស្ត្រាលី វៀតណាម ឥណ្ឌូនេស៊ី សិង្ហបុរី ហើយនឹងប្រទេសដទៃទៀតនោះគឺ ពីព្រោះគេមើលឃើញតុល្យភាព (អំណាច) ហើយពេលនេះគេគិត ថាគេមើលឃើញថាគេមានស្ថាប័ន និងសមត្ថភាពជាច្រើន ហើយអាចផ្តល់សន្តិសុខជាងពេលសហរដ្ឋអាមេរិកជាអ្នកផ្តល់សន្តិសុខដល់តំបន់»។
លោកថ្លែងយ៉ាងដូច្នេះដោយយោងថា ប្រទេសក្នុងតំបន់នឹងសម្រេចចិត្តធ្វើកិច្ចការនៅពេលខាងមុខទៅតាមកម្រិតអំណាច វិធីផ្សេង និងបង្កើតដៃគូលើវិស័យផ្សេងៗ។ លោកថ្លែងដូច្នេះដោយលើកយកឧទាហរណ៍មកបញ្ជាក់ថា ទោះបីជាសហរដ្ឋអាមេរិក និង ចិនចង់បញ្ចប់កម្មវិធីនុយក្លេអ៊ែកូរ៉េខាងជើង នោះជារឿងមិនអាចដំណើរការបានទេ ដោយសារតែកូរ៉េខាងជើងគិតពីផលប្រយោជន៍ខ្លួនគេ ដូចដំណោះស្រាយព្រំដែនចិននិងឥណ្ឌាដែរ។
លោក David Shambaugh ជាអ្នកនិពន្ធសៀវភៅ «កន្លែងដែលមហាអំណាចជួបគ្នា៖ អាមេរិកនិងចិន នៅតំបន់អាស៊ីអាគ្នេយ៍» ឬ «Where Great Power Meet: America and China in South East Asia» បានថ្លែងថា យើងនឹងអាចដឹង អំពីគោលនយោបាយរបស់លោក Biden នៅក្នុងខែមករាក្រោយពេលលោកចូលកាន់មុខតំណែង។
«យើងត្រូវមើលថាតើរដ្ឋបាលលោក Biden នឹងចូលរួមឡើងវិញក្នុងកិច្ចព្រមព្រៀង TPP ឬទេ ហើយការយល់ឃើញរបស់ខ្ញុំគឺថាគេបើកចំហចំពោះសហរដ្ឋអាមេរិក ហើយនឹងធ្វើបច្ចុប្បន្នភាពចំពោះកិច្ចព្រមព្រៀងនេះ គឺកិច្ចព្រមព្រៀង TPP ហើយសហរដ្ឋអាមេរិកគួរតែចូលរួមក្នុងកិច្ចព្រមព្រៀង RCEP ដែរតែយើងត្រូវតែរង់ចាំមើលរហូតដល់ខែមករា ឬពេលបន្ទាប់ទៀតដើម្បីដឹងពីរឿងនេះ»។
ទោះជាយ៉ាងណាលោក David Shambaughមិនបានយល់ស្របទៅនឹងគំនិតដែលថា ចិនដើរតួសំខាន់ជាងគេ ហើយអាចទាក់ទាញចិត្តបណ្តាប្រទេសក្នុងតំបន់បានទាំងមូលលើសសហរដ្ឋអាមេរិកទេ។
«ខ្ញុំមិនបានឃើញរឿងបែបនោះទេ ពេលខ្ញុំធ្វើដំណើរទៅកាន់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ ខ្ញុំមិនបានឃើញប្រទេសណាមួយសោះអាចនិយាយថាសូម្បីប្រទេសកម្ពុ ជាដែលចង់ចូលរួមជាមួយរដ្ឋាភិបាលចិន ខ្ញុំក៏បានឃើញថា វាជារឿងផ្ទុយស្រឡះដែរ។ ខ្ញុំឃើញថា មានការមិនសប្បាយចិត្តខ្លាំង និង អារម្មណ៍ច្របូកច្របល់រីករាលដាលខ្លាំង ហើយនឹងមានការសង្ស័យចំពោះចិននៅគ្រប់កន្លែង»។
លោកបានបន្ថែមដោយគ្មានជំនឿថា៖
«ប្រទេសទាំងអស់ក្នុងតំបន់មានអារម្មណ៍ច្របូកច្របល់ជាមួយចិន។ខ្ញុំមិនឃើញប្រទេសណាមួយទទួលយកចិនទេ គឺគ្រាន់តែទាញផលប្រយោជន៍ពីទំនាក់ទំនងរបស់គេជាមួយប្រទេសចិនតែប៉ុណ្ណោះ»។
លោកបានបន្តថាបើគេមើលពីអំណាចនិងឥទ្ធិពលរបស់ចិននៅក្នុងតំបន់គេឃើញថាចិនមានចំណុចខ្លាំងខ្លះដូចជាសេដ្ឋកិច្ច តែមានភាពខ្សោយនៅផ្នែកខ្លះ ដែលមិនអាចធៀបនឹងសហរដ្ឋអាមេរិកបាន ដូចជាសន្តិសុខ ការទូត រួមទាំងល្បិចទាញយកផលប្រយោជន៍ដ៏ប៉ិនប្រសប់នោះ។
ដូចគ្នានេះដែរលោក Sebastian Strangio ដែលជាអ្នកកាសែតជើងចាស់ដែលបំពេញកិច្ចការនិងមានបទពិសោធន៍ច្រើនក្នុងតំបន់អាស៊ីជាច្រើនឆ្នាំ ហើយជាអ្នកនិពន្ធសៀវភៅ «Hun Sen's Cambodia» ឬសៀវភៅ «កម្ពុជាជារបស់ហ៊ុន សែន» និងសៀវភៅថ្មីមួយទៀតឈ្មោះថា«In the Dragon's Shadow» ឬ «នៅក្រោមស្រមោលនាគ» ដែលនិយាយពីអំណាចចិនក្នុងតំបន់ បានថ្លែងថាប្រទេសជាច្រើនក្នុងតំបន់ប្រើប្រាស់ចិនតាមវិធីផ្សេងៗគ្នា រាប់ទាំងការទទួលបានលុយដោយងាយស្រួល ការយកចិនធ្វើជាតុល្យភាពអំណាចក្នុងទំនាក់ទំនងជាមួយអន្តរជាតិ រួមទាំងជាមួយសហរដ្ឋផងដែរ។
«ប្រទេសខ្លះបានជ្រើសរើសយកចិនដើម្បីគាំទ្រ ហើយខ្លះទៀតទាញយកផលប្រយោជន៍ពីការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងពេលខ្លះទៀតប្រើប្រាស់ចិនជាខែលការពារប្រឆាំងនឹងការរិះគន់និងការដាក់សម្ពាធពីបស្ចឹមប្រទេស»។
លោកថាតំបន់អាស៊ីមិនចង់ឲ្យចិនត្រួតត្រា ហើយក៏មិនចង់ឲ្យអាមេរិកត្រួតត្រាខ្លួនដែរ ទោះជាប្រទេសទាំងនោះមានទំនាក់ទំនងល្អជាមួយចិនក្តី។ ចិននិងអាមេរិកមើលច្រឡំអំពីរឿងនេះ។
«គ្រប់ប្រទេសទាំងនេះ មានប្រវត្តិសាស្ត្ររៀងៗខ្លួនមានដំណើររឿងជាប្រវត្តិសាស្ត្ររបស់គេ មានតម្លៃជាតិរបស់គេ ហើយគេស្ទាក់ស្ទើរមិនចង់ស្ថិតក្រោមការត្រួតត្រារបស់ប្រទេសមានអំណាចទេ»។
រដ្ឋបាលលោក Biden ដែលកំពុងតែងតាំងគណៈរដ្ឋមន្ត្រីរបស់លោកដើម្បីបំពេញកិច្ចការនាពេលអនាគត បន្ទាប់ពីការចូលកាន់មុខតំណែងជាផ្លូវការនៅខែមករា ឆ្នាំ២០២១ នឹងមានបញ្ហាជាច្រើនត្រូវបំពេញនិងប្រឈម ដោះស្រាយ ដោយរាប់ទាំងរឿងគោលនយោបាយក្នុងប្រទេស ក្រៅប្រទេស បញ្ហាកូវីដ១៩ បញ្ហាវ៉ាក់សាំង សុខុមាលភាព បញ្ហាការងារធ្វើ បញ្ហានយោបាយក្នុងប្រទេស សន្តិសុខក្នុងនិងក្រៅប្រទេស បញ្ហាពាណិជ្ជកម្ម ការបរទេស បញ្ហាយោធា របស់សហរដ្ឋអាមេរិក ដែលជាប្រទេសមហាអំណាចពិភពលោកកំពូលនោះ៕